កណ្តាលៈ មន្ត្រីនគរបាលចាប់បុរសជាកសិករម្នាក់អាយុ ៣៣ ឆ្នាំឈ្មោះ ផាត់ តឿ ស្ថិតនៅក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ក្រោយពីបានចាប់រំលោភផ្លូវភេទ កូនស្រីបង្កើតរហូតមានផ្ទៃពោះ ៥ ខែទើបបានដឹងដល់ម្ដាយដែលនាំឲ្យចាប់ខ្លួនជនជាប្ដីនេះ។
លោក សា រ៉ាវ័ន្ដ អធិការរងស្រុកស្អាងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ជនសង្ស័យនេះត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួននៅថ្ងៃទី ២៨ ខែសីហា ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ដ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់។
លោក រ៉ាវ័ន្ត បានថ្លែងឲ្យដឹងថា ជនសង្ស័យជាឪពុកចាប់បង្ខំរំលោភកូនស្រីបង្កើតនេះឈ្មោះ ផាត់ តឿ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិពាមប្រជុំ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះជាកូនស្រីមានអាយុទើប ១២ ឆ្នាំប៉ុណ្ណោះមានមុខរបរស៊ីឈ្នួលប៉ាក់ស្បៃ រស់នៅជាមួយឪពុកម្ដាយ។
យោងតាមកំណត់ហេតុរបស់នគរបាលស្រុកស្អាងបានឲ្យដឹងថាកាលពីខែកក្កដា ២០១៧ វេលាម៉ោង ៧ យប់ នៅពេលដែលជនសង្ស័យមកយកកូន (ជនរងគ្រោះ) ចេញពីស៊ីឈ្នួលគេវិញ ជនសង្ស័យបានយកទូកមកចម្លងកូន ពេលនោះជនសង្ស័យបានលួងលោមរួមភេទជាមួយកូន តែកូនមិនព្រមរួចគំរាមថា «បើមិនព្រមឲ្យអញ អញវ៉ៃងាប់ឥឡូវ។ ពេលរំលោភរួច កូនស្រីនិយាយថាចាំមើលទៅដល់ផ្ទះខ្ញុំប្រាប់ម៉ែ ពេលនោះជនសង្ស័យគំរាមថា បើហ៊ានប្រាប់ម៉ែហ្អែងអញសម្លាប់ចោល»។
របាយការណ៍ដដែលនេះបានឲ្យដឹងថា ក្រោយមកជនសង្ស័យតែងតែរំលោភកូនបង្កើតខ្លួនឯងជាបន្តបន្ទាប់ដោយគំរាមកូនមិនឲ្យនិយាយប្រាប់ម្ដាយ និងអ្នកដទៃឡើយ។ បើហ៊ាននិយាយនឹងសម្លាប់ចោល។
រហូតដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ១២ និង ៣០ នាទីរសៀល ជនរងគ្រោះបាននិយាយប្រាប់ម៉ែអំពីការបាត់រដូវរបស់នាងរយៈពេល ៣ ខែហើយភ្លាមនោះម្ដាយជនរងគ្រោះបានទៅទិញឧបករណ៍ពិនិត្យទឹកនោម។ ពេលទិញបានហើយក៏ធ្វើការពិនិត្យទឹកនោមឃើញថា កូនស្រីមានផ្ទៃពោះ រួចក៏សួរកូនពីទំនាក់ទំនងដែលនាំឲ្យមានផ្ទៃពោះ។ ជាលទ្ធផលពេទ្យពិនិត្យឃើញថា ជនរងគ្រោះមានផ្ទៃពោះរយៈពេល ៥ ខែ ទើបឈានដល់ការប្ដឹងទៅនគរបាល។
លោក សា រ៉ាវ័ន្ដ ថ្លែងថា៖ «ក្រោយពីយើងឃាត់ខ្លួនបានហើយហើយបានសាកសួរមកយើងបានធ្វើរបាយការណ៍បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ដកណ្ដាលហើយដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់»៕