រតនគិរី៖ សមត្ថកិច្ច​នគរបាល​ខេត្ត​រតនគិរី នៅ​ថ្ងៃទី ១៦ ឧសភា កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​អំពើ​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ ១៤ ឆ្នាំ ហើយ​ប៉ុនប៉ង​អារក​សម្លាប់​ចោល ​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី កាល​ពី​ថ្ងៃទី ៦ ឧសភា។

លោក សោម ចាន់ដារ៉ា អធិការ​នគរបាល​ស្រុក​អណ្តូង​មាស​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នា​ថ្ងៃទី ១៦ ឧសភា​ថា ក្មេង​ស្រី​រងគ្រោះ​ឈ្មោះផ.ស អាយុ ១៤ ឆ្នាំ។ រីឯ​ជន​សង្ស័យ​សមត្ថកិច្ច​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ដោយសារ​តែ​ជន​សង្ស័យ​ជា​អ្នក​ចំណាក​ស្រុក ហើយ​ចូល​មក​ធ្វើ​ការ​ចៀរជ័រ​កៅស៊ូ​ក្នុង​ឃុំ​កើត​ហេតុ​ទើប​តែ​បាន ២ ទៅ ៣ ថ្ងៃ មុន​ថ្ងៃ​កើត​ហេតុ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​បង្ក​ហេតុ​មុន​គេច​ខ្លួន ជន​សង្ស័យ​ឆ្លៀត​មក​យក​កូន​ស្រី​អាយុ ៩ ឆ្នាំ​ម្នាក់ ដែល​ជនសង្ស័យ​បាន​ផ្ញើ​ទុក​នឹង​អ្នក​ភូមិ​ទៅ​ជា​មួយ​ខ្លួន ប៉ុន្តែ​យក​មិន​ទាន់ ក៏​បាន​រត់​គេច​ខ្លួន​ទៅ​ចោល​កូន។

លោក​ថ្លែង​ថា៖ «ករណី​នេះ យើង​ពិបាក​កំណត់​អត្តសញ្ញាណ ព្រោះ​ជនសង្ស័យ​ទើប​ចូល​មក​ក្នុង​មូលដ្ឋាន​របស់​យើង។ តែ​យ៉ាង​ណា យើង​ស្រាវជ្រាវ​យ៉ាង​សកម្ម​ក្នុង​ការងារ​នេះ​ហើយ»។

បើ​តាម​លោក ចាន់ដារ៉ា ដែល​បាន​ចុះ​ប្រមូល​ព័ត៌មាន​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ ជនដៃ​ដល់​រស់​នៅ​ខេត្ត​ផ្សេង។ ប៉ុន្តែ​បាន​ស្គាល់​គ្នា​ជាមួយ​ឪពុក​ក្មេង​ស្រី​រងគ្រោះ ហើយ​ជនល្មើស​ក៏​បាន​មក​ធ្វើ​ការ​ជា​កម្មករ​ចៀរជ័រ​កៅស៊ូ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ឃុំ​ញ៉ាង ក្នុង​ស្រុក​អណ្តូងមាស ប្រមាណ ២ ទៅ ៣ ថ្ងៃ​មុន​កើត​ហេតុ។ ប៉ុន្តែ​ជនសង្ស័យ​មិន​ទាន់​បាន​ចូល​ធ្វើ​ការ​នៅ​ឡើយ​ទេ ព្រោះ​ខាង​ក្រុមហ៊ុន​ចៀរជ័រ​កៅស៊ូ​សម្រាក​មួយ​រយៈ​ពេល​ខ្លី។

លោក​បន្ត​ថា លុះ​នៅ​ថ្ងៃទី ៦ ឧសភា ដែល​ជា​ថ្ងៃ​កើតហេតុ​នោះ ឪពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ​មិន​បាន​នៅ​ផ្ទះ​ទេ ដោយ​ទុក​ក្មេង​ស្រី​ឲ្យ​នៅ​ជាមួយ​អ្នក​ជិត​ខាង។ ចៃដន្យ​ជន​សង្ស័យ​បាន​ទៅ​លេង​ផ្ទះ​ឪពុក​ក្មេង​ស្រី​រងគ្រោះ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ប៉ុន្តែ​ជួប​តែ​ក្មេង​ស្រី​រងគ្រោះ​ម្នាក់​ឯង។

