ព្រះសីហនុៈ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ព្រះសីហនុ ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ ២ នាក់​ទៅ​សាលា​ដំបូង​ខេត្ត​ ព្រះសីហនុ នៅ​ថ្ងៃ​ទី​ ១០ មីនា​ បន្ទាប់​ពី​ចាប់​ខ្លួន​បន្ត​បន្ទាប់​ កាល​ពី​ថ្ងៃ​ទី​ ៧ និង​ទី ៨ ​មីនា ​នៅ​ភូមិ ៥ សង្កាត់​លេខ ៤ ក្រុង-ខេត្ត ​ព្រះសីហនុ ពាក់ព័ន្ធ​ជួញ​ដូរ​គ្រឿង​ញៀន អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៥៦២,៧៨ ក្រាម។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជន​សង្ស័យ ទី១-ឈ្មោះ Tong longsheng ភេទ​ប្រុស អាយុ​ ៣៤ ឆ្នាំ ជា​ជនជាតិ​ចិន មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ស្រុក​កំណើត​នៅ​ប្រទេស​ ចិន និង​បច្ចុប្បន្ន​មក​ស្នាក់​នៅ​ក្នុង​ ភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្ត​ព្រះសីហនុ ហើយ​ក៏​គ្មាន​លិខិត​ឆ្លង​ដែន​ដែរ។ ទី២- ឈ្មោះ Liao hao ភេទ​ប្រុស អាយុ​ ២៧ ឆ្នាំ ជា​ជន​ជាតិ​ចិន មុខ​របរ​មិន​ពិត​ប្រាកដ មាន​ស្រុក​កំណើត​នៅ​ប្រទេស​ចិន​ដូច​គ្នា​និង​មាន លំនៅ​បច្ចុប្បន្ន​ ភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្ត​ព្រះសីហនុ។

លោក​ស្នង​ការ ថ្លែង​ថា៖ «បុរស​ទាំង​ ២ ​នាក់​នោះ​សមត្ថកិច្ច​របស់​យើង​បាន​បញ្ចប់​នីតិវិធី​សាកសួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ពួកគេ​ទៅ​តុលា​ការ​នៅ​ថ្ងៃ​នេះ​ហើយ (ថ្ងៃអង្គារ)។ ពួកគេ​សង្ស័យ​ថា ពាក់ព័ន្ធ​គ្រឿង​ញៀន»។

លោក ណារិន្ទ ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជុំវិញ​ការ​ចាប់​ខ្លួន​ក្រុម​ជន​សង្ស័យ​ទាំង​ ២ នាក់​នោះ គឺ​សមត្ថកិច្ច​បាន​អនុវត្ត​ទៅ​តាម​ជំនាញ​ដោយ​មុន​ដំបូង សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវ​ជ្រាវ​តាមដាន​ទៅ​លើ​បុរស ជនជាតិ​ចិន​ម្នាក់​នោះ ដោយសារ​តែ​គាត់ ធ្វើ​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​ដោយ​កំណត់​មុខ​សញ្ញា​បាន​ហើយ​សមត្ថកិច្ច​លោក​បាន​រាយការណ៍​ជូន​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​សុំ​ការ​សម្រប​សម្រួល​ផ្នែក​ផ្លូវ​ច្បាប់ ហើយ​ក៏​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់​ឈ្មោះ Tong longsheng ដោយ​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ចូល​ឆែកឆេរ​​នៅ​ក្នុង​បន្ទប់​ជន​សង្ស័យ​ហើយ​បាន​ដក​ហូត​កាំភ្លើង​ខ្លី​ចំនួន​ ២ ដើម និង​គ្រាប់​ចំនួន​ ៤ គ្រាប់។ បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​គ្រឿង​ញៀន​​របស់​លោក​បាន​ច្បាប់​ទៅ​ចាប់​ខ្លួន​គ្នី​គ្នា​របស់​គេ​ម្នាក់​ទៀ​ត​ដែល​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់-​ខ្លួន​នៅ​ក្នុង​ភូមិ ៣ សង្កាត់ ៤ ​ក្រុង-ខេត្ត​ ព្រះសីហនុ និង​ម្នាក់​ទៀត​នៅ​ក្នុង​ភូមិ-សង្កាត់ ៤ ក្រុង-ខេត្ត​ ព្រះសីហនុ។

លោកស្នងការ ណារិន្ទ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដក​ហូត​បាន​រួម​មាន៖ ថ្នាំ​ញៀន​ប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៥៦២,៧៨ ក្រាម, ទី២- បារីមូរ​កញ្ឆា (រុក្ខជាតិ​ញៀន)​ចំនួន ៦ ដើម និង​មាន​ទម្ងន់ ៤,៧៧ ក្រាម, ទី៣-ម្សៅ​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ទម្ងន់ ១៦,៤២ ក្រាម,ទី ៤-ម្សៅ​ពណ៌​ស្វាយ​ សង្ស័យ​ជា​សារ​ធាតុ​ញៀន​ទម្ងន់ ៥២,៧២ ក្រាម​និង​ទី ៥-ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿង​ញៀន ចំនួន ២ គ្រឿង​រួម​ទាំង​សម្ភារ​សម្រាប់​ប្រើ​ប្រាស់ និង​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង៕