ព្រះសីហនុៈ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ បន្ទាប់ពី​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​ ២៥ ​មីនា​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប៉ង​រំលោភ​សេពសន្ថវៈ​ស្ត្រី​ម្នាក់​វេលា​ទៀបភ្លឺ​ថ្ងៃ​ដដែល​នៅ​ភូមិ​ពូធឿង ​ឃុំ​បិតត្រាំង ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​។

លោក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃនប់​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ លួន ​វណ្ណៈ អាយុ ៣៤ ​ឆ្នាំ​ជា​កម្មករសំណង់​ត្រូវ​សមត្ថកិច្ច​របស់លោក​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ផ្នែក​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ចាត់ការ​បន្ត​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​​រឿងរ៉ាវ​របស់​ជនសង្ស័យ​វា​បាន​ផុតដៃ​ខ្ញុំ​ហើយ​»​។

លោកស្រី ប៉ែន កញ្ញា ស្នងការរង​ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​។

លោក កុល ពិសិដ្ឋ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​បិតត្រាំង​បាន​ឲ្យ​ដឹងថា នៅ​កន្លែងកើតហេតុ​ជា​ការដ្ឋាន​សំណង់​ហើយ​ស្ត្រី​រងគ្រោះ​អាយុ​ ២៤ ​ឆ្នាំ​ជា​ស្ត្រី​មាន​ប្តី​ ប៉ុន្តែ​ប្តី​របស់​នាង​ជាប់​ធ្វើ​ការងារ​ផ្សេង ចំណែក​ស្ត្រី​រងគ្រោះ​នាង​បានមក​ធ្វើ​ជា​កម្មករសំណង់​ជាច្រើន​ខែ​ហើយ​ដែរ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ​ លួន វណ្ណៈ ​ទើប​មក​ធ្វើការ​នៅក្នុង​ការដ្ឋាន​សំណង់​នេះ​នៅ​ថ្ងៃទី​ ២៤ ​មីនា ឆ្នាំ​ ២០២០ ​នេះ​ពោលគឺ​ធ្វើការ​បាន​ ១ ​ថ្ងៃ​ទេ​។

លោក ពិសិដ្ឋ ថ្លែងថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​ចាប់​ស្ត្រី​រងគ្រោះ​រំលោភ​បានសម្រេច​ពិតប្រាកដ​មែនហើយ​សមត្ថកិច្ច​របស់​លោក​បានធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន និង​បញ្ជូន​ជនសង្ស័យ​បន្តទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​នៅ​ថ្ងៃ​ដដែល​នោះ​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។

លោក​ថា ជនសង្ស័យ​បាន​លប​ចូលទៅ​ចាប់​ស្ត្រី​រងគ្រោះ​ និង​គំរាមថា បើ​ស្ត្រី​រងគ្រោះ​ស្រែក​ឲ្យ​ផ្អើល​ដល់​កម្មករ​សំណង់​ផ្សេងទៀត​រូបគេ​នឹង​សម្លាប់ចោល ទើប​ស្ត្រី​រងគ្រោះ​ទ្រាំ​នៅ​ស្ងៀម ព្រោះ​ខ្លាច​ជនសង្ស័យ​សម្លាប់ចោល​។ ក្រោយពី​ជនសង្ស័យ​ចាប់​ស្ត្រី​រងគ្រោះ​រំលោភ​បាន​សម្រេច​ហើយ​នោះ​ជនសង្ស័យ​បាន​គំរាម​សម្លាប់​នាង​ម្ដង​ទៀត ថា​ប្រសិន​បើ​ហ៊ាន​តែ​យក​រឿងនេះ​ទៅប្រាប់​កម្មករ​​ជាមួយ​គ្នា​។ លុះ​ព្រឹក​ឡើង​ស្ត្រី​រងគ្រោះ​បាន​និយាយប្រាប់​កម្មករ​ដូចគ្នា​ហើយ​ក្រុម​កម្មករ​បាន​ទាក់ទង​រក​លេខ​ទូរស័ព្ទ​នគរបាល​ប៉ុស្តិ៍​ឃុំ​បិតត្រាំង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​ ២៥ ​ខែ​មីនា​បាន​តែ​ម្តង​៕