លោក​បន្ថែម​ថា នៅ​ពេល​នោះ​គេ​បាន​ឃើញ​ជន​សង្ស័យ ឌុប​ក្មេង​រងគ្រោះ​តាម​ផ្លូវ​លំ​ក្នុង​ភូមិ ប៉ុន្តែ​អ្នក​ភូមិ​មិន​បាន​ចាប់​អារម្មណ៍​ថា ជនសង្ស័យ​ឌុប​ក្មេង​រងគ្រោះ​យក​ទៅ​ណា​ទេ ព្រោះ​សំអាង​ថា ឪពុក​ក្មេង​រងគ្រោះ និង​ជន​សង្ស័យ​ជា​មនុស្ស​រាប់​អាន​គ្នា។ ប៉ុន្តែ​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃទី ៦ ឧសភា រហូត​ដល់​រសៀល នៅ​ពេល​ដែល​ឪពុក​ម្តាយ​ក្មេង​រងគ្រោះ​មក​ផ្ទះ​វិញ​រក​កូន​មិន​ឃើញ ទើប​មាន​ការ​ឆោឡោ​ឡើង ឮ​ដល់​អ្នក​ភូមិ។

លោក​បញ្ជាក់​ថា ក្រោយ​រក​កូន​មិន​ឃើញ​ឪពុក​ក្មេង​រងគ្រោះ​បាន​សួរ​អ្នក​ភូមិ​រស់​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ ហើយ​គេ​បាន​ប្រាប់​ថា គេ​បាន​ឃើញ​ជនស​ង្ស័យ​ជិះ​ម៉ូតូ​ឌុប​ក្មេង​រងគ្រោះ។ ពួក​គេ​ក៏​នាំ​គ្នា​ដើរ​រក​ក្នុង​ព្រៃ​ក្បែរ​ផ្លូវ​ភូមិ​តាំង​ពី​ថ្ងៃ​ត្រង់​ ថ្ងៃទី ៦ ឧសភា រហូត​ដល់​ពេល​ព្រលប់​ទើប​រក​ឃើញ​ក្មេង​រងគ្រោះ​ដេក​ស្តូក​ស្តឹង​ក្នុង​ព្រៃ ដោយ​មាន​ស្នាម​អារក និង​មាន​ឈាម​ប្រឡាក់​ខ្លួន​ជោក​ផង ហើយ​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​បាន​ដឹក​ក្មេង​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី។

ទោះ​យ៉ាង​ណា​លោកស្រី កែវ ដាវី ស្នងការ​រង​នគរបាល​ខេត្ត​រតនគិរី ទទួល​ផែន​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ប្រាប់​នៅ​ថ្ងៃទី ១៦ ឧសភា​ថា ក្មេង​ស្រី​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​រួច​ពី​សេចក្តី​ស្លាប់​ហើយ។ លោក​គ្រូពេទ្យ​បាន​ដេរ​បំពង់​ខ្យល់​ភ្ជាប់​គ្នា​ឡើង​វិញ ព្រោះ​ជន​សង្ស័យ​បាន​អារ​ផ្តាច់​បំពង់​ខ្យល់ និង​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ទៀត​ផង។

លោកស្រី​ថ្លែង​ថា៖ «ឥឡូវ ក្មេងស្រី​រងគ្រោះ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​និយាយ​បាន​ខ្សាវៗ​ហើយ​ដែរ។ យើង​នឹង​ព្យាយាម​យក​ព័ត៌មាន​ពី​គាត់​ទៀត​ពេល​គាត់​និយាយ​បាន​ឡើង​វិញ»។

បើ​តាម​លោកស្រី ដាវី ករណី​នេះ លោកស្រី ប៊ុន រ៉ានី ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់​ផ្តន្ទាទោស​ជនល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដើម្បី​ឱ្យ​ស័ក្តិសម​ទៅ​នឹង​ការ​ឈឺចាប់​របស់​ជន​រងគ្រោះ។ ទន្ទឹម​នឹង​នេះ​ដែរ លោកស្រី ប៊ុន រ៉ានី បាន​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​កុមារី​រង​គ្រោះ​នូវ អង្ករ ៥០ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹក​ដោះ​គោ​ឆៅ ២ យួរ ទឹក​ពិសា ១ កេស និង​ថវិកា​ចំនួន ៥ លាន​រៀល៕