
ស្ត្រី២នាក់ត្រូវនគរបាលឃាត់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ ពេលកំពុងដើរលក់បណ្ណចាក់វ៉ាក់សាំងកាលពីថ្ងៃ ១០ ឧសភា ២០២១។ រូបភាព ប៉ូលីស
ភ្នំពេញៈ នគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យកំពុងសាកសួរជនសង្ស័យជាស្ត្រី ២ នាក់នៅរសៀលថ្ងៃទី ១១ ខែឧសភានេះ បន្ទាប់ពីឃាត់ខ្លួនកាលពីម្សិលមិញ ខណៈពួកគេកំពុងដើរលក់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយខុសច្បាប់។
លោក ឡេង វាសនា នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា មន្ត្រីនគរបាលជំនាញកំពុងសាកសួរជនសង្ស័យទាំង ២ នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងបទជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ។
លោកថ្លែងថា៖ «រឿងហ្នឹងពួកគាត់ជ្រៀតជ្រែកមុខងារសាធារណៈ ថ្វីបើអត់មានជនរងគ្រោះតែការធ្វើរបស់ពួកគាត់ហ្នឹង គឺខុសច្បាប់ អ៊ីចឹងយើងត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ យ៉ាងណាពេលនេះជនសង្ស័យកំពុងស្ថិតនៅក្នុងការសាកសួរនៅឡើយ ហើយនៅព្រឹកស្អែក [ថ្ងៃទី ១២ ខែឧសភា] ទើបបញ្ជូនទៅតុលាការ»។
បើតាមលោក ឡេង វាសនា ជនសង្ស័យបានដើរសម្រួលដល់ការចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមានការប្រញាប់ ប៉ុន្តែពួកគាត់បែរជាប្រមូលយកលុយម្នាក់ ១ ម៉ឺនរៀល ដែលការធ្វើនេះខុសគោលការណ៍របស់រាជរដ្ឋាភិបាល ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនពួកគាត់យកមកសួរនាំ។
ជនសង្ស័យទាំង ២ នាក់ទី ១ មានឈ្មោះ ចាប ម៉ាលីន អាយុ ៣៣ ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ និង ម្នាក់ទៀតឈ្មោះ អ៊ុយ សុខា អាយុ ៣៦ ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។
អ្នកទាំង ២ ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួននៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចមុខរោងចក្រ ប្រ៊ីលៀន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈពួកគេកំពុងដើរ លក់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទៅឲ្យអ្នកផ្សេងដោយខុសច្បាប់។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតបណ្ណចាក់វ៉ាក់ចំនួន ១០ ច្បាប់ស្មើនឹង ២០ សន្លឹក ផងដែរ។
មាត្រា ៦០៩ នៃក្រមព្រហ្មទណ្ឌចែងថា បទជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ៦ លានរៀល ចំពោះអំពើជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការអនុវត្តមុខងារសាធារណៈណាមួយ ដោយបំពេញកិច្ចការណាមួយក្នុងចំណោមកិច្ចការទាំងឡាយ ដែលសម្រាប់អ្នកមានសិទ្ធិក្នុងមុខងារនេះ៕
វីដេអូ៖