កំពង់ចាមៈ ​មន្ត្រី​នគរ​បាល​នៃ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​កំពង់​ចាម​ ចាប់​ខ្លួន​មនុស្ស​ ១២ ​នាក់ ​និង​វត្ថុ​តាង​ ​បញ្ជូន​ទៅ​សាលា​ដំបូ​ង​ខេត្ត​ ​កាល​ពី​ថ្ងៃ​ទី​ ២២​ ​ខែ​ឧសភា រឿង​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ ​នៅ​ក្នុ​ង​ភូមិ​សាស្រ្ត​ស្រុក​ជើង​ព្រៃ​ និង​ស្រុក​បា​ធាយ​។​

លោក​ ​ហេង​ ​វុទ្ធី​ ​ស្នង​ការ​រង​ទទួល​ផែន​ការ​ងារ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី ​២៣​ ​ខែ​ ឧសភា ​ឆ្នាំ ​២​០​២១​ ​ឱ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ទាំង ​១២ ​នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​ ​សហ​ការ​ជា​មួយ​កម្លាំង​ជំនាញ​រប​ស់​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ ​នៃ​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ ​ក្រសួ​ង​មហា​ផ្ទៃ​និង​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ ​ ​ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​ ​១៩​​ ខែ​ឧសភា​។​

លោក​ ​ហេង​​ វុទ្ធី​ ​បន្ត​ថា​ ​សមត្ថ​កិច្ច​បាន​ដក​ហូត​វត្ថុ​តាង​រួម​មាន​ ម៉ូតូ​ជា​មធ្យោ​បាយ​ជិះ​ធ្វើ​សកម្ម​ភាព​ ​ចំនួន​ ៤ ​គ្រឿង​ ​និង​ម៉ូតូ​របស់​ជ​ន​រង​គ្រោះ​ចំ​នួន​ ១​ គ្រឿង​។​

លោក​ ​ហាក់​ ​ហ៊ាន់​ ​ព្រះ​រាជ​អា​ជ្ញា​រង​​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ចាមឱ្យ​ដឹង​ដែរ​ថា​ ​អយ្យ​ការ​សាលា​ដំបូង​ ​ខេត្ត​បាន​ទទួល​សំ​ណុំ​រឿ​នេះ​ ​ហើយ​មាន​ជន​សង្ស័យ​ចំនួន​ ១១​ ​ប៉ុ​ណ្ណោះ ​ខណៈ​ម្នាក់​ទៀត​ ​គឺ​ជា​អានិ​តិ​ជន​ ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​។​

លោក​ ​ហាក់​ ​ហ៊ាន​ ​បន្ត​ថា​​ បច្ចុ​ប្បន្ន​នេះ​ ​ជន​សង្ស័យ​ទាំង​ ១​១​ ​នាក់ បាន​ស្ថិត​នៅ​ក្នុ​ង​នី​តិ​វិធី​នៃ​ការ​សាក​សួរ​របស់​តុលា​ការ​។​

លោក​ ​ហាក់​ ​ហ៊ាន​ ​ថ្លែង​ថា​៖​ ​«​​ខ្ញុំ​សួរ​នាំ​គាត់​សិន​…​ត្រូ​វ​សួ​រ​នាំ​ម្នាក់​ម្តង ​កុំ​ឱ្យ​ចោទ​ប្រកា​ន់​ខុស​ ​ធ្វើ​ឱ្យ​គាត់​ខូច​អា​នាគ​ត​ ​ព្រោះ​សុ​ទ្ធ​តែ​នៅ​ក្មេ​ង​ៗ​ណាស់​»​៕​​​​