ភ្នំពេញ៖ នគរបាល​ចរាចរណ៍​នឹង​ចាប់​ផ្ដើម​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ដែល​បាន​កំណត់​អំពី​ការ​ផាក​ពិន័យ​កើន​ដល់ ​៣ ​ដង ​ឬ​ទៅ​ដល់ ​៥ ​ដង​នៃ​អនុក្រឹត្យ​ចាស់ ចំពោះ​អ្នក​បើកបរ​ល្មើស​ច្បាប់​​ចាប់​ពី​ថ្ងៃទី ​១ ខែ​ឧសភា ​ខាង​មុខ​នេះ​។ ​មន្ត្រី​រំពឹង​ថា ការ​បន្ថែម​ប្រាក់​ផាក​ពិន័យ​ចំពោះ​បទ​ល្មើស​ចរាចរណ៍​នេះ ​នឹង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។​​

លោក​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃទី ​១៧ ​មេសា ​ថា ​ចាប់​ពី​ថ្ងៃ​ទី ​១ ​ឧសភា ​កង​កម្លាំង​នគរបាល​ចរាចរណ៍​នឹង​ចាប់​ផ្ដើម​ផាក​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ដែល​បាន​ដំឡើង​កម្រិត​ទឹក​ប្រាក់​​ពិន័យ​ក្នុង​ចំនួន​ពី ​៣ ​ទៅ ​៥ ​ដង​។​

សេចក្ដី​ជូន​ដំណឹង​បាន​ឲ្យ​ដឹង​​ថា​៖ «​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវ​ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ​ដើម្បី​ការពារ​អាយុ​ជីវិត​ខ្លួន​ឯង​ អ្នក​ដទៃ ​ប្រកប​ដោយ​ឆន្ទៈ​ភ្ញាក់​រឭក​ខ្ពស់​ ​សំដៅ​លើក​ស្ទួយ​កិត្តិយស ​សេចក្ដី​ថ្លៃថ្នូរ​ និង​សណ្ដាប់​ធ្នាប់​​សង្គម​នៅ​ព្រះរាជាណាចក្រកម្ពុជា​»​។​​​

យោង​តាម​អនុក្រឹត្យ​ថ្មី​ការ​បើកបរ​មិន​ពាក់​មួក​សុវត្ថិភាព​ ​ឬ​ពាក់​មួក​មិន​បាន​ត្រឹមត្រូវ​ ​ត្រូវ​ពិន័យ​ទឹក​ប្រាក់​កើន​ដល់ ​៦ ​ម៉ឺន​រៀល​។​

ចំពោះ​ការ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ ​ដែល​មាន​អត្រាជាតិ​អាល់កុល​ចាប់​ពី ​០,៤០ ​មិល្លី​ក្រាម​ក្នុង ​១ ​លីត្រ​ខ្យល់​ ​ឬ​ពី ​០,៨០ ​ក្រាម ​ក្នុង ​១ លីត្រ​ឈាម​ឡើង​ទៅ​ ​នឹង​ត្រូវ​ពិន័យ​ចំនួន ​១ ​លាន​រៀល​សម្រាប់​អ្នក​បើកបរ​ទោចក្រ​យានយន្ត ​និង​ត្រីចក្រ​យានយន្ត​។ ពិន័យ​ចំនួន ​២ ​លាន​សម្រាប់​អ្នក​បើកបរ​រថយន្ត​ធុន​ស្រាល ​និង ​៤ ​លាន​រៀល ​សម្រាប់​អ្នក​បើក​បរ​រថយន្ត​ធុនធ្ងន់​។​

ប្រសិន​បើ​ក្នុង​រយៈពេល ​៦ ​ខែ​ ​អ្នក​បើកបរ​បាន​ប្រព្រឹត្ត​ល្មើស​ដោយ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ចំនួន ​២ ​ដង​ ​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​ ​ដោយ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នឹង​ធ្វើ​កំណត់​ហេតុ​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។​

