ភ្នំពេញៈ យ៉ាងហោចណាស់​ជនជាតិ​ចិន​ចំនួន ២៤១ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​រយៈពេល ៣ ខែ​ក្នុង​ឆ្នាំ​នេះ លើ​ការ​បង្ក្រាប​បទល្មើស​ក្នុង​ប្រទេស​ កម្ពុជា។ ស្ថិតិ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ជនជាតិ​ចិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឈរ​លំដាប់​លេខ ១ បើ​ប្រៀបធៀប​ជាមួយ​ជនជាតិ វៀតណាម ថៃកូរ៉េ​ខាង​​ត្បូង​ និង​អាមេរិក​។​ យោង​តាម​របាយការណ៍​ដែល​បាន​ផ្សព្វ​ផ្សាយ​លើ​គេហទំព័រ​​របស់​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ម្សិលមិញ។​

​ការ​ផ្សព្វ​ផ្សាយ​នៅ​លើ​គេ​ហ​ទំ​ព័រ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​នៃ​អគ្គ​ស្នង​ការ​​ ប្រធាន​នាយក​ដ្ឋាន​ ស្នង​ការ​រាជ​ធានី​-​ខេត្ត​ ព្រម​​ទាំង​តំណាង​ស្ថាន​ទូត​នៅ​ប្រទេស​កម្ពុ​ជា​មួយ​ចំនួន​បាន​ចូល​រួម​ប្រជុំ​នៅ​ទីស្តី​ការ​ក្រសួង​មហាផ្ទៃ​កា​ល​ពី​ម្សិល​មិញ​ស្តីពី​របាយ​ការណ៍​លទ្ធ​ផល​កិច្ច​សហ​ប្រតិ​បត្តិការ​ក្រុម​ព័ត៌​មាន​ទាន់​ហេតុកា​រណ៍ ​(Hotline) ជា​មួយ​ជន​បរទេស​នៅ​កម្ពុជា​ ប្រចាំ​ត្រី​មាស​ទី១​ ឆ្នាំ​ ២០១៩។​ ​តាម​រយៈ​ Hotline​ នេះ​បាន​ទទួល​បណ្តឹង​សុំ​ប្រតិ​បត្តិការ​អន្ត​រាគមន៍​ពី​ជន​បរទេស​ និង​ស្ថាន​ទូត​ចំនួន​ ១១​ ករណី ​ហើយ​បាន​ដោះ​ស្រាយ​បញ្ចប់​ ៨ ​ករណី ​និង​មិន​ទាន់​បញ្ចប់ ៣​ ករណី ​(​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត)។​

​របាយ​ការណ៍​ការ​នៃ​ការ​ផ្សព្វ​ផ្សាយ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ក្នុងត្រី​​មាស​ទី១​ នេះ ​គឺ​មាន​ជន​បរទេស​ប្រព្រឹត្ត​បទ​ល្មើស​លើ​ ១២​ រាជធានី​-​ខេត្ត​ ទូ​ទាំង​ប្រ​ទេស​មាន​ចំនួន​ ៨២​ ករណី ​ដោយ​បាន​ឃាត់​ខ្លួន​សរុប ​៣៤១​ នាក់​ មាន​ ២០ ​សញ្ជាតិ លើ​ ២០ ​ប្រភេទ​បទល្មើស​។​ ​សញ្ជាតិ​ប្រព្រឹត្ត​បទ​ល្មើស​ច្រើន​ជា​ង​គេ​គឺ ​ចិន​ ២៤១ ​នាក់​, វៀត​ណាម​ ៤៩ នាក់​,​ ថៃ​ ២៦ នាក់, កូរ៉េ​ខាង​ត្បូង​ ៤ នាក់​, អា​មេរិក​ ៣ នាក់។​ ​

​របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​ត្រីមាស​ទី១ ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ២០​ ​ខែ ​ធ្នូ ​ឆ្នាំ​ ២​០១៨​ ដល់​ថ្ងៃទី​ ១៩​ ខែ​ មីនា ឆ្នាំ​ ២០១៩ ​ជន​បរទេស​ដែល​ទទួល​រង​គ្រោះ​ពី​ឧប​ទ្ទវ​ហេតុ​នានា​កើត​មាន​លើ​ ១៥ ​រាជ​ធានី-​ខេត្ត ​មាន​សរុប ​១៦៧​ ករណី ក្នុង​នោះ​រង​គ្រោះ​សរុប​ ២១១ ​នាក់​ មាន ៣៥ ​សញ្ជាតិ​ ហើយ​ជន​បរទេស​ ដែល​បាន​ទទួល​រងគ្រោះ​ច្រើន​ជាង​គេ​ គឺ​ចិន មាន​ចំនួន​ ៩៨​ នាក់​ បន្ទាប់​មក​បារាំង​ ១២ ​នាក់,​ អង់​គ្លេស​ ១១​ នាក់,​ អាល្លឺ​ម៉ង់ ​៩ នាក់,​ អាមេរិក ៧ នាក់។​

