ភ្នំពេញៈ អ្នកគាំទ្រ​ការវិលត្រឡប់​របស់​លោក​ សម រង្ស៊ី ១៣ ​នាក់​ទៀត ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​តំបន់​ផ្ទះល្វែង​នៃ​អតីត​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សង្កាត់​ចាក់អង្រែលើ​ពាក់ព័ន្ធ​ពី​បទ​ចូលរួម​ជាមួយ​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​រឿយៗ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​កងកម្លាំង​ប្រដាប់អាវុធ​ធ្វើ​ចលនា​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​នៅពេល​ដែល​មេដឹកនាំ​រូបនេះ​ប្រកាស​ថា​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩​។ នេះ​បើ​យោង​តាម​ស្នងការ​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​សន្តិសុខ​យាម​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១០ ​នាក់ និង​បាន​រឹបអូស​យក​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​ការទទួល​ផែនការ​ពី​លោក សម រង្ស៊ី ដើម្បី​ធ្វើការ​ផ្តួលរំលំ​រដ្ឋាភិបាល​។

លោក ស ថេត បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​សាកសួរ​ហើយ​សមត្ថកិច្ច​នឹង​សម្រេច​បញ្ជូន​អ្នកគាំទ្រ​ ១០ ​នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ការចូលរួម​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ទៅ​តុលាការ​យ៉ាងយូរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​»​។

លោក ស ថេត ថ្លែង​ថា​៖ «​ពួកវា​បាន​រៀបចំ​ផែនការ​ច្បាស់លាស់​ណាស់ យើង​មាន​ឯកសារ​។ ពួកគេ​ធ្វើការ​កៀរគរ​មនុស្ស​ឲ្យ​ចាំ​ទទួល​បទបញ្ជា​នេះ ​គឺជា​កំហុស​វា​មិនមែន​ចូល​មក​ដើម្បី​តវ៉ា​ និង​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ទេ​។ វា​ប្រកាស​ក្តែងៗ​ឲ្យ​ដឹង​ជាច្រើន​ដង ជា​ហូរហែ ហើយ​ការចោទប្រកាន់​របស់​តុលាការ​គេ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ នៅពេល​អ្នកឯង​រៀបចំ​ផែនការ​ចាំ​ទទួល​។ អ្នកឯង​រួមគំនិត​ក្បត់​»​។

អ្នកគាំទ្រ​លោក​ សម រង្ស៊ី​ទាំង​​ ១០ ​នាក់​នោះ ​ដែល​បាន​ចាប់ខ្លួន​មាន​ឈ្មោះ ១- លោក ទឹម សៀវ ២- ​លោក ទឹម សុម៉េត ៣- លោក ថន ប៊ុនធឿ ៤- លោក អ៊ុក ចន្តា ៥- លោក ស្រង់ ៦- លោក ជួន សុផល ៧- លោក ហុក សំអាង ៨- លោក ណុក អូន ៩- លោក សី តារា និង ១០- លោក សូ តារា​។

ពាក់ព័ន្ធ​ជាមួយ​ចលនា​ការគាំទ្រ​នៃ​ការវិល​ត្រឡប់​មកវិញ​របស់​លោក សម រង្ស៊ី នេះដែរ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​បាន​ឃាត់ខ្លួន​មនុស្ស​ម្នាក់​ឈ្មោះ នៅ វិចិត្រ ភេទ​ប្រុស អាយុ​ ៤៤ ​ឆ្នាំ​កាលពី​រសៀល​ថ្ងែ​ទី​ ៥ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការចូលរួម​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​កម្លាំង​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែនសុខ និង កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ឃាត់​ខ្លួន​មនុស្ស​ ២ ​នាក់​ទៀត ​ឈ្មោះ ស្រី ច័ន្ទតារា ភេទ​ប្រុស អាយុ​ជាង​ ៦០ ​ឆ្នាំ និង​ឈ្មោះ​ ហេង ច័ន្ទសុធី នៅ​ព្រឹក​ថ្ងែ​ទី​ ៦ ខែ​វិច្ឆិកា អ្នក​ទាំងនោះ​ជា​អ្នកធ្វើ​ចលនា​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១ ខែ​វិច្ឆិកា បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​មនុស្ស​ឈ្មោះ​ ស្រី ច័ន្ទតារា ដោយ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ និង​កន្លែង​ផ្សេងៗ​កាល​អំឡុង​ឆ្នាំ​ ២០១៩​។

