សៀមរាបៈ ​កម្លាំង​នគរ​បាលអន្តោ​ប្រ​វេសន៍​ប្រចាំ​នៅ​ព្រលានយន្ត​ហោះ​អន្តរ​ជាតិ​ខេត្ត​សៀមរាប​ បាន​ឃាត់​ខ្លួន​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ ២ នាក់​ ដោយ​រឹប​អូស​លុយ​បានជាង​ ២​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​បាន​នាំ​ចូល​មក​កម្ពុជា​ពី​ទីក្រុង​ហុង​កុង​ ឆ្លង​កាត់​ព្រលាន​យន្ត​ហោះ​ខេត្ត​នេះ​ កាល​ពី​ថ្ងៃ​អាទិត្យ។​

​យោង​តាម​គេហ​ទំព័រ​របស់​អ​គ្គស្ន​ង​ការ​នគរ​បាល​ជាតិ​ បាន​ឲ្យ​ដឹង​ពី​ម្សិល​មិញ​ថា ​ជន​ជាតិ​កូ​រ៉េ​ខាង​ត្បូង​ដែល​រង​ការ​ចាប់​ខ្លួន​នោះ​ ទី១​ មាន​ឈ្មោះ ​YOON WONGI​ អាយុ​ ៣៣ ​ឆ្នាំ​ កាន់​ប៉ាស្ព័រ​លេខ​ M54310302 ​និង​ទី២​ ឈ្មោះ​ SONG HYUNHOO ​អា​យុ​ ៤៤​ ឆ្នាំ ​កាន់​ប៉ា​ស្ព័រ​លេខ​ M4106054​ ដោយ​ពួកគេ​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​លេខ​ UO-706 (HKG-REP)​ ម​ក​ពី​ទី​ក្រុង​ហុងកុង ប្រទេស ​ចិន។​

​របាយ​ការណ៍​ដដែល​ បាន​បញ្ជាក់​ថា​៖​ ​«​ពេល​មក​ដល់​ព្រលាន​យន្ត​ហោះ​ កម្លាំង​ប៉ុស្តិ៍នគរ​បាល​អន្តោ​ប្រវេ​ស​ន៍​ បាន​សហ​ការ​ជា​មួយ​កម្លាំង​កា​រិ​យាល័យ​​គយ ​និង​រដ្ឋា​ករ​ប្រចាំ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រា​ប​ ក៏​បានឃាត់​ជន​ជាតិ​កូរ៉េខាង​ត្បូង ចំនួន ​២ នាក់​ នោះ​តែ​ម្តង​»​។​

​របាយ​ការណ៍​បន្ត​ថា​៖​ ​«​បុរស​បរ​ទេស​ទាំង​ ២ នាក់​នេះ ​បាន​នាំ​ចូល​ប្រាក់​ដុល្លារ​ខុស​ច្បាប់​ ចំនួន​ ២ ២០០ ០០០$ នាំ​យក​មក​ពី​ទី​ក្រុង​ហុង​កុង​ ប្រទេស​ ចិន។​ ក្នុង​នោះ​រួម​មាន​ ក្រដាស​ប្រាក់​ ១០០$ ​ចំនួន​ ២១​ ៩០០ ​សន្លឹក​ និងក្រ​ដាសប្រាក់​ ៥០ $ ​ចំនួន​ ២០០​សន្លឹក»។​

​យោង​តាម​របាយ​ការណ៍​ក្រោយ​ការ​ឃាត់​ខ្លួន​ ជន​ជាតិ​កូរ៉េ​ខាងត្បូង​ទាំង​ ២​ នាក់​ ត្រូវ​បាន​ប្រគល់​ជូន​ ក្រុម​ប្រតិ​បត្តិការ​ទី​១​ (​សៀម​រាប​)​ ​នាយក​ដ្ឋាន​ស៊ើបអង្កេត​ និង​អនុ​វត្តនីតិ​​វិធី​ ចំណែក​​ឯ​ប្រាក់​ដុល្លា​រ ចំនួន​ ២ ២០០ ០០០$ ​រក្សា​ទុ​ក​បណ្តោះ​អាសន្ន​នៅ​ការិ​យា​ល័​យ​គយ ​និង​រដ្ឋា​ករ​ប្រចាំ​ការ​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​ ដើម្បី​បន្ត​នីតិវិធី។​

