ភ្នំពេញៈ នគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីពាក់ព័ន្ធទទួលបានប្រាក់រង្វាន់លើកទឹកចិត្តម្នាក់ៗចន្លោះពី ២០ ម៉ឺនរៀលទៅ ២ លានរៀលក្នុង ១ ខែពីការផាកពិន័យបទល្មើសក្នុងពេលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ២ ខែចុងក្រោយ។
ចំណែកការអនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេសមានទឹកប្រាក់ជាង ៣ លានដុល្លារ។ នេះបើតាមការលើកឡើងរបស់អគ្គស្នងការនគរបាលជាតិ និងមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ការលើកឡើងបែបនេះធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ឆមាសទី ១ ឆ្នាំ ២០២០ នេះរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកធ្វើឡើងនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្លែងថា នៅឆមាសទី ១ ឆ្នាំ ២០២០ នេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១ ៦១៩ លើកបណ្ដាលឲ្យស្លាប់ចំនួន ៨១៦ នាក់ និងរបួសចំនួន ២ ៤៤៩ នាក់។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញដែលមាន ១៤៦ នាក់ខេត្តកំពង់ធំ ៦០ នាក់ និងខេត្តកណ្ដាល ៥៩ នាក់។
មូលហេតុនៃគ្រោះថ្នាក់ទាំងនេះបណា្ដលមកពីការបើកបរលើសល្បឿនកំណត់ (៣៣%) មិនគោរពសិទ្ធិ (២៣%) មិនប្រកាន់ស្ដាំ (១៤%) ចំណែកកត្តាផ្សេងទៀតរួមមានការវ៉ាជែង ការបត់ បើកបរក្នុងស្ថានភាពស្រវឹង កត្តាយានយន្ដ និងបើកបរទាំងងងុយ។ ក្នុងរយៈពេល ៦ ខែនេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្ដសរុបជិត ១ លានគ្រឿងក្នុងនោះម៉ូតូចំនួន ៦១% ហើយបានរកឃើញយានយន្ដល្មើស និងពិន័យចំនួន ២៣៤ ១១៤ គ្រឿង ស្មើនឹង ២៤% ក្នុងនោះម៉ូតូចំនួន ៦៥%។ គ្រោះថ្នាក់លើរថយន្តដឹកកម្មករមានចំនួន ៧ លើកមានអ្នកស្លាប់ ៣ នាក់ អ្នករបួស ២០០ នាក់។
ចាប់ពីខែឧសភាមក សមត្ថកិច្ចបានរឹតបន្តឹងការអនុវត្តច្បាប់តាមអនុក្រឹត្យថ្មី ដែលកំណត់ពីការផាកពិន័យ។ នៅក្នុងរយៈពេល ២ ខែគឺខែឧសភា និងមិថុនា សមត្ថកិច្ចបានធ្វើការពិន័យសរុបចំនួន ៨៣ ៣៨៦ ករណីក្នុងនោះអ្នកបើកម៉ូតូមានចំនួន ៦១ ០២២ នាក់ ស្មើ ៧៣% និងរថយន្ដចំនួន ២២ ៣៦៤ ករណី ស្មើ ២៧%។
លោកស្រី មឹន មាណវី មានប្រសាសន៍ថា ក្នុងរយៈពេល ២ ខែនេះការអនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ទទួលបានប្រាក់ពិន័យចំនួនជាង ១២ ៥០១ លានរៀល ឬប្រមាណជាង ៣,១ លានដុល្លារ។ ប៉ុន្តែនៅមានប្រាក់ពិន័យចំនួន ២០ ភាគរយទៀតមិនទាន់បង់។
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ថ្លែងក្នុងពិធីបូកសរុបលទ្ធផលនេះថា ការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារតែការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវប្ដូរឥរិយាបថមកគោរពច្បាប់។ លោកកោតសរសើរដល់ការដឹកនាំ និងការអនុវត្តច្បាប់នៅភ្នំពេញ ប៉ុន្តែបានរិះគន់ការអនុវត្តច្បាប់នៅខេត្តកំពង់ធំ និងកំពត ដែលករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើង។
