កំពង់ឆ្នាំង៖ នគរបាល​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី ២០ ខែ​មេសា​នេះ កំពុង​បន្ត​ស្វែងរក​អ្នក​បើកបរ​រថយន្ត​ម្នាក់ ដែល​បើក​រថយន្ត​ក្នុង​ល្បឿនលឿន បណ្តាល​ឱ្យ​ក្រឡាប់​ស្លាប់​កម្មការិនី​ម្នាក់ និង ៥ នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល កាល​ពី​ថ្ងៃទី ១៩ ខែ​មេសា ដែល​កើតហេតុ​នៅ​ភូមិ​ខ្នា​កណ្តាល ឃុំ​ខ្នាឆ្មារ ស្រុក​សាមគ្គីមានជ័យ។

លោក សេង ចិន្តា អធិការ​នគរបាល​ស្រុក​សាមគ្គីមានជ័យ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២០ ខែ​មេសា​នេះ​ថា ករណី​នេះ​នគរបាល​ចរាចរ​ខេត្ត​រួម​ទាំង នគរបាល​ស្រុក កំពុង​ស្វែងរក​ចាប់​ខ្លួន​អ្នក​បើកបរ​រថយន្ត​បង្ក​ដែល​បាន​រត់​គេច​ខ្លួន។

លោក​ថ្លែង​ថា៖ «គាត់​ជា​អ្នក​បើក​រថយន្ត​ ប៉ុន្តែ​គាត់​គេច​ពី​ការ​ទទួល​ខុស​ត្រូវ។ គាត់​ត្រូវ​តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់»។

ស្រ្តី​ជា​កម្មការិនី​ដែល​ស្លាប់​ឈ្មោះ យ៉េត សុខេន អាយុ ៣៥ ឆ្នាំ រីឯ​កម្មការិនី ៥ នាក់​ទៀត ដែល​រងរបួស​បាក់​ដៃ ជើង ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ក្រោយ​កើត​ហេតុ។

បើ​តាម​លោក ចិន្តា បាន​រៀបរាប់​ប្រាប់​តាម​សម្តី​កម្មករ​រោងចក្រ​កាត់​ដេរ​ដែល​រងរបួស​ទាំង​នោះ​ថា នៅ​យប់​កើត​ហេតុ អ្នក​បើកបរ​រថយន្ត​ឈ្មោះ វ៉ង់ បឿន អាយុ ៣៥ ឆ្នាំ បាន​បើក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាកលេខ​ភ្នំពេញ 3D-7054 មក​ដាក់​កម្មករ​ចុះ​តាម​ផ្ទះ​នៅ​ស្រុក កំពង់ត្រឡាច និង​ស្រុក​សាមគ្គីមានជ័យ ដែល​ចេញ​ពី​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​ក្នុង​ស្រុកសាមគ្គីមានជ័យ ដោយ​មាន​កម្មករ​ជិះ​ក្នុង​រថយន្ត​ទាំង​អស់ ៣០ នាក់ តែ​បាន​ចុះ​ជា​បន្តបន្ទាប់​ជិត​អស់​ហើយ។

ប៉ុន្តែ​ដោយ​ផ្លូវ​តូច ហើយ​អ្នក​បើក​រថយន្ត​បើក​ក្នុង​ល្បឿនលឿន ក៏​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឱ្យ​ក្រឡាប់​តែ​ម្តង​ទៅ។

លោក​បន្ត​ថា ក្រោយ​ពេល​ក្រឡាប់​រថយន្ត គឺ​ជន​បង្ក​មិន​បាន​ជូន​ដំណឹង​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ឃុំ ខ្នាឆ្មារ​បាន​ដឹង​ទេ។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឃុំ​ខ្នាឆ្មា ហើយ​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​តែ​ម្តង។

ក្រោយ​មាន​ហេតុការណ៍ សមត្ថកិច្ច​បាន​ស្ទូច​រថយន្ត​យក​ទៅ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គីមានជ័យ ដើម្បី​រង់ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ហើយ​លោក​បាន​ធ្វើ​កំណត់ហេតុ បញ្ចូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់​ឆ្នាំង​រួច​ហើយ៕