​គេហ​ទំ​ព័រ​នគរ​បាល​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​៖ ​«​ស​មត្ថ​កិច្ច​បន្ត​ថា ​រាល់​លុយ​ទាំង​ឡាយ​ អ្នក​ដំណើរ​អាច​យក​ទៅ​តាម​ខ្លួន​តែ​ ១ ម៉ឺន​ដុល្លារ​ទេ​ បើ​លើស​សមត្ថ​កិច្ច​ឃាត់​បណ្តោះ​អាសន្ន​ស្រាវជ្រាវ​សិន»។​

​លោក​ ​សេន​ ​សាន់​ដេ​ ​ប្រធាន​ផ្នែក​ប្រតិ​បត្តិ​ការ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀម​រាប បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​ពិត​ជា​មាន​ការ​ឃាត់​ខ្លួន​ ​ជន​ជាតិ​កូ​រ៉េ​ ​ដែល​បាន​នាំ​ចូ​ល​លុយ ដោយ​គ្មាន​ប្រភព​ច្បាស់​​លាស់​ចូល​មក​កម្ពុជា​ ​តាម​ច្រក​អន្តរ​ជាតិ​ខេត្ត​សៀម​រាប​មែន​ ​ដោយ​សារ​តែ​មាន​ការ​សហ​ការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ ដូច្នេះ​ ជន​សង្ស័យ​ និង​វត្ថុ​តាង​ ​ត្រូវ​បាន​ដក​ហូត​ ​និង​ឃាត់​ខ្លួន​ហើយ​ ​ដោយ​ចំណាត់​ការ​បន្ត​យ៉ាង​ណា​ទៀត​ លោក​ មិន​បាន​ដឹង​ទេ។​

​លោក​ សាន់​ដេ ថ្លែង​​ថា​៖​ ​«​តាម​ព័ត៌​មាន​ខ្ញុំ​ទ​ទួល​បាន​ ពិត​ជា​មាន​ករណី​នេះ​មែន​ ​ប៉ុន្តែ​តា​ម​ការងារ​នេះ​ គឺ​ប៉ូលិស​នៅ​អាកាស​យានដ្ឋាន​ ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ​និង​ដឹង​ព័ត៌​មាន​ច្បាស់​ជាង​ខ្ញុំ​ ​ព្រោះ​ខ្ញុំ​អត់​ហ៊ាននិយាយ​អ្វី​ពី​ក្រោយ​ហ្នឹង​ទេ​ ​ខ្លាច​ប៉ះ​ពាល់​ដល់​ការ​ងារ​របស់​ពួកគាត់»។​

លោក​ ​សេន​ ​សាន់​ដេ ​​បញ្ជាក់​​ថា​ ​ក្នុង​អំឡុង​ពេល​ដែល​លោក​មក​គ្រប់​គ្រង​នៅ​ក្នុង​ខេត្ត​សៀម​រាប​​ នេះ ​គឺ​ករណី​ដំបូង​បង្អស់​ដែល​​នាំ​លុយ​ដ៏​ច្រើន​តាម​រយៈ​ព្រលាន​យន្ត​ហោះ​ខេត្ត​សៀមរាប​នេះ។

ភ្នំ​ពេញ​ប៉ុស្តិ៍​ មិន​អាច​ទាក់​ទង​លោក ​កែវ​ វណ្ណ​ថន​ អគ្គ​នាយ​ក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រ​វេសន៍​របស់​ក្រសួង​មហា​ផ្ទៃ​ ដែល​ចុះ​ប្រតិបត្តិការ​ផ្ទាល់​ក្នុង​ករណី​នេះបាន​ទេ​កាល​ពី​ម្សិល​មិញ​ ព្រោះ​តែ​ទូរ​ស័ព្ទ​ចូល​ជា​ច្រើន​សា​ ប៉ុន្តែ​បាន​កាត់​ផ្តាច់​ទៅវិញ។

