កណ្តាលៈ លោក ចាត ស៊ីនាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នគរបាល​ពន្ធនាគារ​ខេត្ត​កំពុង​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ ម៉ាត ត្រេះ (Mat Tress) ដែល​បានគេច​ខ្លួន​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ជាប់​ពន្ធនាគារ​បាន​ ៨ ​ថ្ងៃ​។

លោក ស៊ីនាង បាន​ថ្លែង​ថា​៖ «​យើង​បាន​ចាក់សោ​ឲ្យ​គាត់​ចេញ​ទៅ​ហាត់ប្រាណ និង​ងូតទឹក​។ បន្ទាប់មក​គាត់​បានគេច​ខ្លួន​ដោយ​លោត​ចេញ​ពី​ជញ្ជាំង​ពន្ធនាគារ​បន្ទាប់ពី​ឡើង​របងលួស​។ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​ ២០ ខែ​សីហា ​ក្នុង​ស្រុក​មុខ​កំពូល​ពី​បទ​លួច​ទូរស័ព្ទ​»​។

លោក​ថ្លែង​ថា​ លោក​បាន​ជម្រាប​ទៅ​ព្រះរាជអាជ្ញា​ខេត្ត​កណ្តាល និង​អភិបាលខេត្ត​អំពី​ករណី​នេះ ដើម្បី​សុំ​កម្លាំង​បន្ថែម​ដើម្បី​ស្វែងរក​ចាប់ខ្លួន​គាត់​។

លោក​ថ្លែង​ថា ​នៅពេល​ជនសង្ស័យ​លោត​ចេញ​ពី​ពន្ធនាគារ មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​ចុច​កណ្តឹង ហើយ​ឆ្មាំ​ពន្ធនាគារ​បាន​ចេញ​ទៅ​ក្រៅ​ពន្ធនាគារ​ដើម្បី​តាម​ចាប់ខ្លួន​គាត់​មកវិញ​។ ប៉ុន្តែ​គាត់​បាន​រត់​យ៉ាង​លឿន​ចូល​ទៅក្នុង​មណ្ឌល សុខភាព​ដែល​មាន​ព្រៃ​ក្រាស់​។

មន្ត្រី​រូបនេះ​បញ្ជាក់​ថា​៖ «​យើង​មិន​ដឹង​ថា​គាត់​បាន​លួច​ទូរស័ព្ទ​ប្រភេទ​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​គិតថា​គាត់​ជា​ប្រភេទ​ចោរលួច​ដែល​អាច​គាស់​ទ្វារផ្ទះ​ប្រជាជន​ដើម្បី​លួច​ទ្រព្យសម្បត្តិ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​មាន​ជំនាញ​ឡើង​របង​»​។

លោក​បាន​ថ្លែងថា វា​ជា​លើក​ទី​ ១ ​ហើយ​ដែល​ឧប្បត្តិហេតុ​នេះ​បាន​កើតឡើង​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ប៉ុន្មាន​ឆ្នាំ​មកហើយ​។

លោក​បាន​បន្តថា លោក​កំពុង​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​មើល​ពី​របៀប​ដែល​គាត់​បានគេច​ខ្លួន​។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថ្លែង​ពី​ម្សិលមិញ​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​បញ្ជា​ឲ្យ​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ​ចុះទៅ​ធ្វើ​ការងារ​លើ​ករណី​នេះ​ហើយ​។

លោក សវនា បាន​ថ្លែង​ថា​៖ «​នាពេល​អនាគត​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ករណី​នេះ​កើតឡើង​យើង​នឹង​ចាត់​វិធានការ​ការពារ​បន្ទាប់ពី​ស៊ើបអង្កេត​ករណី​នេះ ​រួច​ដើម្បី​ការពារ​កុំ​ឲ្យ​វា​កើតឡើង​ម្តង​ទៀត​»៕ PS