ក្រចេះ​/​ភ្នំ​ពេញៈ កម្លាំង​នគរ​​បាល​កាល​ពី​ម្សិល​មិញ ​បាន​ចាប់​ខ្លួន​បុរស​ ២ នាក់​ ពាក់​ព័ន្ធ​អំ​ពើ​ឃាត​កម្ម​ទៅ​លើ​ប្រ​ពន្ធ​របស់​ខ្លួន​កាល​ពី​ដើ​ម​ខែ​សី​ហា​ ដែល​បាន​ប្រ​ព្រឹត្ត​នៅ​ក្នុង​តំ​បន់​ផ្សេង​ពី​គ្នា។​ បុរស​ម្នាក់​ក្នុង​ចំ​ណោម​នេះ​​នឹង​ត្រូវ​​​បញ្ជូន​ទៅ​ទៅ​កាន់​តុលា​ការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

​ក្រចេះ ជន​សង្ស័យ​ដែល​កាប់​ប្រពន្ធ​ស្លាប់​នៅ​ភូមិ​អូរ​ឫស្សី​ ២ ​សង្កាត់​​អូរ​ឫស្សី ​ក្រុង​​ខេត្ត​ ក្រចេះ​កាល​ពី​ ​ថ្ងៃ​ទី​ ៥​ ខែ សី​ហា ​ត្រូវ​នគរបាល​ក្រុង​ក្រ​ចេះ​ ចាប់​ខ្លួន​បាន​កាល​ពី​ព្រឹក​ថ្ងៃទី ៧ ​សីហា ​នៅភូមិ​-ឃុំ​ អូរ​គ្រៀង​ ស្រុក​ សំបូរ ​ខេត្ត​ក្រចេះ ​បន្ទាប់​ពី​​រត់​គេច​ខ្លួន​បាន​ ២ ​ថ្ងៃ។

​លោក ប៉ាង ​យូហុក អធិ​ការ​រង​នគរ​បាលក្រុង​ក្រចេះ ​ប្រាប់​ពី​ម្សិល​មិ​ញ​ថា​ ជន​សង្ស័យ​​ឈ្មោះ ​សំ ​សុភ័ក្រ្តា ​ហៅ​​ សុ​ភក្រ ​អាយុ ៣១ ​ឆ្នាំ ​រី​ឯ​ ស្រ្តី​រង​គ្រោះ​ជា​ប្រពន្ធ​​ឈ្មោះ​ គង់​ ស្រី​តូច ​អា​យុ​​ ២៧​ ឆ្នាំ​ មាន​កូន​ប្រុស​អាយុ​ ៥​ ឆ្នាំ​ម្នាក់​ និង​កូន​ស្រី​អាយុ​ ៤ ឆ្នាំម្នា​ក់​ រស់​នៅ​ភូមិ​ស​ង្កាត់​ខាង​លើ​។ ​ជន​សង្ស័យ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ ចាប់​ខ្លួន​បាន​ហើយ​កាល​ពី​ព្រឹក​ ​ថ្ងៃទី​ ៧ សីហា​។​

​លោក​​ប្រាប់​ថា៖ ​​«​ជន​សង្ស័យ ​​សមត្ថ​កិច្ច​ជំនាញ​របស់​ខ្ញុំ​កំពុង​សួរ​យក​ចម្លើយ​សិ​ន​ ដើម្បី​ធ្វើ​កំណត់​ហេតុ ​មុន​នឹង​បញ្ជូន​បន្ត​ទៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ក្រចេះ​​»​។​ ​

​លោក​ប្រាប់​ថា ជន​សង្ស័យ​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​កា​ប់​សម្លា​ប់​ប្រពន្ធ​របស់​ខ្លួន​ កាល​ពី​យប់​ថ្ងៃ​ទី​ ៥​ សីហានោះ​មក​ ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​អធិ​ការ​ដ្ឋាន​ក្រុង​ក្រចេះ​តាម​​ជាប់​រហូត​ដល់​ថ្ងៃ​ទី​ ៧​ សីហា ​ទើប​សមត្ថ​កិច្ច​ចាប់​បាន​បន្ទាប់​ពី​ជន​សង្ស័យ​​បាន​រត់​គេច​​ទៅ​លាក់​ខ្លួន​នៅ​ផ្ទះ​​មិត្ត​ភក្តិ​ក្នុង​ភូមិ​សាស្រ្ត​ស្រែត្រែង ​ស្ថិតក្នុង​ភូ​មិ​ឃុំ​ខាង​លើ​។​