ពាក់ព័ន្ធ​ជាមួយ​ចលនា​អតីត​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ៥ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ អាជ្ញាធរ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់ឃុំ​ខ្លួន​សកម្មជន​ ២ ​នាក់​ ដែល​ជា​ជនជាតិ​កម្ពុជា​ពេល​ដែល​ពួកគេ​បាន​កំពុង​ព្យាយាម​ឡើង​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាងកក​។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ពួកគេ​ជា​អ្នកគាំទ្រ​គណបក្ស​លោកស្រី មូរ សុខហួរ​។ វា​ជា​គ្រោះកាច​ដែល​ប្រទេស​ ឥណ្ឌូនេស៊ី ដែល​ជា​សមាជិក​ស្និទ្ធស្នាល​របស់​អាស៊ាន​អនុញ្ញាត​ឲ្យ​លោកស្រី មូរ សុខហួរ ចូល​ទៅ​កាន់​ប្រទេស ​ឥណ្ឌូនេស៊ី ទោះបី​លោកស្រី​មាន​ដីកាចាប់ខ្លួន ហើយ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​នៅក្នុង​ទីក្រុង​ហ្សាការតា​»​។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី និង​កម្ពុជា​ជា​មិត្ត​ស្និទ្ធស្នាល​រយៈពេល​ ៦០ ​ឆ្នាំ ចុងក្រោយ​នេះ​ហើយ​ស្ថានទូត​​កម្ពុជា​នៅក្នុង​ទីក្រុង​ហ្សាការតា​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​លោកស្រី មូរ សុខហួរ ហើយ​បញ្ជូនមក​កម្ពុជា​ជាបន្ទាន់​»​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ស្វាគមន៍​សមត្ថកិច្ច​ម៉ាឡេស៊ី​ដែល​ធ្វើការ​ចាប់ និង​ឃុំខ្លួន​អតីត​សកម្មជន គណបក្ស​សង្គ្រោះជាតិ ២ ​នាក់​ ហើយ​សង្ឃឹម​ថា​ប្រទេស​នេះ​នឹង​ជួយ​សហការ​ជាមួយ​ប្រទេស ​កម្ពុជា​ ក្នុង​ការចាប់​ខ្លួន​មេខ្លោង​មួយ​ចំនួន​របស់​អតីត​គណបក្សប្រឆាំង​។

លោក សុភ័គ ថ្លែង​ថា​៖ «​យើង​អបអរសាទរ​បើ​សមត្ថកិច្ច​ម៉ាឡេស៊ី​គេ​ឃាត់ខ្លួន​តាម​ដីកា​របស់​យើង តែ​ឥឡូវ​ពួកគេ​មិន​ទាន់​ដល់ដៃ​យើង​នូវឡើយ​ទេ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះជាតិ​ចាត់ទុក​ការចាប់ខ្លួន​អ្នក​គាំទ្រ​ដល់​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី ​ថា​បាន​រំលោភសិទ្ធិ​សេរីភាព​របស់​សកម្មជន​ទាំងនោះ​ដោយសារ​តែ​សកម្មជន​ទាំងនោះ​មិន​ទាន់​យល់ដឹង​ច្បាស់​ពី​ផែនការ​ជាក់ស្តែង​របស់​លោក​ សម រង្ស៊ី បានធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​។

លោក​ថ្លែងថា​៖ «​នៅតែ​បន្ត​ចាប់​ខ្លួន​រហូត​បែបនេះ​នឹង​បង្ក​ឲ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ហើយ​ការណ៍​នេះ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​»​។

ប៉ុន្តែ​លោក ខៀវ សុភ័គ បាន​ការពារ​នូវ​ចំណាត់ការ​របស់​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ «​រួមគំនិត​ក្បត់​» ​ទាក់ទិន​នឹង​ការប្រមូល​កម្លាំង​មហាជន​មក​ចូលរួម​ធ្វើ​រដ្ឋប្រហា​រាជរដ្ឋាភិបាល​ស្របច្បាប់​ថា ជា​ការអនុវត្ត​ទៅ​តាម​ច្បាប់ ហើយ​និង​មិនបាន​រំលោភសិទ្ធិ​សេរីភាព​នោះ​ទេ​។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ចុង​ឆ្នាំ​ ២០១៧៕