ភ្នំពេញ៖ លោក មុំ សុជាតិ អាយុ ៣៤ ឆ្នាំ ធ្វើ​ការ​នៅ​អង្គភាព វេបសាយ កវី​ភ្នំដែក ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ​នៅ​ក្នុង​សង្កាត់​កាកាប ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធា​នីភ្នំពេញ ពេល​ដែល​កំពុង​ព្យាយាម​លួច​ម៉ូតូ​មួយ​គ្រឿង ដែល​គ្រោង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក។

លោក ជា សុវណ្ណ អធិការ​រង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២០ មេសា​ថា ជន​សង្ស័យ​រូប​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ សង្កាត់​កាកាប ២ ចាប់​ខ្លួន ពេល​ជន​សង្ស័យ​លួច​ម៉ូតូ​អ្នក​ភូមិ ១ គ្រឿង បម្រុង​ជិះ​គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ហើយ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង។

លោក​ថ្លែង​ថា៖ «សំណុំ​រឿង​របស់​ជនសង្ស័យ​កំពុង​ដំណើរការ ហើយ​ប្រសិន​បើ​បញ្ចប់​នៅ​ថ្ងៃ​នេះ (ថ្ងៃទី ២០ មេសា) ទាន់​ខ្ញុំ​បញ្ចូន​បន្ត​ទៅ​តុលាការ តែ​បើ​មិន​ទាន់​ទេ​ខ្ញុំ​បញ្ចូន​គេ​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក​នេះ (ថ្ងៃទី ២១ មេសា)»។

លោក សុវណ្ណ ថ្លែង​ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ថា មុន​កើត​ហេតុ​ជនសង្ស័យ​បាន​ឃើញ​ម៉ូតូ ១ គ្រឿង ត្រូវ​បាន​ម្ចាស់​ចត​ទុក​នៅ​ក្បែរ​ផ្ទះ ហើយ​ជនសង្ស័យ​មើល​ឃើញ​គ្មាន​មនុស្ស​នៅ​ក្បែរ និង​មិន​ចាក់​សោក​ផង​នោះ ក៏​ធ្វើ​សកម្មភាព​លួច​តែ​ម្តង តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ និង​ដេញ​ចាប់​បាន។

លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្ស​នៃ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២០ មេសា​ថា គេហទំព័រ​នេះ ឈ្មោះ កវី​ភ្នំដែក នេះ មាន​ចុះ​បញ្ជីការ​នៅ​ក្រសួង​ព័ត៌មាន​ពិត​ប្រាកដ​មែន តែ​បុគ្គល​ឈ្មោះ មុំ សុជាតិ ម្នាក់​នេះ មិន​បាន​ប្រើប្រាស់​ប័ណ្ណ​សារព័ត៌​មាន​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ទេ។

លោក​ថ្លែង​ថា៖ «អង្គភាព​នេះ​មាន​ចុះ​បញ្ជីការ​មែន មេ​គាត់​ចេញ​ប័ណ្ណ​របស់​អង្គភាព​គាត់​ឱ្យ​ប្រើ​ទេ»។

លោក សុវណ្ណ ថ្លែង​ថា អ្នក​សារព័ត៌មាន​គួរ​តែ​គោរព​នូវ​ក្រម​សីលធម៌ វិជ្ជាជីវៈ ប៉ុន្តែ​គ្រាន់​តែ​ថា វិជ្ជាជីវៈ​ណា​ក៏​មាន​ការ​ប្រព្រឹត្ត​ខុស​ដែរ ហេតុនេះ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈ​របស់​ខ្លួន ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​គាំទ្រ​នូវ​ទង្វើ​បែប​នេះ​ទេ ហើយ​ប្រសិន​បើ​យើង​ធ្វើ​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ថា តើ​យើង​គួរ​តែ​ចង​ចំណុច​នេះ​ដែរ ឬទេ»៕