​​លោក​ នេត​ លីន​ អធិការ​នគរ​បាល​ក្រុង​ក្រចេះ ​បាន​ប្រាប់​ថា ​មូល​​ហេតុ​នៃ​ការ​កាប់​​សម្លាប់​​ស្រ្តី​រង​គ្រោះ​នេះ​ សមត្ថ​កិច្ច​របស់​លោក​បាន​ដាក់​ការ​សន្និ​ដ្ឋាន​ ២​ ដែល​ករណី​ទី​១​ គឺ​ដោយ​សារ ​២ ​នាក់​ប្តី​ប្រពន្ធ​នេះ ​តែង​មាន​ជម្លោះ​នៅ​​ក្នុង​គ្រួសារ ​និង​ករណី​ទី​ ២​ បណ្តាល​មក​ពី​ជន​សង្ស័យ​ ប្រ​​ចណ្ឌ​នឹង​ស្រ្តី​រង​គ្រោះ​ជា​ប្រពន្ធ​របស់​ខ្លួន​។​ ​តាម​សម្តី​សាច់​ញាតិ​ស្រ្តី​រងគ្រោះ​ថា​ ពួកគេ​បាន​រៀប​ការ​ជា​មួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ពួក​គេ​ចេះ​តែ​ឈ្លោះ ​គ្នា​ព្រោះ​ជន​សង្ស័យ​ប្រ​ចណ្ឌ​នឹង​ស្រ្តី​រង​គ្រោះ​រ​ហូត​ មាន​ការ​លែង​លះ​គ្នា​មួយ​លើក​ជា ​២ ​លើក​ទៀត​ផង​ ​​ តែ​ជន​សង្ស័យ​មិន​ព្រមលែង​។​

អំឡុង​ពេល​ ​២​ ទៅ ​៣ ​ថ្ងៃ​មុន​កើត​ហេតុ​រវាង​ជន​សង្ស័យ​និង​ ស្រ្តី​រ​ង​គ្រោះ​មិន​បាន​រស់​នៅ​ជា​មួយ​គ្នា​ទេ​។ លុះ​នៅ​យប់​ថ្ងៃ​ទី ៥ ​ខែ​ សីហា​ ឆ្នាំ ២០១៩​ ស្រ្តីរង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់​ឯង​ទៅ​ទិញ​ទឹក​ក្រឡុក​​យក​មក​ឲ្យ​កូន​ផឹក​។​ ស្រាប់​តែ​ពេល​ត្រឡប់​​មក​ផ្ទះ​វិញ​​ ​​ខណៈ​ស្រ្តី​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ស្ងាត់​ម្នាក់​ឯង​ ស្រាប់​​តែ​ជន​សង្ស័យ​ចេញ​ពី​ក្នុង​​ព្រៃ​របោះ​​ហើយ​កាប់​ស្រ្តីរង​គ្រោះ​ជា​ច្រើន​កាំបិត​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ​រីឯ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​។​

​លោក​បន្ត​ថា​ ក្រោយ​កើត​​ហេតុ​កម្លំាង​សមត្ថ​កិច្ច​​របស់​លោក​បាន​ចុះ​ពិនិត្យ​មើល​សាក​សព​​ឃើញ​មាន​ស្នាម​កាប់​នឹង​កាំបិត​ត្រូវ​ត្រង់​ ​ក ​និង​ត្រូវ​កញ្ចឹង​ ក ​ពីក្រោយ​​ស្នាម​កាប់​ ត្រូវ​ដៃ​ទាំង​​សងខា​ង ​​និង​ស្នាមកា​ប់​នៅ​លើដ​ងខ្លួ​ន​ជា​ច្រើន​កាំ​បិត​ទៀត​ផង​។ ​នៅ​កន្លែង​កើត​ហេតុ​នោះ​ដែរ​ ឃើញ​មាន​កាំបិត​ផ្គាក់​ចំនួន​ ១ ​ប្រឡាក់​ឈាម​ដែល​ជា​​វត្ថុ​តាង​បង្ក​បទ​ល្មើស​របស់​ជន​សង្ស័យ​ ​។​

​ទោះ​បីយ៉ាង​ណា ​បើ​តាម​មន្រ្តី​នគរ​បាល​មួយ​រូប​ នៃ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ក្រចេះ​ដែល​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​ ​ជន​សង្ស័យ​ជា​មនុស្ស​មិ​ន​ធ្វើ​ការ​ងារ​អ្វី​ទេ ​មិន​តែ​​ប៉ុណ្ណោះ ​ថែម​ទាំ​ង​ជក់​​គ្រឿង​ញៀ​ន​ទៀត​ផង​។​

ដោយ​សារ​តែ​ជន​សង្ស័យ​ មិន​ជួយ​រក​ស៊ី​ចិញ្ចឹម​កូន​ប្រពន្ធ​នោះ​ទើប​ស្រ្តី​រង​គ្រោះ​សុំ​ជន​សង្ស័យ​លែង​លះ​គ្នា ​ដោយ​ប្តឹង​ដល់​អាជ្ញា​ធរ​ក្រុង​ក្រចេះ​ផ​ង​ តែ​ជន​សង្ស័យ​មិន​ព្រម​ផ្តិត​មេ​ដៃ​ឲ្យ​ស្រ្តី​រង​គ្រោះ ​រហូត​កើត​មាន​​ជា​ការ​​កាប់​សម្លាប់​បែប​នេះ​។​

