ព្រះ​សី​ហនុៈ ​កម្លាំង​សមត្ថ​កិច្ច​ខេត្ត​ព្រះ​សី​ហ​នុ​ ​កាល​ពីម្សិល​មិញ​ ​បាន​ចុះ​បង្ក្រាប​ទី​តាំង​ក្លិប​មួយ​កន្លែង​ ក្នុង​សង្កាត់​លេខ ៤ ក្រុង​ព្រះសីហនុ​ ​ដែល​មាន​ឈ្មោះ​ថា​ ​ក្លិប​អូបាម៉ា​ ​KTV​ ដោយ​បាន​ឃាត់​ខ្លួន​​មនុស្ស​​យ៉ាង​ហោច​ណាស់​ជាង ១០០ ​នាក់​ ដែល​​ភាគ​ច្រើន​ជាជនជាតិ​ចិន​ ខណៈ​ក្នុង​ប្រតិ​បត្តិ​ការ​នោះ​ ​ក៏​បាន​ដក​ហូត​គ្រឿង​ញៀន​​មួយ​ចំនួន​ផងដែរ។​

​អ្នក​នាំ​ពាក្យ​សា​លា​ខេត្ត​ព្រះ​សី​ហនុ ​លោក​ ​ឃាង​ ​ភារម្យ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពីម្សិល​មិញ​ថា​ ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាបក្លិប​មួយ​នេះ​ ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ​ ​៣​ ទៀប​ភ្លឺ​ ​និង​ក្រោម​ការ​ដឹក​នាំ​ដោយ​ផ្ទាល់​​របស់​លោក ​គួច​ ចំរើន អភិបាល​ ​ខេត្ត​ព្រះសីហនុ។​

​ក្រោយ​ចុះ​បង្ក្រាប​ ​មាន​មនុស្ស​យ៉ាង​​ហោច​ណាស់​ ​១៥៤​ ​នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​ ​និង​បញ្ចូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ​​ដើម្បិ​ធ្វើ​ការ​សាក​សួរ​ ចំណែក​គ្រឿង​ញៀន​ ​ដែល​រឹប​អូស​បាន​ ​ជំនាញ​បន្ត​ត្រួតពិនិត្យ។​

​លោក​ ​ភារម្យ​ ​បាន​អះអាង​ថា​ ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្តទុក​ដាក់​ ​បន្ទាប់​ពី​បាន​បង្រ្កាប​ក្លិប​នៅ​ក្នុង​ខេត្ត​នេះ​ ​ចំ​នួន​ ​២​ ​រួច​មក​ហើយ។​ ​

​លោក​បញ្ជាក់​ថា​៖​ ​«​យើង​ពង្រឹង​ខ្លាំង​ទៅ​លើ​បញ្ហា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ​ដូច្នេះ​កម្លាំង​ជំនាញ​ បាន​ធ្វើ​កា​រ​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ​ដោយ​យើង​បាន​រក​តម្រុយ​ឃើញ​រហូត​ដល់​ចុះ​បង្រ្កាប​បាន។​ ​មិន​ថា​ទី​តាំង​មួយ​កន្លែង​នេះ​ទេ កន្លែង​ផ្សេង​ទៀត​ ​បើ​យើង​រក​ឃើញ​ថា​ ​មាន​បទ​ល្មើស​ហើយ​ ​គឺ​ត្រូវ​តែ​ចុះ​បង្រ្កាប»។​

​លោក​ ​ជួន​ ​ណារិន្ទ​ ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ដែរ​ថា ​ក្រោយ​ការ​ឃាត់​ខ្លួន​ ជំនាញ​បាន​បន្ត​សាក​សួរ​ ​និង​ពិនិត្យ​ទឹក​នោម​ ​ដើម្បី​ស្វែង​រក​សារ​ធាតុ​ញៀន​ ​និង​ដើម្បី​កំណត់​មុខ​សញ្ញា​មេ​ខ្លោង​ និង​ជន​ជាប់​សង្ស័យ​ជុំវិញ​បទល្មើស​នេះ។​ ​

