កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣០ ខែមិថុនា បានបញ្ជូនប្ដីប្រពន្ ធ២ នាក់ និងវត្ថុតាងថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនជាង ៦ ០០០ គ្រាប់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ដើម្បីចំណាត់ការបន្តតាមនីតិវិធីច្បាប់។
លោក ង៉េង សុជា ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនសង្ស័យ ឈិន សំពៅ អាយុ ៥១ ឆ្នាំ មានទីលំនៅ ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងប្រពន្ធរបស់គាត់ឈ្មោះ ទុយ សុធា អាយុ ៤៧ ឆ្នាំ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ បន្ទាប់ពីសមត្ថកិច្ចជំនាញ បានចុះឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនចំនួន ៦ ០០៥ គ្រាប់ និងម្ស៉ៅថ្នាំញៀនប្រភេទ អៃស៍ម៉េតំហ្វេតាមីនចំនួនជាង ១០០ ក្រាម នៅក្នុងផ្ទះរបស់គាត់ រួមទាំងវត្ថុតាងមួយចំនួនទៀត។
លោក សុជា បានថ្លែងថា៖«មុនពេលឈានដល់ការចុះឆែកឆេរផ្ទះ និងចាប់ខ្លួនប្ដីប្រពន្ធមួយគូនេះ ក្រុមសមត្ថកិច្ចជំនាញបានធ្វើការតាមដានសកម្មភាពរបស់ពួកគេអស់ជាច្រើនខែមកហើយ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថា ប្ដីប្រពន្ធពីរនាក់នេះ ជាអ្នករកស៊ីជួញដូរគ្រឿងញៀន»។
បើតាមការរៀបរាប់របស់លោក សុជា មន្ត្រីជំនាញបានអនុវត្តវិធានញុះញង់ ដោយដើរតួជាអ្នកទិញថ្នាំញៀន ពីប្ដីប្រពន្ធមួយគូនោះ ដើម្បីឲ្យពួកគេ បញ្ចេញមុខមាត់ពិត និងដើម្បីប្រមូលភស្ដុតាងពិតឲ្យបានពីពួកគេ ហើយជាលទ្ធផល នៅរសៀលថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមមន្ត្រីជំនាញ បានចាប់ឃាត់ខ្លួនស្ត្រីសង្ស័យឈ្មោះ ទុយ សុធា នៅចំណុចផ្សារអូរអំបិលភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
នៅពេលចាប់ខ្លួនសមត្ថកិច្ចរឹបអូសបានថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា ចំនួន ១ ថង់ និងថ្នាំប្រភេទគ្រាប់ពណ៌ផ្កាឈូកអក្សរ wy ចំនួន ១ ថង់ខៀវ ស្មើចំនួន ២០០ គ្រាប់។
បន្ទាប់មកសមត្ថកិច្ចបានបន្តចុះឆែកឆេរផ្ទះស្ត្រីសង្ស័យ ដែលមានទីតាំងស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយបានឃាត់ខ្លួនបុរសឈ្មោះ ឈិន សំពៅ អាយុ ៥១ ឆ្នាំ ដែលត្រូវជាប្ដីស្ត្រីសង្ស័យ និងដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមសថ្លាចំនួន ៤ កូនថង់ និងថ្នាំប្រភេទគ្រាប់ពណ៌ផ្កាឈូកអក្សរ wy ចំនួន ៣០ ថង់ខៀវ និង ៥ គ្រាប់ថែមទៀត ដែលសរុបថ្នាំញៀនប្រភេទគ្រាប់ទាំងអស់កើនដល់ ៦ ០០០៥ គ្រាប់ និងប្រភេទម្ស៉ៅជាង ១០០ ក្រាម។
លោកបានបញ្ជាក់ថា៖ «ក្រោយបញ្ចប់ការសាកសួរ សមត្ថកិច្ចនគរបាលជំនាញយើងបានសម្រេចបញ្ជូនខ្លួនប្ដីប្រពន្ធទាំង ២ ទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពីបទជួញដូរ និងរក្សាទុកគ្រឿនញៀនខុសច្បាប់»។
ជុំវិញករណីនេះ លោក សេង សម័យ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅរសៀលថ្ងៃទី ៣០ ខែ មិថុនា ថា ជនសង្ស័យពីរនាក់ប្ដីប្រពន្ធនេះ ត្រូវបានសមត្ថកិច្ចជំនាញនាំមកដល់តុលាការហើយ ប៉ុន្តែតុលាការនៅមិនទាន់ធ្វើការចោទប្រកាន់ពួកគេនៅឡើយទេ។
លោកបានបញ្ជាក់ថា៖ «សំណុំរឿងប្ដីប្រពន្ធទាំង ២ នាក់ កំពុងស្ថិតក្រោមនីតិវិធីនៃការស៊ើបសួររបស់តុលាការនៅឡើយ»៕