រដ្ឋាភិបាល​បាន​កំណត់​យក​ឆ្នាំ ​២០២០ ​ជា​ឆ្នាំ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​អតិបរមា​ ​បន្ទាប់​ពី​បាន​កើន​ឡើង​យ៉ាង​គំហុក​កាល​ពី​ឆ្នាំ ​២០១៩ ​ដែល​មាន​អ្នក​ស្លាប់​កើន​ឡើង ​២២០ ​នាក់​ ​ស្មើ​នឹង ​១២% ​និង​អ្នក​របួស​កើន​ឡើង ​១ ៣៧១ ​នាក់​ ​ស្មើ​នឹង ​២៩% ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ ​២០១៨​។

លោក​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ថា​ នៅ​ក្នុង​ត្រីមាស​ទី​១ ​នៃ​ឆ្នាំ ​២០២០ ​នេះ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​ថយ​ចុះ ​១៥០ ​លើក​ ​ស្មើ​នឹង ​១៤% ​គឺ​ចំនួន​អ្នក​ស្លាប់​ថយ​ចុះ ​២២០ នាក់ ស្មើ​នឹង​ ​៤% ​និង​របួស​ថយ​ចុះ ​២៧៧ ​នាក់​ ​ស្មើ​នឹង ​១៧% ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៩​ កន្លង​មក​នេះ។​​​

លោក​ ស ខេង​ ថ្លែង​ថា​៖ «​អត្រា​ធ្លាក់​ចុះ​ទាំង​ចំនួន​គ្រោះថ្នាក់​ អ្នក​ស្លាប់​ និង​របួស​នេះ គឺ​ជា​លទ្ធផល​កើត​ឡើង​ក្នុង​បរិបទ​ ​ដែល​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ជំរុញ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​យ៉ាង​សកម្ម​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​មាន​កំណើន​យ៉ាង​គំហុក​កាល​ពី​ឆ្នាំ ​២០១៩​»​។​​

លោក​ ​គង់​ ​រតនៈ​ ​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ថ្លែង​ដោយ​បង្ហាញ​ការ​​គាំទ្រ​ចំពោះ​ការ​ដំឡើង​ប្រាក់​ផាក​ពិន័យ​តាម​អនុក្រឹត្យ​ថ្មី​នេះ ប៉ុន្តែ​​មិន​ដឹង​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​នេះ​នឹង​មាន​ប្រសិទ្ធភាព ​ឬ​យ៉ាង​ណា ពី​ព្រោះ​​ការ​ប្រកាស​ចាប់​ផ្ដើម​អនុវត្ត​តាម​អនុក្រឹត្យ​នៅ​ថ្ងៃទី ​១​ ឧសភា ​គឺ​ធ្វើ​ឡើង​ហាក់​លឿន​ពេក​ដោយ​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ឡើយ​។​​

លោក​ ​រតនៈ​ ​ថ្លែង​ថា​៖ «​រយៈពេល​ដែល​ប្រកាស​ថា​ ដំឡើង​ហ្នឹង​ គឺ​មាន​ពេល​ប្រហែល​មិន​ដល់ ​៣ ​ខែ​ផង​។ ​អ៊ីចឹង​! ​ការ​ផ្សព្វផ្សាយ​មិន​ទាន់​បាន​ទូលាយ​ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល​។ ​សម្រាប់​ខ្ញុំ​ចង់​ឱ្យ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ថ្មី​ហ្នឹង​ ចង់​ធ្វើ​ឡើង​ឱ្យ​បាន​ទូលាយ​ ហើយ​បើ​ពន្យារពេល​​អនុវត្ត​បន្តិច​ក៏​ល្អ​ដែរ​»​។

លោក​ ​ហ៊ឹម​ ​យ៉ាន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​កាល​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​បាន​តាម​ទូរស័ព្ទ​ ​ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​ លើ​ការ​អនុវត្ត​អនុក្រឹត្យ​ថ្មី​នោះ។​

ខណៈ​ លោក​ ​ចាន់​ ធារី ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​ជំរុញ​ឱ្យ​ទាក់ទង​ទៅ​លោក​ ​ថៃ​ វិសាល​ ជា​អនុប្រធាន​នាយកដ្ឋាន​វិញ​ ប៉ុន្តែ​លោក​មិន​បាន​លើក​ទូរស័ព្ទ​៕​

វីដេអូ៖