ស្ទឹងត្រែង៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ស្ទឹងត្រែង​កំពុង​សាក​សួរ និង​កសាង​សំណុំ​រឿង​ករណី​មន្រ្តី​យោធា​ឋានៈ​ឧត្តមសេនីយ៍ទោ​ម្នាក់​ ឈ្មោះ ចាន់ សំអាត ទៅ​តុលាការ​បន្ទាប់​ពី​បាន​​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ​២៣ ​ខែ​មេសា​ ​ពាក់ព័ន្ធ​នឹង​ការ​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ជិត ​៧០ ​ហិកតា​ នៅ​​ភូមិ​ស្រឡៅ ​ឃុំ​អន្លង់​ជ្រៃ ​ស្រុក​ថាឡាបរិវ៉ាត់​។

លោក​ ម៉ែន ​គុង ​អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ស្ទឹងត្រែង ​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រោយ​ពេល​កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង​ ឃាត់​ខ្លួន​ ឈ្មោះ ​ចាន់ ​សំអាត ​ពាក់ព័ន្ធ​នឹង​ករណី​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ជិត ៧០ ហិកតា កាល​ពី​ថ្ងៃ​ទី ​២៣ ​ខែ​មេសា ​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​ សមត្ថ​កិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ កំពុង​បន្ដ​សាក​សួរ ​និង​កសាង​សំណុំ​រឿង​នៅ​ឡើយ​មិន​ទាន់​បាន​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ​។ លោក​ថា​៖ «​​រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​មិន​ទាន់​ដឹង​ថា តើ​នីតិ​វិធី​បន្ត​នោះ​ ដល់​ដំណាក់​កាល​ណា​ហើយ​ទេ ​ដោយសារ​តែ​ស្ថិត​​ក្នុង​ថ្ងៃ​សៅរ៍-អាទិត្យ​»។

លោក គុង ​បញ្ជាក់​ថា ក្រោយ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់​ស្ដែង​កន្លែង​ឈូស​ឆាយ​ដី​​ព្រៃ​នោះ ​គឺ​មាន​ទំហំ​ជិត ​៧០ ហិកតា ​និង​ឃាត់​បាន​គ្រឿង​ចក្រ​ឈូស​ឆា​យ​​ដី​ព្រៃ​ចំនួន ​៣ គ្រឿង​ផង​ដែរ​។ លោក​បន្ត​ថា ​ការ​អនុវត្ដ​វិធានការ​នេះ ​គឺ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​អភិបាល​ខេត្ត​ស្ទឹងត្រែង ​ដែល​​បាន​បញ្ជា​ឲ្យ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ចាប់​រឹប​អូស​យក​គ្រឿង​ចក្រ និង​ឃាត់​ខ្លួន​ឈ្មោះ​ ចាន់​ សំអាត ​នៅ​ទីតាំង​ដែល​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​នោះ​។

លោក អូត ស៊ីវុត្ថា ស្នងការ​នគរបាល​ខេត្ដ​ស្ទឹងត្រែង​ មិន​អាច​ទាក់ទង​បាន​ទេ​​ពី​ម្សិលមិញ ​ដោយ​​​ទូរស័ព្ទ​​របស់​លោក​គ្មាន​​អ្នក​ទទួល​។

លោក​ ប៊ី វណ្ណី ​មន្រ្ដី​សម្របសម្រួល​សមាគម​អាដហុក​ ប្រចាំ​ខេត្ដ​​ស្ទឹងត្រែង​លើក​ឡើង​ថា​ តាម​នីតិវិធី​ច្បាប់​ ករណី​ឃាត់​ខ្លួន​ជាក់​ស្ដែង​ពេល​កំពុង​ឈូស​ឆាយ​​ដី​ព្រៃ​របស់​រដ្ឋ​បែប​នេះ ​សមត្ថកិច្ច​ត្រូវ​តែ​ចាត់​ការ​តាម​នីតិវិធី​ហើយ​បញ្ជូន​ទៅ​តុលាការ​។

លោក​ថា​៖ «​យើង​អបអរ​សាទរ​ ចំពោះ​ការ​អនុវត្ដ​ចាត់​វិធានការ​ការពារ​ផលប្រយោជន៍​ ឬ​ក៏​ទ្រព្យ​​សម្បត្ដិ​របស់​រដ្ឋ​បែប​នេះ​។ ​យើង​ក៏​ចង់​ឃើញ​ការ​ឃាត់​ខ្លួន ​ចំពោះ​មន្រ្ដី​មួយ​ចំនួន​ទៀត​ដែល​កំពុង​​រំលោភ​យក​ដី​រដ្ឋ​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ដោយ​យក​អំណាច​ទៅ​ប្រើប្រាស់​»៕