បន្ទាយមានជ័យៈ លោក សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​បាន​អះអាង​ថា​កម្លាំង​នគរបាល​បាន​ត្រៀម​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​អតីត​សង្ឃ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​រឿង​អាស្រូវ​ខាង​ផ្លូវភេទ​ជាមួយ​ស្ត្រី​ដែល​ជា​ដៃគូ​នៅក្នុង​វត្តភ្នំ​បាក់លើ​នាពេល​ថ្មីៗ​កន្លង​មក​នេះ​។

លោក សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា វិធានការ​ផ្លូវ​ច្បាប់​ត្រូវ​បាន​ធ្វើឡើង​ក្រោយពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ស្ត្រី​ដែល​ជា​ដៃគូ​នៃ​អតីត​សង្ឃ ស្រិល វណ្ណា​។

លោក សិទ្ធ ឡោះ បាន​ថ្លែង​ថា​៖ «​យើង​ទទួល​បាន​ពាក្យបណ្តឹង​នេះ​ហើយ​ក្នុង​ពាក្យបណ្តឹង​បាន​ចោទ​ថា (​អតីត​ព្រះសង្ឃ​) ស្រិល វណ្ណា បាន​ចាប់​រំលោភ​នារី​ជនរងគ្រោះ​ (​ឈ្មោះ លីតា​) ​។ តែ​ជំនាញ​របស់​យើង​មិន​ចេះ​តែ​ជឿ ឬ​ក៏​មិន​ចេះ​តែ​អនុវត្ត​ច្បាប់​តាម​ពាក្យបណ្តឹង​ដែរ ករណី​នេះ​វា​ជា​រឿង​ហេតុ​កើត​ពី​អតីតកាល ដូច្នេះ​យើង​ត្រូវការ​ស៊ើបអង្កេត​ល្អិតល្អន់​ចប់​សព្វ​គ្រប់​បាន​យើង​បញ្ជូន​សំណុំ​រឿង​ទៅ​ឲ្យ​អយ្យការ​ធ្វើការ​តាម​ច្បាប់​បន្ត​»​។

លោក​បាន​ថ្លែង​ផង​ដែរ​ថា​នៅក្នុង​ពាក្យបណ្តឹង​របស់​ស្ត្រី លីតា ក៏​បាន​ទាមទារ​ឲ្យ​មាន​សំណង​ជា​ទឹកប្រាក់ ៥​ ​ម៉ឺន​ដុល្លារ​ផង​ដែរ​។

យោង​តាម​ការផ្សាយ​បន្ត​ផ្ទាល់​ពី​គេហទំព័រ Facebook របស់​លោក ផែង វណ្ណៈ ពី​ផ្ទះ​របស់​បងប្អូន​អន្ទិត វណ្ណា នៅ​ក្រុង​សិរីសោភ័ណ​ដោយ​បាន​បង្ហាញ​មុខ និង​សម្តី​ផ្ទាល់​របស់​អតីត​សង្ឃ ស្រិល វណ្ណា នៅ​ក្នុង​វីដេអូ​នោះ​អតីត​សង្ឃ​អង្គ​នេះ​បាន​បដិសេធ​រឿង​ការចាប់​រំលោភ​លើ​ស្ត្រី​ជា​ដៃគូ​។

អតីត​សង្ឃ​នេះ​ត្រូវ​បាន​បង្ហោះ​តាម​ហ្វេសប៊ុក​ដោយ​បាន​បង្ហាញ​នូវ​រូបភាព​បែប​អាសអាភាស​ជាមួយ​ដៃគូ​របស់​ខ្លួន​៕