
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីសម្លាប់ និងដុតសពប្រពន្ធបំបាត់ភ័ស្តុតាង។ រូបថត នគរបាលជាតិ
សៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ គ្រោងនឹងបញ្ជូនបុរសម្នាក់ទៅស្នងការនគរបាលខេត្ត ដើម្បីបន្តនីតិវិធីនៅថ្ងៃទី ២ ខែឧសភានេះ បន្ទាប់ពីបានឃាត់ខ្លួនគេនៅថ្ងៃទី ៣០ ខែមេសា ក្រោមការសង្ស័យថា បានសម្លាប់ប្រពន្ធខ្លួន រួចយកសពទៅដុតចោលនៅក្នុងភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
អធិការនគរបាលស្រុកស្វាយលើ លោក ស៊ុន អេង បានឲ្យដឹងកាលពីថ្ងៃទី ១ ខែឧសភាថា ជនសង្ស័យឈ្មោះ អេង អឿន អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ (ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ។ រីឯជនរងគ្រោះជាប្រពន្ធខ្លួនឈ្មោះ លី កូលាប អាយុ ៣៦ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
បើតាមលោកអធិការនគរបាលស្រុកស្វាយលើបានឲ្យដឹងថា ជនសង្ស័យបានទៅប្តឹងសមត្ថកិច្ចថា បានបាត់ប្រពន្ធ។ ពេលនោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបានដាក់ការសង្ស័យលើជនជាប្តីដែលបានទៅប្តឹងនោះ ហើយក៏ហៅគាត់ទៅធ្វើការសាកសួរ។
លោកបានបញ្ជាក់ថា៖ «យើងមានការសង្ស័យ ព្រោះបាត់ប្រពន្ធតាំងពីថ្ងៃទី ២៧ ហើយដល់ថ្ងៃទី ៣០ ហើយទើបមករាយការណ៍។ អ៊ីចឹងយើងធ្វើការស៊ីបអង្កេត ហើយហៅគាត់មកសួរនាំចឹងទៅបានដឹងថា គាត់បានធ្វើការសម្លាប់មែន។ ចឹងសមត្ថកិច្ចក៏សម្រេចចាប់ខ្លួនគាត់ ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី»។
លោក ស៊ុន អេង បានឲ្យដឹងបន្តថា រឿងឃាតកម្មនេះ កើតឡើងដោយសារតែជនសង្ស័យខឹងនឹងប្រពន្ធខ្លួន ដែលទៅលេងល្បែងស៊ីសងជាប្រចាំ។ លោកថ្លែងដូច្នេះថា៖ «គាត់ខឹងប្រពន្ធគាត់លេងល្បែងរាល់ថ្ងៃរហូតដល់ទ្រាំលែងបាន ពេលប្រពន្ធមកផ្ទះវិញ ក៏ច្របាច់ករហូតដល់ដាច់ខ្យល់ស្លាប់ ហើយអូសសពទៅដាក់ក្បែរទ្រុងជ្រូក រួចហើយក្រោយមកក៏យកទៅចម្ការដុតចោលតែម្តង។ ហ្នឹងបើតាមការសារភាពរបស់ជនសង្ស័យ»។
លោក ស៊ុន អេង បានបន្ថែមថា កម្លាំងសមត្ថកិច្ចនគរបាលជំនាញនឹងបញ្ជូនជនសង្ស័យទៅស្នងការនគរបាលខេត្តចាត់ការបន្តតាមនីតិវិធីនៅថ្ងៃទី ២ ខែឧសភានេះ៕