រតនគិរី៖ ស្នងការ​នគរបាល​ខេត្ត​រតនគិរី កំពុង​ស្រាវជ្រាវ​បន្ថែម​ករណី​យោធា​ស័ក្តិ ៤ កន្លះ​ម្នាក់ ឈ្មោះ លី ថេង ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ បាន​បាញ់​សម្លាប់​បុរស​ម្នាក់​ជា​កម្មករ​របស់​ខ្លួន​ឈ្មោះ រឹម ចន្ថា ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ នៅ​ក្នុង​ចំការ​ស្ថិត​ក្នុង​ភូមិ​គងយុ ឃុំប៉ាតេ ស្រុក​អូរយ៉ាដាវ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​ជន​នេះ​នៅ​ថ្ងៃទី ២៤ មេសា។

លោក ងយ ដន អធិការ​រង​ស្រុក​អូរយ៉ាដាវ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៥ ខែ មេសាឆ្នាំ ២០២១ នេះ​ថា បន្ទាប់​ពី​ករណី​បាញ់​សម្លាប់​នេះ កើត​ឡើង​ភ្លាម លោក​បាន​បញ្ជូន​មន្ត្រី​ក្រោម​ឱវាទ ចុះ​ទៅ​ស្រាវជ្រាវ និង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ។

ប៉ុន្តែ ភ្លាមៗ​ខាង​ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​ប្រាប់​ឱ្យ​បញ្ជូន​ជនសង្ស័យ​នោះ ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត។

លោក ងយ ដន ពន្យល់​ថា ការ​បញ្ជា​ឱ្យ​បញ្ជូន​ជន​សង្ស័យ​ទៅ​កាន់​ស្នងការ​ខេត្ត​នេះ ព្រោះ​វា​ជា​ករណី​មន្ត្រី​យោធា​ដែល​មាន​តួនាទី និង​ឋានៈខ្ពង់ខ្ពស់ ដែល​ហួស​ពី​សមត្ថកិច្ច​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​នីតិវិធី។

នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ស្រាវជ្រាវ និង​ប្រមូល​ភ័ស្តុតាង​ផ្សេង​ទៀត។ លទ្ធផល​យ៉ាង​ណា​លោក​មិន​ទាន់​ដឹង​ទេ។

ទោះ​ជា​យ៉ាង​ណា លោក ងយ ដន បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​នេះ ឱ្យ​ប្រាកដ​នោះ​ទេ ។

ទាំង​ជន​សង្ស័យ និង​ជន​រងគ្រោះ គឺ​បាន​រាប់​អាន​គ្នា​អស់រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​ហើយ មិន​ដែល​មាន​ផល​រមាស់​អ្វី​ទេ ប៉ុន្តែ​ករណី​ចុង​ក្រោយ​នេះ ពុំទាន់​ដឹង​ថា ជនសង្ស័យ​មាន​កំហឹង​អ្វី​បាន​ឈាន​ដល់​បាញ់​សម្លាប់​ជន​រងគ្រោះ​បែប​នេះ។ ជន​រងគ្រោះ គឺ​ជា​កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​ចម្កា​របស់​ជនសង្ស័យ។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​អធិប្បាយ​​ពី​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី ចំពោះ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ នេះ ដោយ​លោក​ឆ្លើយ​ថា លោក​កំពុង​នៅ​ព្រំដែន​ស្តាប់​មិន​សូវ​ច្បាស់។

ប៉ុន្តែ​លោក ផែន ឌីណា ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​ថ្លែង​ថា លោក​កំពុង​តែ​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ។

លោក​បន្ត​ថា នៅ​ពេល​ដែល​បញ្ចប់​នីតិវិធី​យ៉ាងយូរ​រយៈពេល ៤៨ ម៉ោង និង​បញ្ជូន​ទៅ​តុលាការ​ហើយ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា មិន​ទាន់​ដឹង​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​នេះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ជា​មុន​សិន។

វត្ថុតាងត្រូវសមត្ថកិច្ចដកហូតមានអាវុធ​ខ្លី ១ ដើម​ម៉ាក CF98 សម្បក​កាទូស ​៥ គ្រាប់ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន ៤ គ្រាប់ បង់​ចំនួន ១។ រូបថត ហ្វេសប៊ុក

លោក ផែន ឌីណា ថ្លែង​ថា៖ «យើង​ស្រាវជ្រាវ​ឱ្យ​លម្អិត​សិន​ថា រឿង​អី​បាន​ឈាន​ដល់​ការ​បាញ់​សម្លាប់​អីចឹង ហើយ​យើង​ក៏​មិន​ទាន់​ដឹង​អត្តសញ្ញាណ​របស់ គាត់ (ជន​សង្ស័យ) ជា​មន្ត្រី​យោធា ឬ​ពលរដ្ឋ​ទេ បន្តិច​ទៀត​យើង​នឹង​ដឹង​ថា គាត់​ជា​ស្អី​ឱ្យ​ប្រាកដ»។

ជន​សង្ស័យ​ឈ្មោះ លី ថេង មាន​ស្រុក​កំណើត​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ហើយ​បច្ចុប្បន្ន​រស់នៅ​ក្នុង​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។

កាល​ពី​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ជន​សង្ស័យ​បាន​បាញ់​ចំនួន ៥ គ្រាប់ ទៅ​លើ​ជន​រងគ្រោះ​ឈ្មោះ រឹម ចន្ថា ត្រូវ​ចំ​ឆ្អឹង​ជំនីរ​ខាង​ស្ដាំ ២ គ្រាប់ និង​ត្រូវ​ចំភ្លៅ​ខាង​ស្ដាំ ១ គ្រាប់ បាន​បណ្តាល​ឱ្យ​ស្លាប់ មុន​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បរកែវ។

ក្រោយ​ពី​កើត​ហេតុ សមត្ថកិច្ច​នគរបាល​ស្រុក​អូរយ៉ាដាវ បាន​ដក​ហូត​អាវុធ​ខ្លី ១ ដើម​ម៉ាក CF98 សម្បក​កាទូស ​៥ គ្រាប់ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន ៤ គ្រាប់ បង់​ចំនួន ១ រួច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត៕