ភ្នំពេញៈ នគរបាល​ចរាចរណ៍​បាន​ចាប់ផ្ដើម​ផាកពិន័យ​ឡើងវិញ បន្ទាប់ពី​បើក​យុទ្ធនាការ ១ ​ខែ ​ដើម្បី​ឃាត់​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​មិន​ផាកពិន័យ​ប្រាក់ តែ​តម្រូវ​ឱ្យ​ទៅ​រក​មួកសុវត្ថិភាព​មក​ពាក់​ទើប​ឱ្យ​បន្ត​ដំណើរ ខណៈ​ការអនុវត្ត​ចាប់ពី​ថ្ងៃទី​ ១៩ ខែ​ កក្កដា ដល់​ថ្ងៃទី​ ១៨ ខែ​ សីហា បាន​រកឃើញ​ម៉ូតូ​ដែល​មាន​អ្នកជិះ​​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​ ១០៧ ៤១២ គ្រឿង ឬ​ស្មើនឹង​ ៣៩ ​ភាគរយ​ ក្នុង​ចំណោម​ម៉ូតូ​ចំនួន ២៧៣ ៧១៩ ​គ្រឿង​ ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​នគរបាល​ចរាចរណ៍​។

លោក ហ៊ឹម យ៉ាន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា នៅក្នុង​យុទ្ធនាការ​ ១ ​ខែ​នេះ​ គឺ​បាន​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​ដោយ​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ត្រួតពិនិត្យ​អ្នកជិះ​ម៉ូតូ​ដែល​មិន​ពាក់មួក​សុវត្ថិភាព​ទាំង​នៅ​តាម​ផ្លូវជាតិ និង​នៅ​ផ្លូវ​ជនបទ​នានា​តាម​តំបន់​ដាច់ស្រយាល​។

លោក​បន្ត​ថា​ការអនុវត្ត​យុទ្ធនាការ​នេះ​បាន​រកឃើញ​ថា សៀមរាប​គឺ​ខេត្ត​មាន​អត្រា​អ្នក​ពាក់​មួកសុវត្ថិភាព​ច្រើន​ជាង​គេ​គឺ​មាន​រហូត​ដល់​ ៩២ ​ភាគរយ បន្ទាប់មក​គឺ​ទីក្រុង​ភ្នំពេញ​មាន​ ៨៩ ​ភាគរយ ចំណែក​ខេត្ត​ដែល​មាន​អត្រា​អ្នកជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​ទាប​ជាងគេ​គឺ​ខេត្ត​មណ្ឌលគិរី​ដែល​មាន​ត្រឹម​ ៤០ ​ភាគរយ​ ខណៈ​ខេត្ត​ផ្សេងៗ​ទៀត​មាន​អត្រា​អ្នក​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​ចាប់ពី​ ៥០ ​ភាគរយ​ឡើង​ទៅ​។

លោក​ថា​៖ «​ការធ្វើ​យុទ្ធនាការ​នេះ​យើង​សង្កេតឃើញ​ថា អ្នក​ពាក់មួក​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស​មាន​ការកើនឡើង​ជា​លំដាប់​ដែរ ប៉ុន្តែ​វា​នៅ​កន្លែង​ខ្លះ ពិសេស​នៅ​ខេត្ត​ឆ្ងាយៗ​តាម​ជនបទ គាត់​នៅ​តែ​មាន​ទម្លាប់​មិនទាន់​ពាក់មួក​។

ឥឡូវនេះ​យើង​ក៏​ពិនិត្យ​ឃើញ​ថា​កំណើន​ម៉ូតូ​ក៏​វា​កើនឡើង​ខ្ពស់ ហើយ​អ្នកជិះ​ម៉ូតូ​ក៏​គ្រោះថ្នាក់​ខ្ពស់​ដែរ អ៊ីចឹង​យើង​ចាប់ផ្ដើម​កាត់បន្ថយ​គ្រោះថ្នាក់​ពី​បញ្ហា​មួក​មុនគេ បញ្ហា​ល្បឿន និង​បញ្ហា​ស្រវឹង​យើង​នឹង​ខិតខំ​ធ្វើ​ជា​បន្តបន្ទាប់​ទៀត​»​។

បើ​តាម​លោក ហ៊ឹម យ៉ាន ការអនុវត្ត​យុទ្ធនាការ​នេះ​ក៏​បាន​រកឃើញ​អ្នកជិះ​ម៉ូតូ​ស្លាប់​ចំនួន​ ១១៤ ​នាក់ និង​អ្នក​រងរបួស ៣៤៣ នាក់​ ប៉ុន្តែ​តួលេខ​អ្នកស្លាប់​នេះ​បាន​ថយចុះ​ចំនួន​ ៤ ​នាក់​​ និង​អ្នក​រងរបួស​​ថយចុះ​ ១៥ ​នាក់ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ ១ ​ខែ​ដូច​គ្នា​ មុនពេល​អនុវត្ត​យុទ្ធនាការ​ដែល​មាន​អ្នក​ស្លាប់​ចំនួន​ ១១៨ ​នាក់ និង​រងរបួស​ចំនួន​ ៣៥៨ ​នាក់​។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រូបនេះ​បន្តថា​ចាប់ពី​ថ្ងៃទី​ ១៩ ខែ​ សីហា តទៅ​នគរបាល​ចរាចរណ៍​ចាប់ផ្ដើម​ធ្វើការ​ផាក​ពិន័យ​ប្រាក់​ឡើងវិញ ដោយ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​នឹង​ពិន័យ​ ១ ​ម៉ឺន​ ៥ ​ពាន់​រៀល ហើយ​នឹង​តម្រូវ​ទៅ​រក​មួក​មក​ពាក់​ទើប​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​យុទ្ធនាការ​ ១ ​ខែ​នេះ​កាលពី​ថ្ងៃទី​ ១៧ ​ខែ​ កក្កដា​ ខណៈ​ទាំង​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​រិះគន់​មួយ​ចំនួន​បាន​លើក​ឡើង​ថា ពលរដ្ឋ​កម្ពុជា​ភាគច្រើន​នាំគ្នា​ខ្លាច​នគរបាល​ចរាចរណ៍​ជាង​គោរព​ច្បាប់​ចរាចរណ៍​។

