សីហនុៈ នគរបាល​ខេត្ដ​ព្រះសីហនុ​កំពុង​សាកសួរ និង​កសាង​សំណុំ​រឿង​ជនសង្ស័យ​ចំនួន​ ១៧ ​នាក់ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង​សម្រាប់​តបណ្ដាញ​បំភ្លឺ​តាម​មហាវិថី​នានា​ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​។ នេះ​បើ​តាម​លោក​ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ដ​នេះ​។

លោក ជួន ណារិន្ទ ថ្លែង​ពី​ម្សិលមិញ​ថា ក្រោយពី​ទទួល​បាន​បណ្តឹង​រាយការណ៍​ពី​ក្រុមហ៊ុន ឌុយរ៉ាល់ អេឡិចត្រិច ករណី​មាន​ជនខិលខូច​លួច​កាត់​ខ្សែភ្លើង​របស់​ក្រុមហ៊ុន ដែល​បាន​តបណ្ដាញ​បំភ្លឺ​តាម​មហាវិថី​នានា​នៅ​តំបន់​ពយម៉ាចូវ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង លោក គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​បាន​ចេញ​បញ្ជា​ផ្ទាល់ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ រក​ជនខិលខូច​។ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ទៅ​ដល់​ទីតាំង​ប្រមូល​ទិញ​អេតចាយ​ចំនួន ៥ ​កន្លែង​។

លោក ណារិន្ទ ថ្លែងថា​៖ «​ក្នុង​កិច្ចប្រតិបត្តិការ សមត្ថកិច្ច​បាន​បង្ក្រាប​លើ​ទីតាំង​ចំនួន ២ ​កន្លែង ឃាត់​ខ្លួន​ជនសង្ស័យ​ ១៧ ​នាក់ និង​ចាប់យក​សម្ភារ​វត្ថុតាង​ពាក់ព័ន្ធ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​តាម​នីតិវិធី​»​។

លោក​បន្តថា បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​ទាំង​ ១៧ ​នាក់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ព្រោះ​ជនសង្ស័យ​កំពុង​ឆ្លើយ​ទម្លាក់កំហុស​ដាក់គ្នា​។ សមត្ថកិច្ច​ចង់ដឹងថា​តើ​ករណីនេះ​ជនសង្ស័យ​លួច​កាត់​ខ្សែភ្លើង​គ្រាន់តែ​ជា​ចេតនា​ចង់​បាន​លុយ​តិចតួច​ពី​ការលក់​ខ្សែភ្លើង ឬ​ក៏​មាន​ចេតនា​ផ្សេងទៀត​។

«​ឥឡូវនេះ​ជនសង្ស័យ​ទាំង ១៧ ​នាក់​កំពុង​ឆ្លើយ​ដាក់គ្នា​។ យើង​កំពុង​បូកសរុប​បន្តទៀត​ព្រោះ​ពេលនេះ​មិនទាន់​ហួស​នីតិវិធី​របស់​នគរបាល​យុត្ដិធម៌​ទេ​។ នេះ​ជា​រឿង​មួយ​ដែល​យើង​មិនអាច​ទទួល​យក​បាន វា​ជា​ផលប្រយោជន៍​តូចតាច អំពី​ការលក់​ស្ពាន់​ដែល​បាន​ទាញ​ចេញពី​ខ្សែភ្លើង​នោះ​។ ប៉ុន្ដែ​ផលប៉ះពាល់​ដល់​ការអភិវឌ្ឍ​ខ្លាំង ព្រោះ​ខ្សែភ្លើង​នេះ​គឺ​មិន​ងាយ​យក​ទៅ​បំពាក់​ ឬ​ត​ឡើងវិញ​បាន​ដោយ​ងាយ​ទេ​»​។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​ខេត្ដ​ព្រះសីហនុ ជនសង្ស័យ​ទាំង​ ១៧ ​នាក់​នោះ​សុទ្ធតែ​ជា​ជនជាតិខ្មែរ​ក្នុង​នោះ​ឃាត់ខ្លួន​នៅ​ទីតាំង​ទិញ​លក់​អេតចាយ​នៅ​ភូមិ​៥ សង្កាត់​៤ មាន​ ៥ ​នាក់​។ ១ ញ៉ិល មាន ភេទ​ប្រុស​អាយុ ៤៤ ​ឆ្នាំ​ (​មា្ចស់​ទីតាំង​)​។ ២ ណុន ណេត ភេទ​ស្រី អាយុ ៤១ ​ឆ្នាំ (​ប្រពន្ធ​ម្ចាស់​ទីតាំង​)​។ ៣ ជាន ស្រេង ភេទ​ប្រុស អាយុ ៤២ ​ឆ្នាំ (​កម្មករ​)​។ ៤ ពៅ ភ​ស្ដី ភេទ​ប្រុស អាយុ ៣៤ ​ឆ្នាំ (​កម្មករ​) ​និង ៥ ឈី ម៉េង ភេទ​ប្រុស​អាយុ ៤២ ​ឆ្នាំ (​កម្មករ​)​។

វត្ថុតាង​ចាប់​យក​មាន​សម្បក​ខ្សែភ្លើង​ម៉ាក THIPHA ចំនួន ១ ​បាវ (​ជា​របស់​ក្រុមហ៊ុន​ឌុយវ៉ាល់​អេឡិចត្រិច​)​។ ចំណែក​ទីតាំង​ទី​ ២ ស្ថិតក្នុង​ឃុំ​បិតត្រាំង ឃាត់​ខ្លួន​ជនសង្ស័យ​ ១២ ​នាក់​រួមមាន​ ១ ហេង ភា ភេទ​ប្រុស អាយុ ៣៥​ ឆ្នាំ មុខរបរ​ទិញ​អេតចាយ និង​ប្រពន្ធ​ឈ្មោះ ដិក គីមមាន អាយុ ៣៩ ​ឆ្នាំ អ្នក​ទាំង​ ២ ​មាន​ស្រុកកំណើត​នៅ​ភូមិ​បឹងវែង ស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង​។ ​ឯ​ជន​ ១០ ​នាក់​ទៀត​សុទ្ធតែ​រស់នៅ​ខេត្ត​ព្រះសីហនុ​។ ក្រៅពីនេះ​មាន​សម្ភារ​វត្ថុតាង​ស្ពាន់​ខ្សែភ្លើង​ ១៥ ​គីឡូក្រាម ម៉ាក THIPHA ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ឌុយវ៉ាល់អេឡិចត្រិច​៕

វីដេអូ៖