ភ្នំពេញៈ នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាននាំខ្លួនមនុស្សប្រុសស្រីចំនួន ៩៣ នាក់ (ស្រី ៤០ នាក់) ទៅសាកសួរនៅស្នងការដ្ឋាន និងបានរឹបអូសថ្នាំញៀនមួយចំនួនធំ បន្ទាប់ពីចុះប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ ១ កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ ២០៦ កែងនឹងផ្លូវ ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី ១ ខណ្ឌទួលគោក។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោងជាង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ តាមការបញ្ជាពីលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
នេះបើតាមលោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ ដែលដឹកនាំកម្លាំងចុះបង្ក្រាប។ លោក ប៊ុន សត្យា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា អំឡុងពេលចុះបង្ក្រាបគឺសមត្ថកិច្ចបាននាំខ្លួន មនុស្សប្រុស-ស្រីចំនួន ៩៣ នាក់ និងរឹបអូសថ្នាំញៀនមួយចំនួនធំ ព្រមទាំងរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងទៀត យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកបន្តថា ដោយសារតែស្ថិតក្នុងនីតិវិធី សមត្ថកិច្ចនៅបន្តសាកសួរមនុស្សប្រុស-ស្រីទាំងនោះ ជុំវិញការជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅឡើយដោយមិនទាន់មានការសម្រេចយ៉ាងណាបន្តទៀតនោះទេ។
លោកបានបញ្ជាក់ថា៖ «យើងកំពុងតែសាកសួរនៅស្នងការ ប៉ុន្តែមិនទាន់មានការសម្រេចចោទប្រកាន់ ឬរកឃើញអ្នកជាប់សង្ស័យនឹងថ្នាំញៀននោះទេ ព្រោះយើងមិនទាន់ធ្វើការងារនេះចប់។ មនុស្សប្រុសស្រីទាំង ៩៣ នាក់នេះគឺមិនទាន់ត្រូវបានដោះលែងអ្នកណាម្នាក់នៅឡើយទេ»។
លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកដែលចូលរួមក្នុងប្រតិបត្តិការនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងខ្លីកាលពីម្សិលមិញថា ក្រោយពីបញ្ជូនមនុស្សប្រុស-ស្រី និងវត្ថុតាងទាំងនោះទៅស្នងការដ្ឋានចំពោះទីតាំងខារ៉ាអូខេនេះក៏ត្រូវបានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្នផងដែរ ដើម្បីរង់ចាំនីតិវិធីបន្តទៀត។ ប៉ុន្តែលោកមិនបានបញ្ជាក់ទេ ថាតើសមត្ថកិច្ចនឹងមានវិធានការយ៉ាងណាទៀតចំពោះម្ចាស់ទីតាំងដោយគ្រាន់តែថ្លែងថាស្ថិតលើការសម្រេចរបស់ថ្នាក់លើ។
លោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូទី ១ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដំបូងឡើយ ទីតាំងខាងលើប្រកបអាជីវកម្ម ខារ៉ាអូខេ ប៉ុន្តែក្រោយពីរដ្ឋាភិបាល ប្រកាសបិទដោយតម្រូវឲ្យកែប្រែឈ្មោះពីខារ៉ាអូខេ មកបម្រើសេវាកម្មជាភោជនីយដ្ឋានវិញក៏បានបិទទ្វារមួយរយៈ ដើម្បីធ្វើការជួសជុល។
លោកស្រីបន្តថា ក្រោយពេលជួសជុលហើយក៏បានបើកជាលក្ខណៈភោជនីយដ្ឋានតែអាជ្ញាធរដែនដីបានចុះទៅធ្វើអធិការកិច្ចជាច្រើនដងមកហើយ និងតម្រូវឲ្យបង្ហាញលិខិតអនុញ្ញាត ប៉ុន្តែមិនទាន់បានបញ្ចប់ផងក៏ត្រូវបានបង្ក្រាបតែម្តង។
លោកស្រីបញ្ជាក់ថា៖ «ទីនេះដំបូងជាអតីតខារ៉ាអូខេ X តែក៏បានបិទ ហើយដូរថៅកែ និងជួសជុលបានបើកខារ៉ាអូខេ ១៨ វិញតែមិនទាន់បានបើកទេក៏គេឲ្យផ្ទេរមកជាភោជនីយដ្ឋានវិញដោយសុំបានប៉ាតង់ហើយ។ ឥឡូវនេះពួកខ្ញុំក៏ល្បាតជាប្រចាំមិនមានរឿងអីទេ តែលើកនេះមិនដឹងយ៉ាងម៉េច ខ្ញុំក៏មិនបានដឹងដែរ»។ បើតាមលោកស្រី សាម៉ោច ទីតាំងខាងលើនេះគឺមានម្ចាស់ជាជនជាតិខ្មែរ ប៉ុន្តែបានផ្តល់ទីតាំងទៅឲ្យជនជាតិចិនជួលដើម្បីបើកអាជីវកម្មនេះ ប៉ុន្តែមិនស្គាល់ឈ្មោះនោះទេ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍បានសាទរចំពោះការចុះបង្ក្រាបនេះ ពិសេសគឺការរឹបអូសគ្រឿងញៀនដែលបង្កហានិភ័យខ្ពស់ដល់យុវជន។ បន្ថែមពីនេះលោកថ្លែងថា ការហាមឃាត់រាល់ការបើកខារ៉ាអូខេដោយខុសច្បាប់ក៏ត្រូវតែមាន ព្រោះវាជាក្តីព្រួយបារម្ភនៃការផ្ទុះជំងឺកូវីដ១៩ខណៈទីតាំងជាច្រើននៅតែបន្តលួចលាក់បើកដោយបំពានទៅនឹងបទបញ្ជារបស់រដ្ឋាភិបាល។ ដូច្នេះលោកសូមស្នើឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋទាំងអស់គ្នា។
លោកបញ្ជាក់ថា៖ «នៅពេលមានបញ្ហាកើតឡើង គឺវានឹងផ្តល់ផលវិបាកកាន់តែធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋក៏ដូចជារដ្ឋាភិបាលដែរព្រោះរដ្ឋាភិបាល ត្រូវតែដោះស្រាយរាល់វិបត្តិក្នុងសង្គមហើយបើបណ្តាលឲ្យកើតមានជំងឺច្រើនដូចប្រទេសដទៃនោះនឹងកាន់តែធ្ងន់ធ្ងរ។ លើសពីនោះទៀត ចំពោះបញ្ហាគ្រឿងញៀនវិញ យើងកំពុងតែមានវិបត្តិកូវីដ១៩ហើយប្រជាពលរដ្ឋខ្លះលោកកំពុងតែខ្វះខាតហើយបើសិនជាបញ្ហាគ្រឿងញៀននេះ នៅតែរាតត្បាតបង្ក្រាបមិនបានថមថយនោះបញ្ហានេះគឺនឹងក្លាយជាបន្ទុកធ្ងន់ ១ ទៀត»៕