បន្ទាយមានជ័យៈ នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះ គ្រោងបញ្ជូន អតីតព្រះសង្ឃមួយអង្គ (ក្រោយពីផ្សឹក)ព្រះនាម ទន់ សាវន ព្រះជន្ម៥២ឆ្នាំ ដែលធ្លាប់គង់នៅក្នុងវត្តចមសុទ្ធាវាស ស្ថិតក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅតុលាការនៅថ្ងៃចន្ទនេះ ក្រោយពីបានបង្កហិង្សាទៅលើស្ត្រីវ័យចំណាស់ម្នាក់កាលពីថ្ងៃទី២៤។
លោក សិទ្ធ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃអាទិត្យថា ព្រះសង្ឃមួយអង្គ ព្រះនាម ទន់ សាវន ព្រះជន្ម ៥២ ដែលគង់នៅវត្តចមសុទ្ធាវាសស្ថិត ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាននិងកំពុងឃុំខ្លូននិងសាកសួរដោយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការយកដែកឆាបចាក់ទៅលើស្ត្រីអាជីវករវេលុយវីងម្នាក់ឈ្មោះ សេង ផល្លា អាយុ៤៦ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអះអាងថា កម្លាំងជំនាញ អាចនឹងបញ្ជូនជនសង្ស័យរូបនេះទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃចន្ទ។
លោកបានបញ្ជាក់ថា៖«យើងបាននិងកំពុងដំណើរការសាកសួរនៅក្រុងប៉ោយប៉ែត។ យើងឃាត់ខ្លូនជាក់ស្តែងតែម្តងពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណ។ យើងប្រហែលជាបញ្ជូនទៅកាន់ស្ថាប័នតុលាការនៅថ្ងៃចន្ទ»។
យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានឲ្យដឹងថា ប្រភពពីសាក្សីនៅម្តុំកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានបញ្ហា គេបានឃើញស្ត្រីម្នាក់ឈ្មោះសេង ផល្លា បានបើករថយន្តម៉ាកហាយឡិនដ័រ មកកាន់ចំណុចអូរខៃដន នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយមកស្រាប់តែមានព្រះសង្ឃទន់ សាវន បានដើរពីម្តុំគេលក់អីវ៉ាន់មកចូលក្នុងឡាន បានមួយសន្ទុះក៏ស្រាប់តែមានការប្រើអំពើហិង្សាកើតឡើង ដែលបង្កដោយលោកសង្ឃអង្គនេះបានយកដែកឆាបមកប៉ងសម្លាប់ស្ត្រីរងគ្រោះ ត្រូវបានអ្នកស្រុកឃើញផ្អើលឆោឡោ បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះមកអន្តរាគមន៍និងឃាត់ខ្លួនព្រះសង្ឃអង្គនោះបានភ្លាមៗតែម្តង៕