ក្រចេះ: បុរស​ម្នាក់​ត្រូវ​នគរបាល ស្រុក​ស្នួល​ឃាត់ខ្លួន និង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល​បន្ទាប់ពី​ធ្វើឲ្យ​ឆាបឆេះ​ប្រេងសាំង​រលាក​ខ្លួន​ប្រពន្ធ​របួសធ្ងន់​នៅ​ភូមិ​កណ្តាល ឃុំ​ស្រែចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​ ១៧ វិច្ឆិកា​។

លោក ចាន់ សុខគីម អធិការនគរបាល​ស្រុក​ស្នួល​ប្រាប់​ពី​ម្សិលមិញ​ថា បុរស​ជា​ប្តី និង​ជា​អ្នកបង្ក​ឈ្មោះ កែវ ប៊ុនឡុង អាយុ ៣៨ ​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ឈុំ ស្រី អាយុ ៣៣ ​ឆ្នាំ ពួកគេ​មាន​កូន​តូចៗ​ ៣ ​នាក់​ (​ប្រុស​ ២ ​ស្រី​ ១) ​ក្នុង​បន្ទុក​។

លោក​ប្រាប់ថា ពាក់ព័ន្ធ​នឹង​បទល្មើស​ហិង្សា​នេះ​សមត្ថកិច្ច​របស់​លោក មិន​ទាន់​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ប្តី​នៅ​ឡើយ​ទេ ព្រោះ​គាត់​ឆេះ​រលាក​ដៃ និង​ជើង​ដែរ​ហើយ​ត្រូវ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សិន​។ ប៉ុន្តែ​លោក​បានដាក់​កម្លាំង​សមត្ថកិច្ច​របស់​លោក​ឲ្យ​ចាំ​យាម​នៅ​មន្ទីរពេទ្យ​នោះដែរ ។

លោក​បន្តថា តាម​សាក្សី និងក្រោយពី​ប្រមូល​ព័ត៌មាន​ជុំវិញ ហេតុការណ៍​នេះ​មក បង្ហាញ​ថា​ជនបង្ក​ខឹង​នឹង​ប្រពន្ធ​របស់គាត់​ហើយ​គាត់​យក​ដែកកេះ​មក​កេះ​បំណង​ដុត​ម៉ាស៊ីន​ត្រង់សឺន័រ​ចោល​។ ប៉ុន្តែ​ពេលនោះ​មាន​ការប្រតាយប្រតប់​គ្នា​ហើយ​ក៏​ធ្វើឲ្យ​ប៊ីដុង​ដែល​ដាក់​ប្រេងសាំង​នៅក្បែរ​នោះ​រលំ​កំពប់​បណ្តាល​ឲ្យ​ឆាបឆេះ​តែម្តង​ទៅ​។

លោក​ថា​៖ «​រឿងនេះ​យើង​គិតថា​ជា​អំពើ​ហិង្សា តែ​ដោយ​ប្តី និង​ប្រពន្ធ​រលាក​ខ្លួន​ទាំង​ ២ ​នាក់​ដូច្នេះ យើង​បញ្ជូន​ពួកគាត់​ទៅ​ព្យាបាល​សិន​។ តែ​បុរស​ជា​ប្តី យើង​ដាក់​កម្លាំង​យាម​គាត់​»​។

លោក អ៊ុច សុផាណា នាយនគរបាល​ប៉ុស្តិ៍ ឃុំ​ស្រែចារ ប្រាប់​ពី​ម្សិលមិញ​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា មូលហេតុ​នៃ​អំពើហិង្សា​នេះ​គឺ​កាលពី​ល្ងាច​វេលា​ម៉ោង ៦ ថ្ងៃទី​ ១៧ វិច្ឆិកា ជនបង្ក​បាន​ជុំគ្នា​ផឹកស្រា​ជាមួយ​អ្នកភូមិ​។ ខណៈ​កំពុង​ផឹកស្រា​នោះ​ស្ត្រី​ឈ្មោះ ឈុំ ស្រី ជា​ប្រពន្ធ​របស់​ជនបង្ក​បាន​ដើរ​ទៅ​ហៅ​ប្តី​ឲ្យ​ឈប់​ផឹកស្រា​ហើយ​ឲ្យ​ទៅចៀរ​ជ័រកៅស៊ូ តែ​ត្រូវ​បុរស​ជា​ប្តី​ខឹង​។

លោក​បន្តថា ​ពេល​នោះ​បុរស​ជា​ប្តី​បាន​ស្ទុះ​ទៅ​ទាញ​ម៉ាស៊ីន​ត្រង់សឺន័រ មក​បញ្ឆេះ​បំណង​អារ​សសរផ្ទះ​ចោល​។ ប៉ុន្តែ​ត្រូវ​ស្ត្រី​រងគ្រោះ​ស្ទុះ​ទៅ​ប្រតាយប្រតប់​ប្តី​ដើម្បី​បញ្ឈប់​សកម្មភាព តែ​ត្រូវ​ជនបង្ក​យក​ដែកកេះ មក​កេះ តែ​ចៃដន្យ​នៅ​ក្បែរ​នោះ​មាន​ប៊ីដុង​សាំង​ ១ ​ដែល​មាន​សាំង​ ៥ ​លីត្រ​កំពប់​ធ្វើឲ្យ​ឆាប​ជា​អណ្តាតភ្លើង​ឆេះ​ទាំង​ស្ត្រី​រងគ្រោះ និង​ប្តី​ទៅ​។

លោក​បន្តថា ដោយ​ឃើញ​ប្រពន្ធ​ត្រូវ​ភ្លើង​សាំង​ឆាបឆេះ​ខ្លួន​បែប​នេះ ក៏​ស្ទុះ​ទៅ​លើក​បី​ប្រពន្ធ​ដាក់​ក្នុង​ពាងទឹក ប៉ុន្តែ​ភ្លើង​មិន​រលត់​ក៏​ត្រូវ​បុរស​ជា​ប្តី​លើក​ប្រពន្ធ​ពី​ពាងទឹក​ដាក់​នៅ​លើ​ដី​ហើយ​ពន្លត់​រហូត​រលត់​ភ្លើង និង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​។ ​ស្ត្រី​រងគ្រោះ​បើ​ព្យាបាល​ហើយ​ក៏​ប្រហែល​ជា​ពិការ​ផង​៕