ភ្នំពេញៈ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១០ នាក់ ក្នុង​នោះ​មាន ២នា ក់​ជា​អនីតិជន​អាយុ​ក្រោម ១៣ ឆ្នាំ ដែល​បាន​ប្រមូល​ផ្ដុំគ្នា​លេងល្បែង​ហ្គេម​បាញ់​ត្រី​ល្មើសច្បាប់ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួលសង្កែ​ទី១។ នេះ​បើតាម លោក ហ៊ាង ថារ៉េត អធិការ​ខណ្ឌឫស្សីកែវ នៅ​រសៀល​ថ្ងៃទី ១៩ ខែ​មេសា។

លោក​បាន​ថ្លែងថា៖ «យោងតាម​បទបញ្ជា និង​សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល ការប្រមូល​ផ្ដុំគ្នា ផឹកស៊ី និង​លេងល្បែង​គ្រប់​ប្រភេទ ត្រូវបាន​ហាមឃាត់ ព្រោះ​នៅពេល​នេះ យើង​កំពុង​ស្ថិត​នៅ​មាត់​រណ្ដៅ​មរណៈ​នៃ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩»។ ប៉ុន្តែ​ពួកគេ​បាន​ប្រមូល​ផ្ដុំគ្នា​លេងល្បែង​ហ្គេម​បាញ់ត្រី​ខុសច្បាប់ ហើយ​ថែមទាំង​មិនបាន​ពាក់​ម៉ាស់​ថែម​ទៀតផង។

អាជ្ញាធរឃាត់១០នាក់ និងបិទអាជីវកម្មហ្គេមនៅខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ១៨ មេសា ។ រូបថត ប៉ូលីស

លោក​បាន​បន្តថា ទោះយ៉ាងណា ពួកគេ​មិន​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នោះទេ គឺ​គ្រាន់តែ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ និង អប់រំ​ណែនាំ​នៅ​ស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ទួល​សង្កែ​ទី១ អស់​រយៈពេល ១២ ម៉ោង ចាប់ពី​ម៉ោង ១០ យប់​ថ្ងៃទី ១៨ ខែ​មេសា ដល់​ម៉ោង ១០ ព្រឹក​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ និង​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ប្រមូល​ផ្ដុំគ្នា និង​លេង​ល្បែងស៊ីសង​ខុសច្បាប់​ទៀត។ ប៉ុន្តែ​ទូហ្គេម​បាញ់​ត្រី​ចំនួន ២ គ្រឿង ត្រូវបាន​រឹបអូស​ជា​វត្ថុតាង និង​កំពុង​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ទួលសង្កែ ១ ជា​បណ្ដោះអាសន្ន។

លោក​បាន​បន្ថែមថា៖ «ក្នុងករណី​ពួកគេ​មិន​រាងចាល សមត្ថកិច្ច​យើង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់»៕

ទីកន្លែងអាជីវកម្មហ្គេមនៅខណ្ឌឬស្សីកែវដែលបានបិទ កាលពីថ្ងៃទី ១៨ មេសា ។ រូបថត ប៉ូលីស