
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីកាត់សំឡេងនាយករដ្ឋមន្ត្រីឱ្យខុសការពិតបង្ហោះក្នុង TikTok បង្កឱ្យមានចលាចលក្នុងសង្គម។ រូបថត មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ មន្ត្រីនគរបាលបានបញ្ជូនបុរសឈ្មោះ ភឹម ផាយផាត់ អាយុ ៣៩ ឆ្នាំ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តនីតិវិធីពាក់ព័ន្ធអំពើកាត់តសំឡេងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំណុចប្រសាសន៍ដែលខុសពីខ្លឹមសារពិតបង្ហោះក្នុង TikTokបង្កឱ្យមានភាពចលាចលក្នុងសង្គម។
លោក អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែមេសាថា ឈ្មោះ ភឹម ផាយផាត់ មានទីលំនៅក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២៤ មេសា បន្ទាប់ពីបុគ្គលរូបនេះ បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដែលធ្វើឱ្យប៉ះពាល់ និងញុះញង់ ឱ្យមានចលាចលក្នុងសង្គមស្របពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោក អៀរ ប៊ុនធឿន ថ្លែងថា ឈ្មោះ ភឹម ផាយផាត់ បានកាត់តសំឡេងថ្នាក់ដឹកនាំខ្លី (លោក ហ៊ុន សែន) ដែលបានមានប្រសាសន៍កាលពីឆ្នាំ ២០២០ ថា នៅបិទមិនឱ្យចេញដើរហើររយៈពេល ៣ ខែទៀត ដែលធ្វើឱ្យមានភាពចលាចលក្នុងសង្គម។
លោក អៀរ ប៊ុនធឿន ថ្លែងថា៖ «គាត់កាត់តប្រសាសន៍ថ្នាក់ដឹកនាំមកលេង TikTok ខុសពីការពិត។ គាត់បង្ហោះថ្ងៃទី ២៣ នៅវេលាម៉ោង ៥ ល្ងាច ហើយក្រោយគាត់បង្ហោះ យើងក៏បានស្រាវជ្រាវចាប់ខ្លួនគាត់នៅថ្ងៃទី ២៤»។
លោក អៀរ ប៊ុនធឿន បន្តថា បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា មកដល់ពេលនេះ សាលាដំបូងខេត្តបានទទួលរួចហើយនូវសំណុំរឿងនេះ។ សំណុំរឿងនេះក៏បានបញ្ជូនទៅចៅក្រមស៊ើបសួរ រួចហើយដែរ ដើម្បីអនុវត្តនីតិវិធីបន្ត។ ប៉ុន្តែលោកមិនទាន់ដឹងថា ពីការសម្រេចយ៉ាងណានោះទេ ព្រោះវាជាសិទ្ធិរបស់ចៅក្រមជាអ្នកសម្រេច។
យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌចែងថា អំពើញុះញង់តាមមធ្យោបាយណាមួយដែលមានចែងនៅក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ឱ្យមានការប្រព្រឹត្តការរើសអើង ការគុំកួន ឬហិង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលជាសមាជិក ឬមិនមែនសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ២ លានរៀល ទៅ ៦ លានរៀល៕