
នគរបាលកំពុងត្រួតពិនិត្យរថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់មនុស្ស ៣ នាក់។ រូបថត នគរបាលខេត្តព្រះវិហារ
ព្រះវិហារៈ នគរបាលខេត្តព្រះវិហារកំពុងស្រាវជ្រាវរកចាប់ខ្លួនអ្នកបើកបររថយន្តលើសល្បឿនកំណត់ម្នាក់ ដែលបានបង្ករគ្រោះថ្នាក់ចរាចរណ៍នាំឲ្យមនុស្ស ៣ នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ២ នាក់ នៅព្រឹកថ្ងៃទី ១១ ខែមករា នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ខេត្តព្រះវិហារ។
លោក ស៊ី សុគន្ធរដ្ឋា ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារបានឲ្យដឹងថា ជនបង្កដែលបើករថយន្តលើសល្បឿនកំណត់ បង្កគ្រោះថ្នាក់ចរាចរណ៍បានរត់គេចខ្លួនបាត់ បន្ទាប់ពីបុកកិនជនរងគ្រោះ ហើយរថយន្តបានឈប់នៅចម្ងាយប្រមាណ ១៥០ ម៉ែត្រពីកន្លែងកើតហេតុ។
បើតាមលោក សុគន្ធរដ្ឋា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក HINO បើកបរក្នុងល្បឿនលឿន ចុះចំណោទក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានប៉ះកៀរថយន្ត Highlander ពណ៌ខ្មៅដែល បើកចេញពីកន្លែងចាក់សាំងកំពុងឆ្លងផ្លូវ ហើយជ្រុលរេចង្កូតមកខាងស្តាំ ទៅបុកម៉ូតូ ២ គ្រឿងម៉ាកឌ្រីមសង់ដែលកំពុងបើកលើផ្លូវគ្រួសក្រហម បណ្តាលឲ្យស្លាប់មនុស្សភ្លាមៗ ៣ នាក់ ដែលជិះម៉ូតូជាមួយគ្នា។
ចំណែកម៉ូតូមួយគ្រឿងទៀត ជិះម្នាក់ឯងរងរបួសបាក់ជើង។ រីឯអ្នកបើបររថយន្ត Highlander រងរបួសស្រាល។
លោក សុគន្ធរដ្ឋា ថ្លែងថា៖ «ឡានដឹកស៊ីម៉ងត៍បើកបរក្នុងល្បឿនលឿនណាស់ ហើយស៊ីភ្លេរហូត មកដល់ចំណុចកើតហេតុក៏ប៉ះជាមួយឡាន Highlander ដែលចេញពីការ៉ាស់សាំងបណ្តាលឲ្យឡាន Highlander រេចង្កូតទៅឆ្វេង ចំណែកឡានធំរេមកស្តាំបុកកិនអ្នកជិះម៉ូតូតែម្តង»។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។ រីឯជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមច្បាប់។
បើតាមរបាយការណ៍របស់អធិការនគរបាលក្រុងព្រះវិហារបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ តុញ សៅលី ភេទស្រី អាយុ ៣០ ឆ្នាំ ទី២ ឈ្មោះ ម៉ារី ហាន់ណា ភេទស្រី អាយុ ១ ឆ្នាំ ត្រូវជាកូន និងទី៣ ឈ្មោះ ឃឹម ចាន់តុលា ភេទស្រី អាយុ ៣៥ ឆ្នាំ។ អ្នកទាំង ៣ មានទីលំនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
ចំណែកអ្នករបួសធ្ងន់ មានឈ្មោះ អេង ស្រី អាយុ ៥០ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រងរបួសបាក់ជើងខាងឆ្វេង។
អ្នកបើបររថយន្ត Highlander មានឈ្មោះ ទាវ សុផាន់ណា ភេទប្រុស អាយុ ៧២ ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ រងរបួសស្រាល។
ចំណែកម៉ូតូទាំង ២ គ្រឿង រួមទាំងរថយន្ត Highlander និងរថយន្តដឹកស៊ីម៉ង់ត៍ ត្រូបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការនគរបាលក្រុងព្រះវិហារ៕