បន្ទាយមានជ័យៈ ​អាជ្ញា​ធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ឃាត់​ដំ​ណើរ​ពល​ករ​ខ្មែរ​ប្រមាណ​ជាង​ ១០០​ នាក់​ ដែល​​ព្យាយាម​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​ដោយ​មិន​មាន​ឯក​សារ​ត្រឹម​ត្រូវ​ជា​បន្តបន្ទាប់​តាម​ច្រក​របៀ​ងតូចៗដើ​ម្បី​យក​មក​អប់រំ​ ​ខណៈ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ការ​ឃាត់​យក​មក​អប់​រំ​ដើម្បី​ឲ្យ​ពួក​គា​ត់​ឈប់​ឆ្លង​ដែន​ គឺ​មិនមែន​ជា​គោល​នយោបាយ​មួយ​ដែល​មាន​ប្រសិទ្ធភាព​នោះ​ទេ។​

តាម​របាយ​ការណ៍​រប​ស់​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​យប់​ថ្ងៃ​ទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០១៩​ ពល​ករ​ខ្មែរ​មួយ​ក្រុម​មាន​គ្នា ១១៤​ នាក់​ មក​ពី ១១​ ខេត្ត​ទូ​ទាំង​​ប្រទេស​ ក្នុង​នោះ​មាន​ស្រី​ ៤​៨​ នាក់​ និង​កុមារ​ ៩​ នាក់​ បម្រុង​ឆ្លង​ដែន​ខុស​ច្បាប់​តាម​ច្រក​របៀង​ក្នុង​ភូមិ​ក្បាល​ស្ពាន​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ។​ ​

តែ​​ក្រោយ​មក​ត្រូវបា​ន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៥ ឈរជើង​ក្នុង ភូមិសាស្ត្រ ស្រុក​ម៉ាឡៃ ឃាត់​ដំណើរ​ពួក​គេ​មិ​ន​ឱ្យ​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ ថៃ​ នោះ​ឡើយ​ បន្ទា​ប់​ពី​កម្លាំង​នគ​របាល​ការពារ​ព្រំ​ដែន​បាន​ត្រួត​ពិនិត្យ​ឃើញ​ថា​ ពួក​គេ​ទាំង​នោះ បម្រុង​ឆ្លង​ដែន​តាម​រយៈ​ការ​ចាត់​ចែង​របស់​​មេ​ខ្យល់​ ដោយ​គ្មាន​លិខិត​ឯកសារ​ស្រប​ច្បាប់​ចូល​ក្នុង​ប្រទេស ​ថៃ​ នោះ​ឡើយ។

លោក បេន ​សំអាត​ អធិការ​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ថ្លែង​ថា កាល​ពី​យប់​ថ្ងៃ ២​៩​ ​គឺ​កម្លាំង​ការពារ​ព្រំដែនបាន​ចុះ​ប្រ​មែ​ប្រមូល​ពួក​គាត់​​បាន​ ១១៤​ នាក់​ យក​មក​អប់រំ​ណែនាំ ហើយ​ ហើយ​កាលពី​ម្សិលមិញ​បាន​ឃាត់​ពល​រដ្ឋ​ប្រមាណ​ ២០​ នាក់​ទៀត​ ដែល​ពួកគា​ត់​បាន​ព្យាយាម​ឆ្លង​ដែន​ខុស​ច្បាប់។​

​លោក​ថ្លែង​ថា​៖​ ​«​កា​រឆ្លង​ដែន​ទាំង​ប្រថុយ​ប្រ​ថាន​​ចូល​ក្នុង​​ប្រទេស​ថៃ​ខុសច្បាប់​នេះ ពួក​គាត់​ប្រ​ឈម​បញ្ហា​ច្រើន​នាក់​ ណា​មួយ​អាច​ត្រូវ​បាន​ទាហា​ន​ថៃ​ ចា​ប់​ ឬ​បាញ់​អី​ទៅ​ ដែ​ល​គ្រោះ ថ្នាក់​​ដល់​អាយុ​ជីវិត។​ មិន​ត្រឹម​តែ​ប៉ុ​ណ្ណោះ ​ពួក​គាត់​ក៏​អាច​ប្រឈម​ចាញ់​បោក​ការ​ជួញដូរ​ពី​សំណាក់​ក្រុម​មេ​ខ្យ​ល់​ ផង​ដែរ​ ទើប​​ពួក​យើង​​ចុះ​រា​រាំង ​និង​ឃាត់​ដំណើរ​ពួក​គាត់​យក​មក​អប់រំ»។ ​