លោក​ ​ណា​រិន្ទ​ បញ្ជាក់​ថា​ ​ក្នុង​មនុស្ស​ដែល​បាន​ឃាត់​ខ្លួន​នេះ​ ភា​គ​ច្រើន​ជន​ជាតិ​បរ​ទេស ​ដោយ​ក្នុង​នោះ ​ជន​ជាតិ​ចិន​ ​មាន​ចំនួន​ច្រើន​ជាង​គេ​ ​ដល់​ទៅ ​៧០​ ​ឬ​ ៨០​ ​ភាគ​រយ​ដែល​ពួកគេ​ជា​ភ្ញៀវទេសចរ។

លោក​បញ្ជាក់​ថា​៖​ ​«​ប្រ​មូល​មក​ទាំង​អស់​ ​បូក​រួម​ទាំង​អ្នក​យាម​ឡាន​ ​យាម​អី​ ព្រោះ​វា​ស្ថិត​ក្នុង​រង្វង់​ប្រតិ​បត្តិការ​ហើយ​យើង​ញែក​ម្តង​បន្តិចៗ​ ​ដោយ​ទី​ ១ ធ្វើ​តេស្តទឹក​នោម​ ​និង​ទី២ យើង​កំពុង​ញែក​ឲ្យ​ចេញ​ថា​ ​អ្នក​យាម​ឡាន​ប៉ុន្មា​ន​ អ្នក​អនា​ម័យ​ប៉ុន្មាន​ ​អ្នក​យាម​ម៉ាស៊ីន​ភ្លើង​ប៉ុន្មាន​ ​និង​អ្នក​បម្រើ​ប៉ុន្មាន​ ​ហើយ​ភ្ញៀវ​រួ​ម​ទាំង​អ្នក​មើល​ការ​ខុស​ត្រូវ​ប៉ុន្មាន​?»។

​លោក​ ​ជួន​ ​ណា​រិន្ទ​ ​កាល​ពី​ម្សិល​មិញ​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ទេ​ថា​ ​គ្រឿង​ញៀន​ដែល​បាន​ដក​ហូត​នោះ មាន​ចំនួន​ប៉ុន្មាន​ ​ព្រោះ​កំពុង​ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​ ​ប៉ុន្តែ​លោក​អះអាង​ថា ភាគ​ច្រើន​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​ក្លិប​ ​បាន​ប្រើប្រាស់​គ្រឿង​ញៀន​ ​ជា​ប្រ​ភេទ​ ​ខេតាមីន​ ​(​ម៉ា​ទឹកកក)។​

​លោក​បញ្ជាក់​ថា​៖​ ​«​សំខាន់​យើង​ត្រូវ​តែ​ធ្វើ​តេស្ត​ឲ្យ​បាន​ហ្មត់​ចត់​ ​វេច​ខ្ចប់​ ​ហើយ​និង​ការ​ថ្លឹង​។​​​ ប៉ុន្តែ​វា​មិន​មាន​ច្រើន​ប៉ុន្មាន​ទេ​ ​ព្រោះ​ពេល​យើង​ចូល​ទៅ ​(​ក្លិប​) ​វា​ពាក់​ព័ន្ធ​នឹ​ង​ការ​ប្រើ​ប្រាស់​អស់​ប៉ុន្មាន​ម៉ោង​រួច​បាត់​ទៅ​ហើយ។​​ អ៊ីចឹ​ង​មិន​នៅ​សល់​ប៉ុន្មាន​ទេ​ ​ដែល​យើង​រឹប​អូស​បាន​ ​ព្រោះ​ឥឡូវ​មិន​ទាន់​មាន​ជា​គី​ឡូ​ជា​ខាំ​អី​ទេ​ ​កំពុង​ធ្វើ​តេស្ត​ ​និង​វេចខ្ចប់»។​ ​

យ៉ា​ង​ណា​ក៏​ដោយ​ ជា​មួយ​នឹង​ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​ក្លិប​ ​អូបា​ម៉ា​ ​នេះ​ដែរ​ អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហ​នុ ​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​ ​ម្ចាស់​ក្លិប​ជា​នរ​ណា​ ​ខណៈ​សមត្ថ​កិច្ច​កំពុង​ស៊ើប​អង្កេត​ពី​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់​ ​ចំពោះ​អាជីវកម្ម​មួយនេះ។​