​ភ្នំ​ពេញ​ ដោយ​ឡែក​បុរស​ម្នាក់​ក៏នឹង​ត្រូវ​ ​បញ្ជូន​ទៅ​តុលា​ការ​នៅ​ថ្ងៃ​ទី​ ៨ ​សីហា ​នេះ​ ​ពាក់​ព័ន្ធ ​វាយ​សម្លាប់​ប្រពន្ធ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជ​ធា​នី​ភ្នំ​ពេញ ពី​ថ្ងៃ​ទី ៥ ​សីហា។​ បុរស​ជា​ប្តី​​រូប​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​​ពី​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៥​ សីហា ​ដោយ​សារ​ជន​សង្ស័យ​​ ​វាយ​ប្រពន្ធ​របស់​ខ្លួន​នឹង​ដៃ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ ​។​ ​​ ​

​លោក​ ជា​ សុវណ្ណ​ អធិការ​រង​នគរ​បាល ​ខណ្ឌ ​ពោធិ៍សែន​ជ័យ​ ទទួល​ផែន​ព្រហ្ម​ទណ្ឌ​ បាន​ប្រាប់​ពី​ម្សិល​មិញ​ថា​ បុរស​ជា​ ជន​សង្ស័យ​ឈ្មោះ ​ផង់​ សំ​ណាង ​អា​យុ ២៣ ​ឆ្នាំ​ ​រីឯ​ ​ស្រ្តី​រង​គ្រោះ​ឈ្មោះ ​នុយ ​វណ្ណារី​ អា​យុ​ ២៣ ​ឆ្នាំ​ មាន​មុខ​បរ​ជា​នារី​បម្រើ​ក្នុង​ហាង​ខា​រ៉ា​អូ​ខេ។

លោកបាន​​ថ្លែង​ថា៖ «​ជន​សង្ស័យ​រូប​នេះ​ សមត្ថ​កិច្ច​របស់​ខ្ញុំ​បាន​បញ្ចប់​នីតិ​វិធី​ស៊ើប​សួរ​ហើយ​ ថ្នាក់​លើ​បា​ន​ចុះ​ហត្ថ​​លេខា ​ឲ្យ​បញ្ជូន​ជន​សង្ស័យ​បន្ត​ទៅ​តុ​លា​ការ​​»​។​ ​

​លោក​ប្រាប់​តាម​សម្តី​គ្រួសារ​ស្រ្តី​រង​គ្រោះ​ថា​ រវាង​ជន​សង្ស័យ​ និ​ងនារី​រង​គ្រោះ​បាន​ស្រ​ឡាញ់​គ្នា​ តែ​មិន​បាន​រៀប​ការ​ទេ​ ហើយ​ពួ​ក​គេ​តែង​តែ​ឈ្លោះ​គ្នា​ជា​ញឹក​ញាប់​ ដោយ​ជន​សង្ស័យ​ប្រើ​អំពើ​ហិង្សា​លើ​ស្រ្តី​រង​គ្រោះទៀ​​ត​ផង​។​ ​

​លោក​បន្ត​ថា​ លុះ​នៅ​ថ្ងៃ​ទី​ ៥​ សី​ហា​ ជន​សង្ស័យ​បាន​វាយ​ស្រ្តី​រងគ្រោះ​បណ្តាល​ឲ្យ​ត្រូវ​ភ្នែក​ខាង​ស្តាំ ​និង​បាក់​ក្តោង​ច្រមុះ​ បណ្តាល​ឲ្យ​ស្រ្តី​រងគ្រោះ​សន្លប់​ ហើយ​បន្ទាប់​ពី​វាយ​រួច​ ជន​សង្ស័យ​បាន​ដើរ​ចេញ​ពី​បន្ទប់​។​ ពេល​នោះ​ ស្រ្តី​ម្នា​ក់ជា​បង​បង្កើត​របស់​ស្រ្តី​រង​គ្រោះ​បាន​ចូល​ទៅ​មើល​ស្រ្តី​រង​គ្រោះ​ ស្រាប់​តែ​ឃើញ​ស្លាប់​បាត់​ទៅ​ហើយ ​ហើយ​ប្តឹង​ទៅ​​សមត្ថ​កិច្ច​ឲ្យ​ចាប់​ខ្លួន​ជន​សង្ស័យ​តែ​ម្ត​ង​។ ​ ​

លោកបន្ត​​ថា​៖ ​«​នារី​រង​គ្រោះ​ខ្ញុំ​​មិន​ជឿ​ថា ​គ្រាន់​តែ​វាយ​នឹង​ដៃ​ស្លាប់​ទេ​តែ​អាច​មក​ពី​នារី​រងគ្រោះ​ត្រូវ​ជន​សង្ស័យ​វាយ​ធ្វើ​បាប​កន្លង​មក​ ហើយ​នាង​គ្រាំ​ក្នុង​​»​៕​