របាយ​ការណ៍​នេះ​ឲ្យ​ដឹង​ថា​៖ «​បទ​ល្មើស​ដែល​បង្ក​ឡើង​នេះ ​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹងបទល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​ បៀត​បៀន​ផ្លូវ​ភេទ​ ការ​រៀប​ការ​ខុស​ច្បាប់​ និង​ការ​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​ជា​ដើម​ ខណៈ​ដែល​ជនរង​គ្រោះ​ជា​ជន​បរទេស​ភាគ​ច្រើន​ ​ពួក​គេ​រង​គ្រោះ​ដោយ​ឧបទ្ទវ​ហេតុ ​ជំងឺ ​ធ្វើ​អត្ត​ឃាត ​និង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍»។ ​

​លោក ​ថោង​ លីម​ អគ្គ​ស្នង​ការ​រង នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ទទួល​បន្ទុក​ផ្នែក Hotline​ កាល​ពី​ម្សិល​មិញ​បាន​បដិ​សេធ​ធ្វើ​អត្ថា​ធិប្បាយ​ ព្រម​ទាំង​បាន​បង្វែរ​សំណួរ​ទៅ​កាន់​លោក​ ឆាយ​ គឹម​ខឿន​ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ។

​លោក​ ​ថោង​ លីម​ ថ្លែង​ថា​៖​ «​សួរ​ទៅ​អ្នក​នាំ​ពាក្យ​របស់​អគ្គ​ទៅ​ ភារ​កិច្ច​របស់​គាត់​។​ ទាក់​ទង​ទៅ​ឯក​ឧត្តម​ ​ឆាយ​ ​គឹម​ខឿន​ ​បាទ​ៗ​អរគុណ»។​​

​លោក ​ឆាយ ​គឹម​ខឿន ​សុំ​មិន​ធ្វើ​ការ​អត្ថា​ធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​នោះ​ទេ។​

​​លោក​ ​ឆាយ​ ​គឹម​ខឿន​ ថ្លែង​ថា​​៖ «​ទាក់​ទង​ជា​មួយ​ក្រុម​ ​hotline ​ផ្ទាល់​ទៅ​ ឯក​ឧត្តម ​ថោង​ លីម​។​ បើ​របា​យការ​ណ៍​គាត់​ទុក​ខ្លួន​គាត់​ ​សួរ​គាត់​ផ្ទាល់​ទៅ​ ​អ្នកនាំ​ពាក្យ​ណា​ដឹង​គ្រប់​ប្រព័ន្ធ​ហ្មង?»។

លោក​ ​ថោង​ ​ម៉ារ​ឌី ​នាយ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​អូរ​ឬ​ស្សី​ទី ​១​ បាន​ប្រាប់​ភ្នំពេ​ញ​ប៉ុស្តិ៍កាល​​ពី​​ម្សិល​មិញ​ថា ​បើ​តាម​ទស្សនៈ​របស់​ខ្ញុំ​ ​ជន​ជាតិ​ចិន​ដែល​មក​មិន​បាន​ស្វែង​យល់​ពី​ច្បាប់​នៅ​កម្ពុជា​យើង ​ហើយ​ចិន​ដែល​មក​នេះ​​ភាគ​ច្រើន​ជា​ជន​ល្មើស​នៅ​ចិន​ដែល​ជា​សមាសភាព​មិន​ល្អ​ តែ​ពួក​ប្រ​ព្រឹត្ត​បទ​ល្មើស​ហ្នឹង​ ​បើ​មាន​យើង​ចាត់​ការ​តាម​វិធាន​ការ​ច្បាប់​របស់​ប្រទេស​យើង​ ​មិន​មាន​ការ​លើក​លែង​អនុ​គ្រោះ​អីទេ»។​​ ​

​លោក​ ​ម៉ារឌី​ ​ថ្លែង​ថា៖ ​«​ចំ​ពោះ​បញ្ហា​ថា​ ​ជន​ជាតិ​ចិន​អាង​ពី​ទំ​នាក់​ទំ​នង​រវាង​ប្រមុខ​រដ្ឋា​ភិ​បាល​កម្ពុ​ជា ​ដែល​មាន​ភាព​ស្អិត​រមួត​អី​ហ្នឹង​ ​គឺ​ជា​ទស្សនៈ​បុគ្គល​ទេ​ ​មិន​មែន​ជា​រួម​ទេ​ ​ព្រោះ​បើ​រដ្ឋាភិបាល​យើង បើ​ទោះ​ជា​ទទួល​ស្គាល់​ ​ពី​ចំ​ណង​មិត្ត​ភាព​រវាង​កម្ពុ​ជា​-ចិន​ ​ក៏​មិន​បណ្តោយ​ឲ្យ​វា​មកធ្វើ​អនា​ធិបតេយ្យ​ក្នុង​ប្រទេស​យើង​ទេ»។​