លោ​ក​​ សំ​អាត​ ថ្លែង​ថា​ពលរដ្ឋទាំង​នោះ ​ត្រូវ​បាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​សំបែង​វិញ​ ក្រោយ​ពី​បាន​អប់​រំ​ដល់​ពួក​គេ​ហើយ។ តាម​ការ​សង្កេត​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​ដើម​ឆ្នាំ​នេះ​គឺ​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន»។

តាម​របាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ​ពល​ករ​ខ្មែរ​ទាំង​ ១​១៤ ​នាក់​នោះ ​ម​ក​ពី​ខេត្ត​ពោធិ៍​សាត់​ ១២ ​នាក់​ ខេត្ត​កំពត​ ម្នាក់​ ខេត្ត​បា​ត់​ដំបង​ ១៩ ​នាក់​ ខេត្ត​ព្រៃ​វែង​ ២៤ ​នាក់ ខេត្ត​បន្ទាយ​មាន​ជ័យ​ ២៦​ នាក់​ ខេត្ត​កំពង់​ធំ ម្នាក់ ​ខេត្ត​សៀម​រាប​ ១០​ នាក់​ ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ៣ នា​ក់​ ខេត្ត​ស្វាយ​រៀង​ ២​ នាក់​ ខេត្ត​កំពង់​ចាម​ ៨ នាក់​ និង​ខេត្ត​ត្បូងឃ្មុំ​ម្នាក់។​​

​លោក​ ​ស៊ុំ​ ចា​ន់​​គា​ ​មន្ត្រី​​សម្រប​សម្រួល​អង្គ​ការ​អា​ដ​ហុក​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​ យល់​ថា ការ​ឃាត់​ដំណើរ​ពល​រដ្ឋ​ ដោយ​គ្រាន់​តែ​យក​មក​​អប់រំ ​ដើម្បី​ឲ្យ​ពួក​គា​ត់​ឈប់​ឆ្លង​ដែន​ខុស​ច្បាប់​​​នោះ​ ​គឺ​​មិន​មែន​ជា​គោល​នយោ​បាយ​ត្រឹមត្រូវ ដែ​លមា​​ន​ប្រ​សិ​ទ្ធភាព​នោះទេ។ វា​គ្រាន់ តែ​អាច​រារាំង​បាន​មួយពេល ហើយ​ជាគោលការណ៍​ពលរដ្ឋ​ទាំងនោះ នៅ​បន្ត​លួច​ឆ្លងដែ​ន​​ដោយ​ខុស​ច្បាប់​ដដែល។​

លោក​ថា​៖​ ​«​ឃាត់​អប់រំ​អី វា​មិន​ជាប់​ ព្រោះ​មនុស្ស​ត្រូវ​ការ​ស៊ី ​ត្រូវ​ការ​រស់​នៅ​ចិញ្ចឹម​ជីវិត ដោយ​ពឹង​ទៅ​លើ​អាហារ​ តើ​ការ​ឃាត់​គាត់​ រារាំង​គាត់​ហ្នឹង ​មា​នអ្វី​ជួយ​គាត់​នៅ?​ អ៊ីចឹង​ គួ​រតែ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ពួក​គាត់​មាន​ការ​​​ងារ​ធ្វើ មាន​ប្រាក់ខែ និង​ជីវភាព​សមរម្យ មានការ​ធានា​ផ្នែក​សុខ​ភាព​ដល់​ពួក​គាត់​ មាន​ទីផ្សារ​អី​ល្អ ​បើ​ប្រៀប​ធៀប​​ទៅ​ប្រទេស​ជិត​ខាង​យើង​ដូច​ជា​ថៃ វៀត​ណាម​អី។​ បើ​មាន​តែ​ប៉ុណ្ណឹង​អី គាត់​មាន​ទៅ​ចំណាក​ស្រុក​អី»។

តាមរបាយការណ៍​ស្ដីពី​លទ្ធផលការ​ងារ ​២០១៨​ របស់​ក្រសួង​មហាផ្ទៃ​ ពលករខ្មែរ​​ធ្វើ​ការ​នៅ​បរទេស​ចំនួន​ ៣២ ៨៨​៥​ នាក់ ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញនិង​​​​ ២២​១ នាក់​ ស្លាប់​ក្នុង​អំឡុង​ពេល​ទេសន្តរ​ប្រវេសន៍៕​