ត្បូងឃ្មុំៈ នគរបាល​ខេត្ត​ត្បូងឃ្មុំ​កំពុង​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​ចាក់​សម្លាប់​បងស្រី​បង្កើត​របស់​ខ្លួន​ស្លាប់​នៅ​ភូមិ​ដូងព្រះ ឃុំ​អញ្ចើម ស្រុក-ខេត្ត ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​ ២៣ កញ្ញា ហើយ​រត់គេចខ្លួន​។

លោក​ ចក់ សុខកៅ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​រឿងនេះ​កម្លាំង​សមត្ថកិច្ច​របស់​យើង​កំពុង​ដុតដៃ​ដុតជើង​ធ្វើការងារ​នេះ ព្រោះ​យើង​កំណត់​បាន​អត្តសញ្ញាណ​ជនល្មើស​ហើយ​»​។

លោក ទុំ ឆុនឡា នាយប៉ុស្តិ៍​នគរបាល​អញ្ចើម​បាន​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​ជនល្មើស​ឈ្មោះ ម៉ន យុំ ភេទ ប្រុស អាយុ ៣៥ ​ឆ្នាំ រីឯ​ស្ត្រី​ស្លាប់​ឈ្មោះ ម៉ន ធី អាយុ ៤១ ​ឆ្នាំ ពួកគេ​មាន​លំនៅ​ក្នុង​ភូមិ-ឃុំ-ស្រុក ខាងលើ​។

លោក​ប្រាប់​ថា​បើ​តាម​អ្នក​រស់នៅ​ក្បែរ​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ​គេ​និយាយ​ប្រាប់ថា រវាង​ជនសង្ស័យ និង​ស្ត្រី​រងគ្រោះ​ជា​កូនកំព្រា ហើយ​ពួកគេ​រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​ផង ប៉ុន្តែ​ពួកគេ​ជា​មនុស្ស​ញៀន​ស្រា​ហើយ​ឈ្លោះ​គ្នា​រាល់ថ្ងៃ​។ លុះ​នៅ​រសៀល​ម៉ោង​ ៣ ​ថ្ងៃទី​ ២៣ កញ្ញា​ដែល​ជា​ថ្ងៃ​កើតហេតុ​នោះ​គឺ​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​ហើយ​ឈ្លោះប្រកែក​គ្នា​ផង​។

គ្រានោះ​ជនសង្ស័យ​បាន​យក​កាំបិត​ចិតបន្លែ​ចាក់​ចំ​ចុងដង្ហើម​ស្ត្រី​​រងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​តែម្តង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​មាន​សមត្ថកិច្ច​ជំនាញ​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​លើ​សាកសព​ឃើញ​ថា ស្ត្រី​រងគ្រោះ​ត្រូវ​ជនសង្ស័យ​ចាក់​ត្រូវ​ ១ ​កាំបិត​ ​ជ្រៅ​ចំ​ចុងដង្ហើម​។ រីឯ​ជនសង្ស័យ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ក៏​បាន​រត់​គេច​ខ្លួន​បាត់​៕