ខេត្តស្វាយរៀងៈ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ដាក់​ពិន័យ​ដោយ​បញ្ឈរជើង​មន្ត្រីនគរបាល​ចរាចរណ៍​ ៤ ​នាក់ ​កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ក្រោយពី​បាន​ប្រើ​អំពើហិង្សា​ក្នុង​អំឡុងពេល​បំពេញ​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ បណ្តាល​ឱ្យ​ពលរដ្ឋ​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​រងរបួស​បែក​មាត់​។

លោក កឹង ឃន ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​ថ្លែង​ដោយ​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ទាំង​ ៤ ​រូប​នោះទេ​។

យោងតាម​របាយការណ៍​របស់​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ឱ្យដឹងថា កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​បានដាក់​គោលដៅ​ត្រួតពិនិត្យ​ល្បឿន​លើ​ផ្លូវ​ជាតិ​លេខ​ ១ ចន្លោះ​គីឡូម៉ែត្រ លេខ​ ១១៦-១១៧ ដោយបាន​ពិនិត្យឃើញ​រថយន្ត​ម៉ាក​ស៊ីណា​ពាក់​ស្លាក​លេខ 2BI-6754 បើកបរ​ដោយ​ឈ្មោះ លាស់ ពុធធា មុខរបរ អ្នកបើក​តាក់ស៊ី​បាន​ប្រើប្រាស់​ល្បឿន​ ៩៦ ​គីឡូម៉ែត្រ ​ក្នុង​ ១ ​ម៉ោង​ ជា​ហេតុ​នាំឱ្យ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​រថយន្ត ប៉ុន្តែ​អ្នកបើកបរ បើករថយន្ត​គេចវេះ​ចូល​ផ្លូវលំ ទើប​សមត្ថកិច្ច​ដេញតាម​ឃាត់​រថយន្ត​នោះ ហើយ​នាំ​អ្នកបើកបរ​ទៅកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ប៉ុន្តែ​អ្នកបើកបរ​មិន​ព្រម​ធ្វើតាម​សមត្ថកិច្ច ទើប​បណ្ដាលឱ្យ​មានការ​ប៉ះទង្គិច​គ្នា​។

ក្រោយ​មាន​ការអប់រំ​ណែនាំ អ្នកបើករថយន្ត​រូបនោះ បាន​យល់​ព្រម​ទទួល​ការពិន័យ​តាម​ច្បាប់ ចំណែកឯ​សមត្ថកិច្ច​ដែល​ប្រើ​ហិង្សា​នោះ​បាន​សូមទោស និង​សម្រួល​គ្នា​បញ្ចប់រឿង​។

លោក សុខ ត្រេន នាយរង​ប៉ុស្តិ៍នគរបាល​ស្វាយជ្រុំ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ជនរងគ្រោះ​ឈ្មោះ លាស់ ពុធធា ជា​អ្នកបើកបរ​តាក់ស៊ី ​រងរបួស​បែក​មាត់​។

លោក សុខ ត្រេន ថ្លែងថា​៖ «​ពេល​រថយន្ត​បើក​បុក​បារ៉ាស់ សមត្ថកិច្ច​ក៏​លោត​ចេញ​ដល់​លោត​ចេញទៅ ធម្មតា​មនុស្ស​ដល់​អ៊ីចឹងទៅ​ក៏មាន​ការខឹងសម្បា ចិត្ត​មិន​ដូចគ្នា ខ្វះ​ការអត់ធ្មត់​អ៊ីចឹង​ទៅ​ដោយ​យោងតាម​ផ្លូវ​ពិបាក​ផង អី​ផង ក៏​គិតថា ជិះ​ម៉ូតូ​ដេញ​អាច​ទាន់ ក៏​ដេញ​ទៅ ដេញ​ទៅ​ហួស​ពី​គោលដៅ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ឃើញ​ត្រឡប់​មក​វិញ​មាន​ឈាម​មាត់​ឈាម​អ៊ីចឹង​ទៅ​អ្នកបើកបរ​ហ្នឹង តែ​មើលទៅ​មិនជា​ធ្ងន់ធ្ងរ​ទេ​»​។

យោងតាម​មាត្រា​ ៥ នៃ​អនុក្រឹត្យ​ស្តីពី​ការកំណត់​ល្បឿន​សម្រាប់​យានជំនិះ​នៅ​ទីប្រជុំជន​ល្បឿន​អតិបរមា​ត្រូវ​កំណត់​ត្រឹម​ ៤០ ​គីឡូម៉ែត្រ​ ក្នុង​ ១ ​ម៉ោង​ សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​។ នៅក្រៅ​ទីប្រជុំជន​ល្បឿន​អតិបរមា​ត្រូវ​កំណត់​ត្រឹម​ ៨០ ​គីឡូម៉ែត្រ​ ក្នុង​ ១ ​ម៉ោង ​សម្រាប់​រថយន្ត​ធុនស្រាល និង​រថយន្ត​ដឹក​អ្នកដំណើរ​។

លោក ស៊ឹង សែនករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក​បាន​ថ្លែងថា មន្ត្រី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​មិន​ត្រូវ​ប្រើ​អំពើហិង្សា​វាយដំ​ទៅលើ​ប្រជាពលរដ្ឋ​ទេ លុះត្រា​តែ​ជនល្មើស​មាន​ការតដៃ ដែល​ធ្វើឲ្យ​សមត្ថកិច្ច​ពិបាក​ទប់ទល់​។

លោក សែនករុណា ថ្លែងថា​៖ «​ខ្ញុំ​យល់ថា សមត្ថកិច្ច​អត់​អាច​ប្រើ​វិធានការ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ទេ ព្រោះ​ការចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​ខុស​អ្វីមួយ ត្រូវ​ធ្វើ​ដោយ​សន្តិវិធី​ដោយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តាមផ្លូវ​ច្បាប់ បើសិន​ជា​ករណី​ល្មើសច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ត្រូវ​តែ​ឃាត់ខ្លួន​សមត្ថកិច្ច​រូបនោះ​បញ្ជូន​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​ចាត់វិធានការ​ដាក់​ទោសទណ្ឌ​ផ្នែក​រដ្ឋបាល​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង អាច​ទទួល​ទោស​ព្រហ្មទណ្ឌ​ផងដែរ​បើសិន​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ​»៕