កណ្តាលៈ នគរបាល​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១១ ​នាក់ ​នៅក្នុង​ស្រុក​ល្វាឯម​កាលពី​ថ្ងៃ​ទី​ ១៩ ខែឧសភា ដែលជា​អ្នកលក់​ស្រាស និង​ស្រា​ត្រាំ​ថ្នាំ​មាន​សារធាតុ​មេតាណុល​លើស​កម្រិត បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ក្រោយពី​ចំនួន​អ្នក​ផឹកស្រា​បាន​ពុល​ស្លាប់​ជា​បន្តបន្ទាប់​កើនឡើង​ដល់​ ១៣ ​នាក់​។

លោក ហេង សុផល អធិការ​ស្រុក​ល្វាឯម​នៅ​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ​ ២០២១ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ទាំង​ ១១ នាក់​នេះ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​លក់​ស្រាស និង​ស្រាថ្នាំ មាន​សារធាតុ​មេតាណុល​ខ្ពស់​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​»​។ «​ខ្ញុំ​មិនទាន់​ដឹង​នោះទេ​ថា ត្រូវ​ដោះលែង​ ឬ​ក៏​ត្រូវ​ឃុំ ព្រោះ​ហួស​ដែន​សមត្ថកិច្ច​របស់ខ្ញុំ​»​។

លោក សុផល ក៏បាន​ឱ្យដឹង​ទៀត មនុស្ស​ ៦ ​នាក់​ផ្សេងទៀត ដែល​ជា​អ្នកលក់​ស្រាស​នៅក្នុង​ស្រុក​ជាមួយ​គ្នា​នេះដែរ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​នាំ​ខ្លួន​ទៅ​អប់រំ​អំពី​ការលាយ​ស្រា​មិនអាច​ដឹងថា មាន​ជាតិពុល​ ឬ​អត់​មាន​ជាតិពុល​កម្រិត​ណាមួយ​នោះ ហើយ​ក៏​មិនត្រូវ​លក់​គ្រឿង​ស្រវឹង នៅក្នុង​អំឡុង​ពេលដែល​រាជរដ្ឋាភិបាល​ហាម​លក់​គ្រឿង​ស្រវឹង​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូវីដ ១៩​។

លោក​បានឱ្យដឹងថា ក្រៅពី​អ្នកស្លាប់​ទាំង​ ១៣ ​នាក់​នោះ​នៅ​មាន​មនុស្ស​ ៤ ​នាក់​ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មណ្ឌល​សុខភាព​បង្អែក​ស្រុក និង​ ២ ​នាក់​ផ្សេងទៀត ដែល​មាន​អាការ​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

ទន្ទឹមគ្នា​នេះដែរ ក៏មាន​ពលរដ្ឋ​ជាង​ ៩០ ​នាក់​ ដែល​បាន​ផឹក​ស្រាស និង​ស្រា​ត្រាំ​ថ្នាំ​នោះដែរ បាន​ទៅ​ពិគ្រោះ​យោបល់​អំពី​បញ្ហា​សុខភាព នៅ​មណ្ឌល​សុខភាព​ចល័ត ក្រោយពី​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ ។

លោក សុផល ឱ្យដឹង​ផងដែរ​ថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ពាក់ព័ន្ធ​នឹង​ការលក់​គ្រឿង​ស្រវឹង ជាពិសេស​ការលក់​ស្រាស និង​ស្រាត្រាំ​ថ្នាំ ដោយ​សមត្ថកិច្ច​ត្រូវ​ចុះ​ទៅតាម​កន្លែង​លក់ដូរ​ទាំងអស់​ឱ្យ​បញ្ឈប់​ជាបន្ទាន់ និង​ធ្វើការ​ដកហូត ផ្អាក​ការលក់​ជា​បណ្តោះអាសន្ន​រហូតដល់​មាន​គោលការណ៍​ថ្មី​។

លោក​ថ្លែងថា​៖ «​មួយទៀត យើង​បាន​ចុះមក​ដល់​ទីតាំង​បុណ្យសព ណែនាំ​ពួកគាត់ អ្នកកំដរ​បុណ្យសព​ហ្នឹង កុំឱ្យ​ទទួលទាន​ស្រា ដើម្បី​កុំឱ្យ​ប៉ះពាល់ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​នៅតាម​ភូមិ​ស្រុក​ភាគច្រើន​ឱ្យតែ​មាន​បុណ្យសព តែងតែ​មាន​ការហូបចុក​កំដរ​បុណ្យសព​»​។

លោក ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​នៅ​ថ្ងៃទី ២០ ខែឧសភា មិនអាច​ទាក់ទង​សុំ​ព័ត៌មាន​អំពី​ការឃាត់ខ្លួន​មនុស្ស​ចំនួន​ ១១ ​នាក់ នោះ​បាន​ទេ​។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​បានបញ្ជាក់​ថា​ទាំង​កម្លាំង​ស្នងការ​ខេត្ត និង​ស្រុក​បាន​ប្រមូល​សំណុំរឿង​ពុលស្រា​អស់ហើយ ដោយ​បាននិង​កំពុង​អនុវត្ត​នីតិវិធី​បន្តទៅ​តាមផ្លូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​អ្នក​ផលិត​ និង​អ្នកលក់​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​អនុវត្តតាម​ច្បាប់​ហើយ​មិនអាច​លើកលែង​បានទេ​ត្រូវតែ​អនុវត្ត​ទោស ជាពិសេស​អ្នក​ផលិត​»​។

លោក គង់ សោភ័ណ្ឌ ថ្លែងថា ចំពោះ​ករណី​ស្លាប់​ប្រជាពលរដ្ឋ​ដោយសារ​ពុល​ស្រា​នៅក្នុង​ស្រុក​ល្វាឯម​នេះ​គឺ​មិនមែន​ពួកគាត់​ពិសា​តែ​ ១ ​ពេលនេះ​ទេ​ពួកគាត់​គឺជា​អ្នក​ចូលចិត្ត​ពិសា​រាល់ថ្ងៃ​ទើប​ឈាន​ដល់​ការស្លាប់​។

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) នៅ​ថ្ងៃទី​ ២០ ខែឧសភា បាន​ឱ្យ​ដឹងថា ករណី​ពលរដ្ឋ​ពុល​ស្រាស និង​ស្រា​ត្រាំ​ថ្នាំ​នៅក្នុង​ស្រុក​ល្វាឯម​មាន​វត្តមាន​សារធាតុ​មេតាណុល​ដែលជា​សារធាតុពុល​ច្រើន​ហួស​កម្រិត​អនុញ្ញាត​ពី ១០ ​ដង​ទៅ​ ១០០ ​ដង ដែល​អាច​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់ ប្រសិនបើ​បរិភោគ​ចាប់ពី ១០០ មិលី្លលីត្រ​ឡើងទៅ​។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ២០ ​ខែឧសភា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​បញ្ឈប់​ជាបន្ទាន់​នូវ​ការពិសា​ស្រាស ឬ​ស្រាថ្នាំ​ដែល​ផលិត​ដោយ​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ ជាពិសេស​ស្រា​ដែល​យក​មេតាណុល​មក​លាយ គឺ​ហាម​ដាច់ខាត​៕

វីដេអូ៖