ខេត្តពោធិ៍សាត់ៈ​ នគរបាល​កំពុង​ស្រាវ​ជ្រាវរក​ជនល្មើសដែល​ជា​អ្នក​លួច​ដាំ​កញ្ឆា បន្ទាប់​​ពី​​​បាន​កាប់​បំផ្លាញ​ដើម​កញ្ឆា​ដែល​គេ​លួច​ដាំ​នៅ​ក្នុង​ព្រៃ​ជាង ១​ ពាន់​ដើម ស្ថិត​នៅភូមិ​សំឡាញ ឃុំក្រ​ពើពីរ ស្រុក​វាលវែង ខណៈ​​នៅ​ក្នុង​ឆ្នាំ​ ២០​២០​ នេះ ​សមត្ថ​កិច្ច​បាន​កាប់​បំផ្លាញ​ដើម​កញ្ឆា​អស់​ជិត​ ១៩ ​ម៉ឺន​ដើម​។

លោក ធាង ឡេង អធិការ​នគរ​បាល​ស្រុក​វាល​វែង​ បាន​ថ្លែងនៅ​ថ្ងៃ​ទី​ ១៦ ​ខែ​ ធ្នូ ​ឆ្នាំ​ ២០២០​​ ថា មាន​កញ្ឆា​ចំនួន​ ១ ពាន់​ ៤២៦​ ដើម ដាំ​លើផ្ទៃដី​ ១ ​ពាន់ ​៣៦​ ម៉ែត្រ​ការ៉េ ត្រូវបាន​សមត្ថ​កិច្ច​ដក និង​ដុត​កម្ទេច​ចោល ខណៈ​អ្នក​ដាំ​កញ្ឆា​នោះ​បាន​គេចខ្លួន​បាត់ មុន​ពេល​សមត្ថ​កិច្ច​ទៅ​ដល់។

ក្រៅពី​កញ្ឆា នគរ​បាល​បាន​រក​ឃើញ​វត្ថុ​តាង​បន្សល់​ទុក​មួយ​ចំនួន​ទៀត​ ដូច​ជា​ជញ្ជីង ១​ គ្រឿង​ ជីអ៊ុយ​រ៉េ ៣ ​គី​ឡូក្រាម និង​អាវ​មួយ បន្សល់​ទុក​នៅ​ទីតាំង​ដាំកញ្ឆា​នោះ​។ ​

បើ​តាម​លោក ឡេង ​ការ​ចាប់​មិនបាន​ជន​ល្មើស​ ដែល​ដាំដើម​កញ្ឆា​នេះ ដោយ​សារ​តែទីតាំង​ភូមិសាស្ត្រ​នៅ​ឆ្ងាយ គឺ​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ ពេល​សមត្ថ​កិច្ច​ដើរ​ចូល​ទៅ​អាច​បែក​ការ ម្យ៉ាង​ទៀត​លោក​សង្កេត​ឃើញ​ថា មុខ​សញ្ញា​ទាំង​នោះ​មាន​ការ​ប្រយ័ត្ន​ខ្លាំង​។

លោក ឡេង ថ្លែង​ថា៖ «​ទម្រាំយើង​ទៅ​ដល់ ផ្លូវ​ភ្នំ​មិន​មែន​ដូច​ផ្លូវ​ជាតិ​ឯណា ទម្រាំយើង​ឆ្លង​កាត់​ផ្លូវ​ដើរ ផ្លូវ​អីផង​ចឹង​ទៅ បើពួក​គាត់​ឃើញ​សម​ត្ថ​កិច្ច គ្រាន់​តែ​ទូរស័ព្ទ​ប្រាប់តែ​គ្នា​គាត់ ទោះ​ត្រឹម​ ១០​ ម៉ែត្រ ឬ ៥​ ម៉ែត្រ​ក៏យើង​​តាម​រក​មិន​ឃើញ​ដែរ ព្រោះ​នៅ​ក្នុង​ព្រៃ​» ។

លោក ​អ៊ីន សុង ប្រធាន​ការិ​យាល័យ​នៃនាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃបាន​ទទួល​ស្គាល់​ថា ការចុះ​បង្ក្រាប​ទីតាំង​ដាំដើម​កញ្ឆា មាន​ការ​លំបាក​មួយ​ចំនួន ដោយ​សារ​តែ​ឈ្មួញ​មាន​ការ​ឃុប​គិត​ជាមួយ​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ដាំដុះ ដោយ​លួច​លាក់​នៅតាម​តំបន់​ព្រៃ​ភ្នំ ហេតុ​នេះសមត្ថ​កិច្ច​ពិបាក​ក្នុង​ការ​ក្តាប់​ព័ត៌​មាន មុនឈាន​ទៅ​ដល់​ការ​បង្ក្រាប។

លោក សុង ថ្លែ​ង​ថា៖ «កន្លង​មក​ពេល​ដាំភ្លាមៗ​ហ្នឹងយើង​មិន​ដឹង​ទេ ហើយ​ភាគ​ច្រើន​យើង​បាន​ទទួល​ព័ត៌មាន​តែពី​​ពលរដ្ឋ​ល្អ ដែលគា​ត់​នៅ​ជិតៗ​ទីតាំង​ដាំដុះ​ហ្នឹង​ គាត់​ដើរ​កាត់ទៅ គាត់​ឃើញ​ហើយ​ផ្តល់​ព័ត៌មា​ន មក​យើង​ក៏ទៅ​រក​ឃើ​ញ​តាមហ្នឹ​ង​ទៅ»​។

បើតាម​លោក សុង កញ្ឆា គឺ​ជា​រុក្ខជាតិ​ម្យ៉ាង​ស្ថិ​ត​នៅក្នុង​តារាង​ទី១ ដែល​ច្បាប់​ស្តីពីការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ហាម​ឃាត់​មិន​ឲ្យ​ធ្វើការ​ដាំដុះ ជួញ​ដូរ ផលិត ឬ​ប្រើប្រាស់​ឡើយ។

បើ​សិន​មាន​ពលរដ្ឋ​ណាជក់​កញ្ឆា​ ហើយ​ត្រូវ​សមត្ថកិច្ច​ដឹង នឹង​ត្រូវ​ហៅ​មក​ធ្វើ​ការ​អប់រំ ហើយ​ក្រោយ​ពី​អប់រំ បើមិន​ឈប់​ប្រព្រឹត្ត​ទេ សមត្ថកិច្ច​នឹង​ចាត់​វិធានការ​តាម​ច្បាប់ ដូច​ការ​ប្រព្រឹត្ត​ក្នុង​ករណី​បទ​ល្មើស​គ្រឿង​ញៀន​ផ្សេងៗ​ទៀតដែរ​។

លោក​ សុង បញ្ជាក់​ថា ក្នុង​ឆ្នាំ ​២០២០ គិត​ត្រឹម​ថ្ងៃទី ​១៦ ខែ​ធ្នូ សមត្ថកិច្ច​បាន​រឹប​អូស​កញ្ឆាក្រៀម​ចំនួន​ ២៨៩ ​គីឡូក្រា​ម បំផ្លាញ​ដំណាំ​កញ្ឆា​ស្រស់ ២៨ ម៉ឺន ៦​ពាន់ ៣០៩​ ដើម នៅ​ទូទាំង​ប្រទេស ចាប់​បាន​ជន​ល្មើស​មួយ​ចំនួន​​បញ្ជូន​ទៅ​តុលាការ ខណៈ​មួយ​ចំនួន​ផ្សេង​ទៀត​ រកមុខ​សញ្ញា​មិន​ទាន់​ឃើញ​ ហើយ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​​៕