កណ្តាលៈ នគរបាល​ខេត្តកណ្តាល កាលពី​ម្សិលមិញ បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ប្រើ​កាំបិតប៉័ងតោ កាប់​ទៅលើ​ប្រពន្ធ​របស់​មិត្តភក្តិ​ខ្លួន និង​កូនស្រី​របស់​មិត្តភក្តិ​ ២ ​នាក់ ឱ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ​ ២០២១ នៅ​ចំណុច​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ដោយសារ តែ​ខឹង​ស្ត្រី​រងគ្រោះ​រអ៊ូរទាំ​ថា ឱ្យ​ប្តី​រឿង​ផ្តុំ​គ្នា​ «​ផឹកស៊ី​»​។

របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ចន សុវណ្ណ ចាន់តុកុល ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍មៀវ ឃុំ​គគីរធំ ស្រុក​កៀនស្វាយ​។

បច្ចុប្បន្ន​ជនសង្ស័យ​ស្នាក់នៅ​កន្លែង​ធ្វើការ​សំណង់​ស្ថិត​នៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​មាន​គ្នា ៣ ​នាក់ ឈ្មោះ សុខ ចាន់ឌី អាយុ ៣២ ឆ្នាំ ត្រូវជា​ម្តាយ រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្សី​។ ចំណែក​កូន​ ២ ​នាក់​ ឈ្មោះ រស្មី ស្រីយ៉ា ភេទ​ស្រី អាយុ ១៣ ​ឆ្នាំ និង ឈ្មោះ រស្មី សូជីញ ភេទ​ស្រី អាយុ ៨ ​ឆ្នាំ ក៏​រងរបួស​ធ្ងន់​ដែរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

របាយការណ៍​សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ផឹកស៊ី​ជាមួយ​ប្ដី​ស្ត្រី​រងគ្រោះ​ឈ្មោះ ផាន ភក្តី អាយុ​ ៣៨ ​ឆ្នាំ ជនជាតិ​ខ្មែរ​។ នៅពេល​ផឹក​អស់​ស្រា និង​អស់សាច់​ក្លែម ប្តី​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ ដើម្បី​ទៅ​ទិញ​ស្រា និង​សាច់​ក្លែម ឃើញ​ឱកាស​បែប​នេះ​ជនសង្ស័យ​ក៏បាន​កាប់​លើ​ស្ត្រី​រងគ្រោះ​តែម្តង​។ មូលហេតុ​ដោយសារ​តែ​ពេល​ជនសង្ស័យ​កំពុង​ផឹកស្រា​ជាមួយ​ប្ដី ឮ​ស្ត្រី​រងគ្រោះ​នៅ​ក្រោម​ផ្ទះ បាន​រអ៊ូរទាំ​ជេរ​ប្ដី​មិន​ឱ្យ​ផឹកស្រា​ជាមួយ​ខ្លួន​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេចខ្លួន​រួមទាំង​វត្ថុតាង​។

លោក វង សែ នាយផ្នែក​សេនាធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​បាន​ឱ្យដឹងថា បន្ទាប់ពី​ចាប់ខ្លួន​នៅផ្ទះ​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​។ នគរបាល​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​នៅថ្ងៃនេះ​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​បាន​ប្រើ​កាំបិត​បុ័ងតោ​កាប់​លើ​ស្ត្រី​រងគ្រោះ​ និង​កូនស្រី​ទាំង​ ២ ​នាក់​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​»​។ ប៉ុន្តែ​លោក​ វង សែ មិនបាន​បញ្ជាក់ថា កាប់​ចំនួន​ប៉ុន្មាន​កាំបិត​នោះទេ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​យល់​ឃើញ​ថា អំពើហិង្សា​ដែល​នៅតែ​បន្ត​កើតឡើង​ជា​បន្តបន្ទាប់​ស្ទើ​តែ​ជា​រៀងរាល់ថ្ងៃ នៅក្នុង​សង្គម​គឺ​ដោយសារ​តែ​ការអភិវឌ្ឍ​ខាង​ផ្នែក​ស្មារតី ឬ​សីលធម៌​នៅក្នុង​សង្គម​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។

លោក​បន្តថា នៅពេល​ប្រជាពលរដ្ឋ​មិនមាន​តុល្យភាព​ក្នុង​ការរីកចម្រើន​ផ្នែក​ស្មារតី​ឱ្យ​ទាន់​ទៅនឹង​ការរីកចម្រើន​នៃ​សង្គម​នាំ​ឱ្យ​មាន​ការកើនឡើង​នូវ​អំពើហិង្សា​ ឬ​ទង្វើ​អសីលធម៌​ក្នុងសង្គម​។

លោក ច័ន្ទរឿន បញ្ជាក់ថា​៖ «​មានន័យថា ប្រជាពលរដ្ឋ​យើង​ទទួល​បានតែ​ការរីកចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច ឬក៏​សម្ភារ​ទេ ប៉ុន្តែ​ការអភិវឌ្ឍ​ដុសខាត់​ខាង​ផ្នែក​ស្មារតី​នៅ​ទាប​នៅឡើយ​។ ហេតុនេះហើយ ទើប​យើង​តែងតែ​ឃើញ​អំពើហិង្សា​កើតឡើង​នៅក្នុង​សង្គម​ជារឿយៗ ជាពិសេស​ទម្រង់​នៃ​អំពើហិង្សា​នោះ ករណី​ខ្លះ​ឃោរឃៅ​ហួសប្រមាណ​»​។

បើតាម​លោក ប៉ា ច័ន្ទរឿន នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​នៅ​ថ្នាក់​ចំណេះដឹង​ទូទៅ​មាន​មុខវិជ្ជា​សីលធម៌ ពលរដ្ឋ​វិជ្ជា ប៉ុន្តែ​ការអប់រំ​ជាក់ស្តែង​ទាំង​ខ្លឹមសារ និង​គុណភាព​នៃ​ការអប់រំ គឺ​នៅមាន​កម្រិត​នៅឡើយ​។ ជាមួយគ្នា​នោះ​ស្ថាប័ន​ដែល​ជា​គ្រឹះ​សម្រាប់​បណ្តុះបណ្តាល​ផ្លូវ​វិញ្ញាណ​របស់​សង្គម តួយ៉ាង​ដូចជា​ស្ថាប័ន​សាសនា​ក៏​មាន​ការអន់ថយ​គុណ​តម្លៃ​នៃ​ការគោរព​ប្រតិបត្តិ​ផងដែរ​៕