លោកថ្លែងថា៖ «កំពង់ធំជារឿងមួយដែលគេហៅថា ជាការអាម៉ាស់មួយដ៏ធំបំផុតសម្រាប់នគរបាល ព្រោះប្រធានចរាចរណ៍ផ្លូវគោក វាស្រវឹងហើយ វាទៅបើកបុកសួនច្បារហើយ វាជេរចៅហ្វាយខេត្តទៀត។ អានេះវាអស់តម្រិះហើយ។ មិនចង់និយាយទេ តែត្រូវតែនិយាយ។ នេះជារឿងមួយដែលការអនុវត្តរបស់បងប្អូននៅកន្លែងនោះនៅមានកម្រិត»។
លោក នេត សាវឿន ថ្លែងថា ប្រាក់ដែលទទួលបានពីការផាកពិន័យ ៧០ ភាគរយចូលទៅសមត្ថកិច្ចអនុវត្តច្បាប់ ២៥ ភាគរយចូលទៅអង្គភាព និង ៥ ភាគរយចូលទៅរដ្ឋ។ ទោះយ៉ាងណាលោកថា ៥ ភាគរយសម្រាប់រដ្ឋនោះជាក់ស្ដែងមិនបានចូលទៅរដ្ឋទេព្រោះប្រាក់នោះត្រូវបានប្រើប្រាស់ដើម្បីបោះពុម្ពឯកសារផ្សព្វផ្សាយពីច្បាប់ចរាចរណ៍។
លោកថ្លែងថា៖ «អ៊ីចឹងតាមបទពិសោធ កងកម្លាំងនគរបាលដែលអនុវត្ត និងកម្លាំងពាក់ព័ន្ធ ខ្ញុំបានបូកសរុបមើលកម្លាំងដែលអនុវត្តផ្ទាល់ទាបបំផុត ១ ខែ ២០ ម៉ឺនរៀល នេះជាប្រាក់រង្វាន់ ហើយតិចជាងគេនៅតាកែវ។ ច្រើនជាងគេនៅភ្នំពេញក្នុង ១ នាក់បាន ២ លានរៀលក្នុង ១ ខែ។ នេះប្រាក់ពិន័យ»។
លោកស្រី មឹន មាណវី បានកត់សម្គាល់ឃើញមានប្រតិកម្ម ២ ប្រភេទពីសំណាក់សាធារណជន និងសង្គមស៊ីវិលគឺប្រតិកម្មដែលមានទស្សនៈទុទ្ទិដ្ឋិនិយមបែបអគតិ និងមាននិន្នាការលម្អៀងទៅខាងផ្នែកនយោបាយ និងប្រតិកម្មបែបស្ថាបនា និងសំណូមពរ។ ទុទ្ទិដ្ឋិនិយមធ្វើឡើងក្នុង «បំណងញុះញង់បំពុលបរិយាកាសសង្គមប្រឆាំងនឹងចំណាត់ការរបស់សមត្ថកិច្ច និងរាជរដ្ឋាភិបាល ដោយប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ឬគេហទំព័រប្រឌិតព័ត៌មាន រូបភាពក្លែងក្លាយ វាយប្រហារទៅលើសមត្ថកិច្ច និងរាជរដ្ឋាភិបាល»។
ការរិះគន់នេះធ្វើឡើងដោយលើកហេតុផលថា ការផាកពិន័យធ្វើឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋក្រីក្រ ឬការកំណត់ពេលអនុវត្តរឹតបន្ដឹងច្បាប់ដោយបង្ខំ ក្នុងខណៈពេលជួបវិបត្តិកូវីដ១៩។ សមត្ថកិច្ចបានចាត់វិធានការផ្លូវច្បាប់ទៅលើការផ្សព្វផ្សាយបំពុលដោយបានកោះហៅមនុស្ស ៩ នាក់មកបំភ្លឺ ហើយពួកគេបានសារភាពទទួលស្គាល់កំហុស និងសន្យាកែប្រែ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបានថ្លែងថា គ្រោះថ្នាក់តែងធ្លាក់ចុះនៅពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងលើកទឹកចិត្តឲ្យបន្តការរឹតបន្តឹងនេះដោយភាពម៉ឺងម៉ាត់ ទូលំទូលាយមានតម្លាភាព និងស្មើភាព។
លោកក៏ស្នើដល់សមត្ថកិច្ចឲ្យមានការអប់រំផ្សព្វផ្សាយភ្ជាប់ទៅជាមួយការអនុវត្តច្បាប់នេះ ព្រោះពេលអនុវត្តច្បាប់តែងមានការរិះគន់ ដែលពេលខ្លះដោយសារតែកំហុសរបស់ពលរដ្ឋ ហើយពេលខ្លះក៏អាចបណ្ដាលមកពីសមត្ថកិច្ចដែលក៏គួរពង្រឹងវិជ្ជាជីវៈ និងគុណធម៌ដល់ពលរដ្ឋ៕