​​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​​គេហ​ទំព័រ​ដដែល​នេះ​បាន​ឲ្យដឹង​ថាក្នុង​​កិច្ច​ប្រជុំ​នោះ​មន្ត្រី​ជាន់ខ្ពស់​​ បាន​ដាក់​ទិស​ដៅ​សម្រាប់​អនុ​វត្ត​បន្ត ​ដូច​ជា​​បន្ត​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​ដោះ​ស្រាយ​ករណី​បណ្ដឹង​ដែល​នៅ​សល់,​ ​បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ការពារ​សន្តិ​សុខ​ សុវត្ថិ​ភាព និង​សណ្តាប់​ធ្នាប់​សា​ធារណៈ​ដែល​មាន​គោល​ដៅ​ ស្ថាន​ទូត ​និវេ​សន​ដ្ឋាន​ មន្ត្រី​ការ​ទូត វិនិ​យោគិន​បរទេស ​អ្នក​ទេស​ចរ​បរទេស​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​,​ បន្ត​ជួប​ពិភាក្សា​ការងារ​ជា​មួយ​គ្រប់​ភា​គី​ពាក់​ព័ន្ធ​ទាំង​អស់ ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​ដោះស្រាយ​បញ្ហា​នានា។

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ លោក ​សន ​ជ័យ ​ប្រធានអង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា ​បាន​និយាយ​ថា​ បញ្ហា​នេះ​ គឺ​ជា​អ្វី​ដែល​សង្គម​ស៊ីវិល​ តែ​ង​តែ​លើក​យក​មក​ពិភា​ក្សា ​និង​សំណូ​មពរ​ឲ្យ​អាជ្ញា​ធរ គួរ​មាន​វិធាន​ផ្លូវ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ស្រប​ពេល​លំហូរ​ចូល​ដ៏​ច្រើន​ស​ន្ធឹក​សនា្ធប់​របស់​ជន​ជាតិ​ចិន​មក​កម្ពុជា។​ ​បើទោះ​ជា​រដ្ឋាភិ​បាល ​សម្លឹង​ខ្ពស់​ពី​ការរី​ក​ចម្រើន​សេដ្ឋ​កិច្ច​ តាម​រយៈ​ការ​វិនិយោគ និង​ទេសចរណ៍​ពី​ជន​ជាតិ​នេះ​ក៏​ដោយ​ ក្រោម​រូបភាព​បែប​នេះ ​គេ​អាច​នឹង​សម្លឹង​មក​កម្ពុជា​ថា​ជា​ប្រទេស​មួយ​ដែល​មាន​ភាព​អនា​ធិបតេយ្យ ​ដោយ​ការ​គ្រប់គ្រង​ជន​បរទេស​មិន​បាន​ល្អ​។​​

​លោក​បន្ត​ថា​៖​ «​រដ្ឋាភិ​បាល ​គួរតែ​ចាត់​ទុក​ជនជាតិ​ចិន​ គឺជា​​ក្រុម​ដែល​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិនិត្យ​ និង​តាម​ដាន​លើ​កិច្ច​ការ​រដ្ឋ​បាល ​និង​បទ​ល្មើស​ផ្សេងៗ​ ខណៈ​ពេល​ដែល​យើង​មាន​មន្ទិល​ជុំវិញ​ករណី​បណ្ណ​បើក​បរ ​ដែល​ពួក​គេ​ទទួល​បាន​ដោយ​អំពើ​ពុក​រលួយ ​និង​គ្មាន​បណ្ណ​បើក​បរ​​។​ យើង​ទទូច​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ចំពោះ​ការ​ធ្វើ​ដំណើរ​ ការ​រស់នៅ​ កន្លែង​ធ្វើ​ការ​របស់​ពួក​គេ​ ដើម្បី​ធានា​ថា​ពួក​គេ​បាន​គោរព​តាម​ប្រពៃ​ណី​ ទំនៀមទម្លាប់​ និង​ច្បាប់​របស់​កម្ពុជា។ ​ជន​ជាតិ​ចិន​មាន​កាំ​ភ្លើងគ្រប់​​បែប​យ៉ាង​ ​ដែល​បារម្ភ​ថា ​​បទបញ្ជា​​ផ្សេងៗ​របស់​អាជ្ញាធរ​ លែង​មាន​ប្រសិទ្ធភាព»៕​​