មណ្ឌលគិរីៈ មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ពី​ម្សិលមិញ​បាននិង​កំពុង​សាកសួរ​ជនជាតិ​ចិន​ចំនួន ២២ ​នាក់​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៨ ខែ​សីហា​ ក្នុង​សណ្ឋាគារ​មួយ​នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​ ដោយ​មន្ត្រី​បាន​អះអាងថា លិខិត​ឆ្លងដែន​របស់​ពួកគេ​ហួស​សុពលភាព ប៉ុន្ដែ​មិន​ពាក់ព័ន្ធ​បទល្មើស​ទេ​។

លោក ឡោ សុខា ស្នងការនគរបាល​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​កំពុង​បន្ត​សាកសួរ​ជនជាតិ​ចិន​ទាំង ២២ ​នាក់​ តាម​នីតិវិធី​ច្បាប់​នៅឡើយ ក្រោយពី​សមត្ថកិច្ច​បាន​ចូល​ឆែកឆេរ​សណ្ឋាគារ​ ១ ​កន្លែង​ស្ថិត​នៅក្នុង​ខេត្ត​នេះ​ដោយ​សង្ស័យថា ពួកគេ​លួចមក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។

លោក សុខា បាន​ថ្លែង​ឲ្យ​ដឹង​បន្តថា ការចុះ​ឆែកឆេរ​នេះ​មន្ត្រី​ផែន​នគរបាល​អន្តោប្រវេសន៍​ខេត្តមណ្ឌលគិរី​បាន​សហការ​ជាមួយ​មន្ត្រី​ផែន​ការងារ​សន្តិសុខ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែនមនោរម្យ​ដឹកនាំ​ដោយ​លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​រកឃើញ​ជនជាតិ​ចិន​ទាំង ២២ ​នាក់​ ដែល​លួច​មក​ស្នាក់នៅ​ខុសច្បាប់​ក្នុង​សណ្ឋាគារ​ ១ ​កន្លែង​នៅ​ខេត្ត​មណ្ឌលគិរី​។

លោក ឡោ សុខា បញ្ជាក់ថា​៖ «​យើង​កំពុង​សាកសួរ​ពួកគាត់​នៅឡើយ គឺ​សួរ​មិនទាន់​ចប់​ទេ អ៊ីចឹង​ប្រហែល​នៅ​ថ្ងៃទី ១១ ខែសីហា យើង​នឹង​បញ្ជូន​ពួកគាត់​បន្ត​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ ក្នុងចំណោម​ជនជាតិ​ចិន​ទាំង ២២ ​នាក់​នេះ​មាន​ ១០ ​នាក់​មាន​ឯកសារ និង​លិខិត​ឆ្លងដែន​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ក្រៅពីនេះ​លិខិត​ឆ្លងដែន​គាត់​សុទ្ធតែ​ហួស​សុពលភាព តែ​គាត់​មិន​ទាន់​ទៅ​ស្នើសុំ​បន្ត​សុពលភាព​នៅឡើយ​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​ចិន​ទាំង​ ២២ ​នាក់​នេះ​ មិនមាន​ពាក់ព័ន្ធ​បទល្មើស​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​បទល្មើស​ឧក្រិដ្ឋកម្ម​អ្វី​ទេ ដោយ​ពួកគេ​គ្រាន់តែ​មក​ស្នាក់នៅ​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ពោលគឺ​ពួកគាត់​មួយចំនួន​មិន​ទៅ​បន្ត​សុពលភាព​ទិដ្ឋាការ​របស់ខ្លួន​។ ដូច្នេះ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ត្រូវតែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

លោក កាន់ ពេញ អធិការនគរបាល​ក្រុង​សែនមនោរម្យ​កាលពី​ថ្ងៃ​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។

ប៉ុន្ដែ​មន្ត្រី​នគរបាល​ម្នាក់​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែនមនោរម្យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង ២២ ​នាក់​នោះ​ត្រូវបាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួចរាល់​ហើយ ប៉ុន្ដែ​លោក​មិនបាន​ដឹង​ពី​នីតិវិធី​បន្ត​យ៉ាងណា​ទៀត​ទេ​។ ដោយ​គ្រាន់តែ​ដឹងថា ពួកគេ​មក​ស្នាក់នៅ​ដោយ​ហួស​សុពលភាព​ទិដ្ឋាការ និង​គ្មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ ប៉ុន្ដែ​លោក​មិនបាន​ដឹងថា ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឬ​អត់​នោះ​ទេ​?

លោក​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន កុំព្យូទ័រ​ចំនួន​ ៣៤ ​គ្រឿង​, Laptop​ចំនួន ៦ ​គ្រឿង​, USB Flash Drive ចំនួន​ ៩ ​គ្រឿង​, ស៊ីម​ទូរស័ព្ទ​មិនទាន់​ប្រើ​ជិត ២០០ ​ស៊ីម​, ក្តារ​ចុច​កុំព្យូទ័រ​ចំនួន ២៣ ​គ្រឿង​, រ៉ូឡូ​ភ្លើង​ចំនួន​ ១៥ ​គ្រឿង​, ដុំ Wifi ចំនួន​ ៧ ​គ្រឿង​, ឆ្នាំង​សាក​ទូរស័ព្ទ​មួយ​ចំនួន​ធំ​, ទូរស័ព្ទដៃ​ចំនួន ១៣៥ ​គ្រឿង​ (​ថ្មី​មិនទាន់​ប្រើ​ ៨ ​គ្រឿង និង​កំពុង​ប្រើ ១២៧ ​គ្រឿង​) និង​ប្រាក់ ៤៤៥ ​ដុល្លារ​អាមេរិក​។ សម្ភារ​ដែល​រឹបអូស​បាន​ពី​ពួកគេ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ទាំងអស់​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​នៅ​ក្រុង​សែនមនោរម្យ​នេះ​មិនសូវ​មាន​ជនជាតិ​ចិន​ច្រើន​ទេ ដោយ​ពួកគាត់​គ្រាន់តែ​មក​ដើរលេង​កម្សាន្ត​ហើយ​សម្រាក​នៅ ៤ ឬ​ ៥ ​ថ្ងៃ​ប៉ុណ្ណោះ​។ រីឯ​អ្នកជំនួញ​ជា​ជនជាតិចិន​ក៏​មិនមាន​ដែរ ព្រោះ​នៅទីនេះ​មាន​តែ​ក្រុមហ៊ុន​ខ្មែរ​យើង​ដែល​គាត់​មក​វិនិយោគ​ផ្នែក​កសិកម្ម​តិចតួច តែ​អត់មាន​ជនជាតិ​ចិន​មក​បើក​រោងចក្រ​កាត់ដេរ​នៅទីនេះ​ទេ​»៕