កណ្តាលៈ នគរបាល​ខេត្តកណ្តាល​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ត​សាកសួរ​រក​មេខ្លោង ជនសង្ស័យ​ចំនួន​ ១២ ​នាក់ បន្ទាប់ពី​បាន​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ពួកគេ​កំពុង​លេងល្បែង ជល់មាន់ និង​លេង​អាប៉ោង​នៅ​ចំណុច​ទំនប់​ ៩៤ ​ក្នុងភូមិ​អំពៅព្រៃ ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង​កាលពី​ថ្ងៃទី​ ២ ខែ​ មករា ឆ្នាំ​ ២០២១​។

តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ឱ្យដឹង​ពីថ្ងៃ​ ៣ មករា​ថា ក្រៅពី​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ ១២ ​នាក់​ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុតាង​ដែល​បម្រើ​ដល់​ការលេង​អាប៉ោង និង​ជល់​មាន់​មួយចំនួន​រួមទាំង​យានយន្ត និង​វត្ថុតាង​ផ្សេងៗ​ទៀត​។

របាយការណ៍​បញ្ជាក់​ថា នៅ​ថ្ងៃកើតហេតុ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​កម្លាំង​ជំនាញ​ខេត្តកណ្តាល​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ ឃើញ​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ប្រហែល​ ៥០ ​នាក់​កំពុង​លេង​។ នៅពេលនោះ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកញៀន​ល្បែងស៊ីសង​ជល់​មាន់​ ១២ ​នាក់ ​រួម​នឹង​វត្ថុតាង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​។

លោក ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា សមត្ថកិច្ច​នៅ​បន្ត​សាកសួរ​ជនសង្ស័យ​ទាំង​ ១២ ​នាក់​នេះ ដោយមាន​ម្នាក់​គឺ​មាន​តួនាទី​ជា​អង្គរក្ស ដើម្បី​សាកសួរ​រក​មេខ្លោង​នៃ​ការបើក​កន្លែង​ជល់​មាន់​នេះ​។

កាលពី​ថ្ងៃ​ម្សិលមិញ​សមត្ថកិច្ច​បាន​បញ្ជូន​ពួកគេ​ទាំង​ ១២ ​នាក់មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មុន​នឹង​មាន​ចំណាត់ការ​បន្តទៀត​។ លោក​បន្ថែមថា៖ «​កន្លែង​ជល់​មាន់​មួយ​នេះ គឺ​គាត់​ទើប​ធ្វើ ហើយ​នៅក្នុង​ចម្ការ​ព្រៃត្រែង ដោយ​មាន​ច្រកចូល​តែមួយ​ប្រឡោះ​ទេ​។ យើង​ទទួលបាន​ព័ត៌មាន ក៏​ដាក់​កម្លាំង​ចុះទៅ យើង​អនុវត្តតាម​ផ្លូវច្បាប់​ចាប់​បាន​ពួកគាត់​ហើយ យើង​យកមក​ស្នងការដ្ឋាន​នគរបាល​ដោយ​មិនទាន់​បាន​បញ្ចូន​ទៅ​តុលាការ​ទេ​»​។ សមត្ថកិច្ច​នៅ​មិនទាន់​រកឃើញ​មេខ្លោង និង​ម្ចាស់​ទីតាំង​បើក​ល្បែងស៊ីសង​នេះ​ឃើញ​នៅ​ឡើយ​ទេ​។

លោក ឈឿន សុចិត្ត អះអាង​ថា សមត្ថកិច្ច​នឹង​បន្ត​ចាត់​វិធានការ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ទាំងអស់​នៅក្នុង​ខេត្ត ដើម្បី​ធានា​ការពារ​សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ខណៈ​ករណី​ទាំងនេះ​នៅ​តែ​បន្ត​កើតមាន​ឥតឈប់ឈរ​។