ចំណែក​លោក ​កែម ​សារិន​ ប្រធាន​នាយក​ដ្ឋាន​រដ្ឋ​បាល​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ បាន​បដិ​សេធ​ការធ្វើ​អត្ថា​ធិប្បាយ​ ដោយ​បង្វែរ​សំណួរ​ទៅ​លោក​ កែវ​ វណ្ណ​ថន​ ខណៈ​ លោក​ អ៊ុក​ ហៃ​សីឡា​ អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រ​វេសន៍ ​បាន​ដិសេធ​ផង​ដែរ​។​ ​ក្នុង​ឆមាស​ទី ១​ ឆ្នាំ​នេះ​ អាជ្ញា​ធរ​កម្ពុជា​ បាន​ឃាត់​ខ្លួន​ និង​បង្ក្រាប​ការ​នាំ​ចូល​សាច់​​ប្រាក់​ផ្ទាល់​តាម​ព្រលាន​យន្ត​​ហោះ​ប្រ​មាណ​ជាង​ ៤ លាន​ដុល្លារ។​ ក្រៅ​ពី​នេះ ​ទឹក​ប្រាក់​ជិត ១០​ លាន​ដុល្លារ​ ត្រូវ​បាន​រក​​ឃើញ​ថា​ ជា​លុយ​កខ្វក់ ​តាម​រយៈ​លំហូរ​ចេញ​ចូល​នៃ​បច្ចេកវិទ្យា​ ឬ​តាមរយៈ​ធនាគារ។​ ​​

ជាមួយ​នឹង​ការ​បង្ក្រាប​ការ​នាំ​ចូល​លុយ​កខ្វក់នេះ​ដែរ​​ កាល​ពី​ម្សិលមិញ​ ក្រសួង​មហា​ផ្ទៃ ​បាន​បើក​កិច្ច​ប្រជុំ​ពិភា​ក្សា​ការ​ងារ ​និង​ត្រួត​ពិនិត្យ​របាយ​ការណ៍​វឌ្ឍនភាព​ការ​ងារ​ប្រចាំ​ឆ​មាស​ទី ១​ និង​​ទិស​ដៅ​បន្ត​សម្រាប់​ឆមាស​ទី២ ឆ្នាំ​ ២០១៩ របស់​ខ្លួន​ផងដែរ។​ ​

កិច្ច​ប្រជុំ​នេះ បា​ន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូល​រួម​ពី​សមាស​ភាព​នៃ​អគ្គ​នាយក​ដ្ឋាន​ អង្គ​ភាព​ ចំណុះ​ក្រសួង​មហា​ផ្ទៃ ដែល​ជា​សមាជិក​នៃក្រុម​ការ​ងារ​ទាំង​អស់​ ដើម្បី​ប្រមូល​ធាតុ​ចូល​សំខាន់ៗ​ ដឹក​នាំ​ដោយ​លោក​ ងី​ ច័​ន្ទ្រ​ផល​ រដ្ឋ​លេខា​ធិការ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ត្រួត​ពិនិ​ត្យ​ឡើង​វិញ Review Panel Group-RPG ​ក្នុង​គោល​ដៅ​ ពង្រឹង​ ប្រសិទ្ធ​ភាព នៃ​ការ​ងារ​ស៊ើប​អង្កេត​ផល​សំអាង​នៃ​បទ​ល្មើស​ ការងារ​បង្ការ ​ទប់​ស្កាត់ ​បង្ក្រាប​បទ​ល្មើស​នៃ​ការ​លាង​សម្អាត​ប្រាក់​ និង​ហិរញ្ញ​ប្ប​ទាន​ ភេរ​វ​កម្ម​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត៕​