ព្រះសីហនុៈ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ប្ដេជ្ញា​រួមគ្នា ដើម្បី​ទប់ស្កាត់ និង​ពង្រឹង​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ព្រមទាំង​ការប្រឆាំង​អំពើ​ហិង្សា​ទៅលើ​ស្ត្រី និង​កុមារ​។ នេះ​បើ​តាម​លោក​ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។

លោក​ ជួន ណារិន្ទ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា​លោក និងលោក Pablo Kang ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយគ្នា​កាលពី​ថ្ងៃទី​ ៤ ខែ​សីហា​។ លោក​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការជួយ​ឧបត្ថម្ភ​គ្រប់​បែបយ៉ាង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្ដល់​ជូន​កម្ពុជា​។ ជាពិសេស​លើ​វិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ជនបទ ផ្នែក​ច្បាប់ ការប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការប្រឆាំង​នឹង​អំពើហិង្សា​ទៅលើ​ស្ត្រី និង​កុមារ​។​ល​។

លោក​ថា​៖ «​យើង​បាន​ជជែក​គ្នា​ការងារ​ជាទូទៅ​ច្រើន​គឺ​យើង​បាន​ប្ដេជ្ញា​ទប់ស្កាត់​បទល្មើស​ឆ្លងដែន ហើយ​យើង​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ហិង្សា​លើ​ស្ត្រី​តាមរយៈ​អង្គការ​មួយ​ចំនួន​របស់​អូស្ត្រាលី​ដែល​កំពុង​ធ្វើការងារ​នៅ​កម្ពុជា​»​។

លោក​ស្នងការ​បញ្ជាក់ថា​៖ «​ហើយ​បទល្មើស​ដែល​យើង​បង្ក្រាប​ជាមួយ​សមត្ថកិច្ច​ជាមួយ​ប៉ូលិស​អូស្ត្រាលី​គឺ​យូរៗ​មាន​មួយ​ករណី​ដែរ​។ ក្រៅពី​នេះ យើង​នៅតែ​ពង្រឹង​ការសហការ​គ្នា​ទៀត ដើម្បី​រឹតបន្ដឹង​ចំណង​មិត្តភាព​ប្រទេស​យើង​ទាំង​ ២»​។

ក្នុង​កិច្ចសហការ​កន្លងមក​លោក​ ជួន ណារិន្ទ ឲ្យ​ដឹងថា មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ធ្លាប់​សហការ​ជាមួយ​មន្ត្រីប៉ូលិស​អូស្ត្រាលី​ក្នុង​ការបង្ក្រាប​បទល្មើស និង​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​រួមគ្នា​ដែរ ប៉ុន្ដែ​មិន​ញឹកញាប់​ទេ​។ ក្រៅពី​កិច្ចសហការ​ជាមួយ​ប៉ូលិស អូស្ត្រាលី នគរបាលជាតិ​កម្ពុជា​ក៏ដូចជា​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ​តែងតែ​សហការ​ជាមួយ​ប្រទេស​ជា​មិត្ត​ផ្សេងៗ​ទៀត​ក្នុង​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។

លោក Pablo Kang ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ពី​ម្សិលមិញ​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ការលើកឡើង​នេះ​បានទេ​។ ចំណែក​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ពី​ម្សិលមិញ​ក៏​មិនទាន់​បាន​ឆ្លើយ​តាមរយៈ​សារ​អេឡិចត្រូនិក​នៅឡើយ​។

លោកស្រី​ ជៀប សុធារី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ថា លោកស្រី​បានកត់សម្គាល់​ពី​ការយកចិត្ត​ទុកដាក់​ចំពោះ​ការបង្ក្រាប​ និង​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​របស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​។ កន្លងមក​សមត្ថកិច្ច​បាន​យកចិត្ត​ទុកដាក់ សហការ​ជាមួយ​សមត្ថកិច្ច​បរទេស ដើម្បី​បង្ក្រាប​បទល្មើស​ឆ្លងដែន​។

លោកស្រី​បន្ត​ថា ជាក់ស្ដែង​ករណី​ឃាត់​ជនល្មើស​ឆ្លងដែន​ដែល​ជិះទូក​ពី​បរទេស​នាពេល​កន្លងទៅ​សមត្ថកិច្ច​កម្ពុជា​ព្យាយាម​ទាក់ទង​សម្របសម្រួល​ទៅ​សមត្ថកិច្ច​ប្រទេស​របស់​ពួកគេ ដែល​ជា​អ្នកប្រព្រឹត្ត​នោះ​ដើម្បី​ចាត់​វិធានការ​តាមច្បាប់​។ ដោយឡែក​ករណី​អំពើហិង្សា​លើ​ស្ដ្រី និង​កុមារ លោកស្រី​កត់សម្គាល់​ឃើញ​កើតមាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ ប៉ុន្ដែ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ក៏​ព្យាយាម​ដោះស្រាយ​ដែរ​។

លោកស្រី ជៀប សុធារី បញ្ជាក់ថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​សិទ្ធិមនុស្ស​នេះ​គឺ​នៅតែ​ជំរុញ​ឲ្យ​សមត្ថកិច្ច​បន្ត​ទប់ស្កាត់ និង​ចាត់វិធានការ​លើ​ករណី​ហិង្សា​លើ​ស្ត្រី និង​កុមារ​។ ខ្ញុំ​ក៏​នៅ​មាន​ការព្រួយបារម្ភ​ពី​ការប្រើ​ហិង្សា​លើ​កុមារ​។ ព្រោះ​ពួកគាត់​មិនបាន​ចូលរៀន​គឺ​ពួកគាត់​នៅផ្ទះ ដូច្នេះ​ក្មេងៗ​មិនសូវ​នៅ​ស្ងៀម​ទេ អ៊ីចឹង​អាច​នឹង​រង​ការប្រើ​ហិង្សា​លើ​កុមារ​ដែរ​។ អ៊ីចឹង​មាន​តែ​សមត្ថកិច្ច​ជួយ​ទប់ស្កាត់ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​អាណាព្យាបាល​ឲ្យ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​នេះ​»៕