លោក​ សុក សេរ៉ា មន្ត្រី​នាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​បាន​លើកឡើង​ថា ពលរដ្ឋ​ក្នុង​ខេត្ត​លោក​ភាគច្រើន​គឺ​មិន​ទាន់​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍ ជាពិសេស​គឺ​ការពាក់​មួកសុវត្ថិភាព ហើយ​ដោយសារ​ជីវភាព​ពលរដ្ឋ​មួយ​ចំនួន​នៅ​ខ្វះខាត​ផង​នោះ ដូច្នេះ​ក្នុង​យុទ្ធនា​ការឃាត់​មិន​ផាកពិន័យ​ប្រាក់ និង​តម្រូវឱ្យ​ទៅរក​មួក​មក​ពាក់​ទើប​អនុញ្ញាត​ឱ្យ​បន្តដំណើរ​គឺ​ពេល​ខ្លះ​អាជ្ញាធរ​មិនអាច​ចាប់បង្ខំ​ពួកគាត់​ទាល់តែ​ទៅ​រក​ទិញ​មួក​យក​ពាក់​នោះទេ​គឺ​ភាគច្រើន​គ្រាន់តែ​អប់រំ​ប៉ុណ្ណោះ​។

លោក​ថា​៖ «​យុទ្ធនាការ​ហ្នឹង​យើង​ក៏​អនុវត្ត​ដែរ ប៉ុន្តែ​មន្ត្រី​អនុវត្ត​យើង​ជួនកាល​ពិបាក​ណាស់ ពីព្រោះ​បងប្អូន​ជនជាតិ​យើង​គាត់​គ្មាន​អី​ផង ជួនកាល​គាត់​មានតែ​ ១ ​ម៉ឺន ២ ​ម៉ឺន​ (​រៀល​) ឡើងមក​ផ្សា​រទិញ​អំបិល​និង​ប៊ីចេង ទុក​ហូប ហើយ​យើង​ឃាត់​គាត់​បង្ខំ​ឱ្យ​គាត់​ទៅ​ទិញ​មួក​មក​ពាក់​ទៀត គឺ​កាន់តែ​ធ្វើ​ឱ្យ​ពួកគាត់​អត់​ថែម​ទៀត​»​។

ប៉ុន្តែ​លោក គង់ រតនៈ នាយក​ស្ដីទី​នៃ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​ថា ការលើក​ឡើង​របស់​អាជ្ញាធរ​ថា​មិន​រឹតបន្ដឹង​ច្បាប់ ដោយសារ​ហេតុផល​កត្តា​ជីវភាព​របស់​ពលរដ្ឋ​គ្រាន់តែ​ជា​លេស​ដោះសា​ប៉ុណ្ណោះ ព្រោះ​លោក​មិន​ជឿ​ថា​ពលរដ្ឋ​ទាំងនោះ​គ្មាន​លុយ​ទិញ​មួក​សុវត្ថិភាព​ឡើយ ដោយសារ​តម្លៃ​ទិញ​មួក​គឺ​ថោក​ជាង​តម្លៃ​ទិញ​ម៉ូតូ​ទៅទៀត​។

លោក​ថា​៖ «​បើ​យើង​គិត​អំពី​តម្លៃ​ភាគរយ​នៃ​ម៉ូតូ​ដែល​គាត់​ទិញ និង​មួក​គឺ​ខុសគ្នា​ឆ្ងាយ​បាត់​ទៅ​​ហើយ ម៉ូតូ​ចាស់​បំផុត​ដែល​អាច​ទិញ​មក​ប្រើ​គឺមាន​តម្លៃ​ចាប់ពី​ ៣ ​រយ​ទៅដល់​ ៥ ​រយ​ដុល្លារ​បាត់​ទៅ​​ហើយ ហើយ​សម័យ​ឥឡូវ​មាន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ខ្ចី​គឺ​ពួកគាត់​បាន​ទិញ​ម៉ូតូ​ថ្មីៗ​មក​ប្រើ​គឺ​មាន​ច្រើន​ហើយ​។ ប៉ុន្តែ​ឥរិយាបថ​មិន​ពាក់មួក​គឺ​មកពី​ទម្លាប់ ហើយ​សមត្ថកិច្ច​ហ្នឹង​ខ្ជិល​នឹង​រវីរវល់​រឹតបន្តឹង​ច្បាប់​ទៅ​ទៀត​ធ្វើឱ្យ​ពួកគាត់​នៅ​តែ​បន្ត​ទម្លាប់​ហ្នឹង​»៕