លោក​បន្តថា​៖ «​អាជ្ញាធរ​យើង​បើកភ្លើង​ខៀវ ភ្លើង​ក្រហម​អី​ជាមួយ​គាត់​គឺ​មិនមាន​ទេ​។ ពី​ដើម​មក​យើង​ខំប្រឹង​ណាស់​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​យើង ព្រោះ​ (​ល្បែងស៊ីសង​) វា​បង្ក​អសន្តិសុខ​សង្គម ដែល​មិន​អាច​ឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បានទេ​។ ល្បែងស៊ីសង​នេះ​មាន​គ្រប់​រូបភាព សមត្ថកិច្ច​យើង​នឹង​បង្ក្រាប​គ្រប់​ទីតាំង​អស់ មិន​ឱ្យ​មាន​ជា​អចិន្រៃ្តយ៍​នោះទេ​»​។

បើតាម​របាយការណ៍​របស់​នគរបាល​ខេត្តកណ្តាល ជនសង្ស័យ​ទាំង ១២ ​នាក់ ដែល​សុទ្ធតែ​ភេទ​ប្រុស​មានឈ្មោះ ស៊ុម សុវណ្ណ អាយុ​ ៣៨ ​ឆ្នាំ ហែម ច័ន្ទណារិទ្ធ អាយុ​ ៥៦ ​ឆ្នាំ មឿន រ៉ា អាយុ​ ៥៥ ​ឆ្នាំ ហេង ភានុច អាយុ​ ៣៥ ​ឆ្នាំ គឹម វិបុល អាយុ​ ៤២ ​ឆ្នាំ អ៊ុន វណ្ណណែត អាយុ​ ៣៣ ​ឆ្នាំ សុខ យ៉ា អាយុ​ ៥០ ​ឆ្នាំ នុន ផល្លា អាយុ​ ៥០ ​ឆ្នាំ ចាន់ ថុល អាយុ​ ៥៤ ​ឆ្នាំ សំ សំណាង អាយុ​ ៥៨ ​ឆ្នាំ ឃឹម សាវីត អាយុ​ ៣៦ ​ឆ្នាំ និង​ ស៊ូ ប៊ុនថុន អាយុ ៣១ ​ឆ្នាំ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការបណ្តែតបណ្តោយ​ឱ្យមាន​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​កាន់តែ​យូរ​ទៅ​នឹង​ធ្វើឱ្យ​មនុស្ស​ក្នុង​សង្គម​មាន​ការយល់​ថា ជា​ទម្លាប់​ខណៈពេល​មន្ត្រី​ខ្លះ​ដែល​មាន​តួនាទី​បង្ក្រាប​បទល្មើស​​ល្បែងស៊ីសង បែរ​ជា​មាន​វត្តមាន​នៅ​កន្លែង​ទាំងនោះ​តាមរយៈ​ការលេងល្បែង ឬ​ទៅយក​ផលប្រយោជន៍​អ្វីមួយ​។

លោក​បន្តថា​៖ «​ទង្វើ​នេះ​នាំឱ្យ​មាន​ការយល់​ថា ការលេង​ល្បែង​នោះ​មិនមាន​បញ្ហា​ផ្លូវច្បាប់​ទៅវិញ​ ខណៈ​ដែល​ល្បែងស៊ីសង​ជា​ប្រភព​ពិតប្រាកដ​នៃ​បទល្មើស​ឆក់​ប្លន់​។ ដូចនេះ​ខ្ញុំ​យល់ថា បើ​ចង់ឱ្យ​មាន​សហគមន៍​សុខសាន្ត​ទាល់តែ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ត្រូវ​បាន​បង្ក្រាប​ដោយ​មិន​យោគយល់​។ និយាយ​ជារួម សម្បូរ​ល្បែង​គឺ​កើត​ចោរលួច ចោរឆក់​ប្លន់ និង​ឈានទៅរក​ការកាប់សម្លាប់​ក៏​អាច​មាន​ដែរ​»៕