មណ្ឌលគិរី៖ សមត្ថកិច្ច​នៃ​ស្នងការដ្នាន​នគរបាល​ខេត្ត​មណ្ឌលគិរី នឹង​បញ្ចូន​សំនុំ​រឿង​ករណី​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន ៥ នាក់ ទៅ​តុលាការ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ពលរដ្ឋ​ម្នាក់​ដែល​អះអាង​ជា​ម្ចាស់​ដី ដោយ​បាន​ចោទ​ពលរដ្ឋ​ទាំង​នេះ​ថា​ បាន​សាងសង់​សំណង់​លើ​ដី​របស់​ខ្លួន។

នៅ​ព្រឹក​នេះ ពលរដ្ឋ​ទាំង ៥ នាក់ មាន​ឈ្មោះ រឿង ហែង ឈ្មោះ ណើល រិទ្ធិ ឈ្មោះ ខ្វាន់ តៃ ឈ្មោះ ខ្វែវ ស្រៀប និង​ឈ្មោះ មីង វិខ្លើយ មាន​លំនៅឋាន​ក្នុង​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែនមនោរម្យ បាន​ចូល​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ជាង ១០ នាក់​ផង​ដែរ។

លោក សូ សុវណ្ណ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៣ ឧសភា​ថា ពលរដ្ឋ​ទាំង​នោះ​បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ ប៉ុន្តែ​ពួក​គេ​មិន​មាន​ឯកសារ​ផ្លូវ​ច្បាប់ ដើម្បី​ការពារ​ខ្លួន​ក្រៅ​តែ​ពី​អះអាង​ថា ដី​ដែល​ពួក​គេ​បាន​ចូល​ទៅ​សាងសង់​រោង និង​ផ្ទះ គឺ​ជា​ដីព្រៃ​ជំនឿ​នោះ​ទេ​។

លោក​បន្ត​ថា បន្ទាប់​ពី​បាន​ស្តាប់​ការ​ស្រាយ​បំភ្លឺ សមត្ថកិច្ច​នឹង​ធ្វើ​ការ​កោះហៅ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​មក​បំភ្លឺ​បន្ថែម​ទៀត ដើម្បី​ប្រមូល​ឯកសារ និង​ភ័ស្តុតាង បញ្ចូន​ទៅ​តុលាការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​បន្ត​ក្នុង​ពេល​ខាង​មុខ។

លោក​បញ្ជាក់​ថា៖ «រឿង​នេះ យើង​នៅ​បន្ត​នីតិវិធី​បន្ត​ទៀត ព្រោះ​យើង​មិន​អាច​ចប់​ត្រឹម​ហ្នឹង​ទេ។ ពលរដ្ឋ​ដែល​ចូល​បំភ្លឺ​គាត់​មិន​មាន​ឯកសារ​សំអាង​ទេ គ្រាន់​តែ​បញ្ជាក់​ថា ដី​នេះ គឺ​ជា​ដីដូនតា ដី​ធ្លាប់​សែន​ព្រេន​របស់​ពួក​គាត់។ យើង​នឹង​បញ្ចូន​ទៅ​តុលាការ​ឲ្យ​លោក​ជា​អ្នក​សម្រេច​ចុះ។ យើង​គ្រាន់​តែ​​ជា​អ្នក​ប្រមែប្រមូល​ព័ត៌មាន ដើម្បី​បញ្ចូន​ទៅ​ឲ្យ​គាត់»។

យ៉ាង​ណា លោក សូ សុវណ្ណ បាន​អះអាង​ថា មុន​នឹង​បញ្ចូន​ករណី​នេះ ទៅ​តុលាករ សមត្ថកិច្ច​នឹង​បន្ត​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​មក​សាក​សួរ​បន្ថែម។

សូម​ជម្រាប​ថា ការ​កោះ​ហៅ​ពលរដ្ឋ​ទាំង ៥ នាក់​នេះ គឺ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ភាគី​ម្ខាង​ទៀត ដែល​អះអាង​ជា​ម្ចាស់​ដី​ទំហំ ២ ហិកតា​កន្លះ ស្ថិត​ក្នុង​ភូមិ​ពូលូង ដោយ​ពលរដ្ឋ​អះអាង​ថា ដី​នេះ គឺ​ជា​ដី​ភ្នំ​រដាង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​ត្រូវ​បាន​ជន​ខិលខូច​បាន​លួច​លក់ និង​ធ្វើ​ប្លង់។

នៅ​ថ្ងៃ​នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ស្វែងរក​លេខ​ទំនាក់ទំនង​របស់​ដើម​បណ្តឹង ដែល​បាន​ប្តឹង​ពលរដ្ឋ​ទាំង ៥ នាក់ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​ទេ ខណៈ​ពលរដ្ឋ​បាន​អះអាង​ថា អ្នក​ដែល​ប្តឹង​ពួក​គាត់ គឺ​មាន​ឈ្មោះ សេង យាម។

អ្នកស្រី រឿង ហែង ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៥ នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា ពលរដ្ឋ​ទាំង ៥ នាក់ គឺ​មិន​ខ្លាច​នឹង​ការ​បញ្ចូន​សំនុំ​រឿង​នេះ ទៅ​តុលាការ​នោះ​ទេ។

អ្នកស្រី​បន្ត​ថា ពលរដ្ឋ​ក៏​រំពឹង​ដែរ​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ ឲ្យ​ប្រគល់​ដី​ភ្នំ​រដាង​នេះ ឲ្យ​សហគមន៍​គ្រប់គ្រង ទុក​ជា​សម្បត្តិ​រួម និង​សម្រាប់​បន្ត​ធ្វើ​ពិធី​តាម​បែប​សាសនា​បន្ត​ទៀត។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​រក​យុត្តិធម៌​ឲ្យ"៕