លោក​ស្រី​ ​ចៀប​ ​សុធា​រី​ ​មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​​ព្រះ​សីហនុ​ ​សាទរ​ចំពោះ​ការ​បង្រ្កាប​នេះ​ និង​ចង់​ឲ្យ​អាជ្ញា​ធ​រ​ ​ប​ន្ត​ចុះ​បង្រ្កាប​ជា​បន្ត​បន្ទាប់​ទៀត​ ​ដើម្បី​ទប់​ស្កាត់​នូវ​ភាព​អនា​ធិប​តេយ្យ​ ជា​ពិសេស​ ការ​ភ្លើត​ភ្លើន​​របស់​យុវ​ជ​ន​។​ ​លោក​ស្រី​បន្ត​ថា​ ​ទាំង​ក្លិប​នៅ​ភ្នំពេញ ​ឬ​តាម​បណ្តា​ក្លិប​នានា​នៅ​តាម​បណ្តា​ខេត្ត​ គឺ​សុទ្ធ​តែ​មា​ន​ប្រើប្រា​ស់​នូ​វ​គ្រឿង​ញៀន​ ​ស្រប​ពេល​លោក​ស្រី ​មើល​ឃើញ​ថា​ ​ចំពោះ​ក្លិប​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​គឺ​ភាគ​ច្រើន​មាន​ម្ចាស់​ជា​ជនជាតិ​ចិន។​

​ជា​មួ​យ​គ្នា​នេះ​ ​លោក​ស្រី​ក៏​រំពឹង​ដែរ​ថា​៖​ ​«​នៅ​ពេល​សមត្ថ​កិច្ច​បង្រ្កាប​បាន​ហើយ​ ​សុំកុំ​ឲ្យ​មាន​ការ​លើក​លែង​ ត្រូវ​ផ្តន្ទាទោស​ទៅ​តាម​​ច្បាប់​របស់​ប្រទេស​ កម្ពុ​ជា​ ​ហើយ​ដាក់​ទោស​ឲ្យ​ធ្ងន់​ទៀត​។​ ​បើ​និយាយ​តាម​ត្រង់​ទៅ​ ជួយ​រក​មើល​ផង​ ​ថា​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​ការ​ពារ​មុខ​របរ​នេះ​។​ ​តាម​ពិត​យើង​មិន​មែន​ឲ្យ​គាត់​បើក​ក្លិប​រាំ​ស្រាត​ដូច្នេះ​ទេ​ ហើយ​អ្នក​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នេះ​ ​ក៏​ត្រូវ​យក​មក​ផ្តន្ទា​ទោស​ដែរ។​ ​បើ​សិន​ជា​ចាប់​បាន​មេខ្លោង​ដែល​នៅ​ពីក្រោយ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ហ្នឹ​ង​ ​សូម​មេត្តា​ប្រកាស​ជា​សាធារណៈ​ឲ្យ​គេ​បាន​ស្គាល់​មុខផង»។​

​តាម​របាយ​ការណ៍​របស់​ ​ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សីហ​នុ​ ​កាល​ពី​ដើម​ខែ​កក្ក​ដា​ ​បាន​ឲ្យ​ដឹង​ថា​ ​ទូទាំង​ក្រុង​ព្រះសីហនុ មាន​​ក្លិប​កម្សាន្ត​ខារ៉ា​អូ​ខេ​ចំនួន ​៤១​ ​កន្លែង​ ​ដោយ​ក្នុង​នោះ ​ស្ថិត​ក្រោមការ​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ចិន​ ខណៈ​របាយ​ការណ៍​ដដែល​បាន​បង្ហាញ​ថា ​អាជី​វ​កម្ម​ជាង ​៩០ ​ភាគ​រយ ​នៅ​ខេត្ត​នា​ពេល​បច្ចុ​ប្បន្ន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជន​ជាតិ​ចិន​ ​រាប់​ចាប់​តាំង​​ពី​សណ្ឋា​គារ ​កា​ស៊ី​ណូ ​ភោជនីយដ្ឋាន ​រហូត​ដល់​ហាង​​ម៉ាស្សា៕​