ភ្នំ​ពេញៈ អគ្គ​ស្នងការ​នគរបាល​ជាតិ​ ​លោក ​នេត​ ​សាវឿន​ ​និង​លោក ​វង្ស​ ពិសេន​ អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ ​បាន​ដឹកនាំ​កិច្ច​ប្រជុំ​រួម​គ្នា​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ដើម្បី​ត្រៀម​កម្លាំង​អនុវត្ត​ដីកា​របស់​តុលា​ការ ត្រៀម​ចាប់​ខ្លួន​លោក សម​ ​រង្ស៊ី​ ​ក្នុង​ករណី​ដែល​លោក ​សម​ រង្ស៊ី​ វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​ ដូច​ដែល​លោក​បាន​ប្រកាស។

លោក​ ឆាយ ​គឹមខឿន​ អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​យ៉ាង​ដូច្នេះ​ថា៖ «​ប្រជុំ​ព្រឹក​មិញ​យើង​ពិគ្រោះ​គ្នា​ដើម្បី​រៀបចំ​ផែនការ​អនុវត្ត​តាម​សាលដីកា​តុលាការ​ចាប់​ខ្លួន​ពួក​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​គាត់​ប្រកាស​ថា​ នឹង​វិល​មក​ប្រទេស​វិញ​នេះ»​។​​​

«​ចំពោះ​ថា​វិល​មក​ពេល​ណា ​យើង​អត់​ខ្វល់​ទេ​ព្រោះ​ផែនការ​បស់​យើង​ គាត់​មក​ពេល​ណា​ក៏​បាន។​ មិន​មក​ជា​រឿង​របស់​គាត់​ ​តែ​បើ​មក​ពេល​ណា​យើង​អនុវត្ត​ផែនការ​យើង​បាន​ពេល​ហ្នឹង។​ ផែនការ​យើង ​គឺ​មាន​ភាព​បត់​បែន។​ ដោយ​ឡែក​ផែនការ​យើង​របៀប​ណា​នោះ​សុំ​អធ្យាស្រ័យ​នេះ​ជា​អាថ៌​កំបាំង​វិជ្ជាជីវៈ​មិន​អាច​ជម្រាប​បាន​ទេ ​គ្រាន់​តែ​ថា​មាន​ផែនការ នឹង​ចាត់​វិធាន​ការ​តាម​សាលដីកា​ដោយ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ទាំង​កម្លាំង​ ​ទាំង​មធ្យោបាយ​គ្រប់​វិធី​»​។​

កាល​ពី​ខែ​មីនា ​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ឲ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​នៅ​ក្រៅ​​ប្រទេស​​ចំនួន ​៨ ​រូប រួម​មាន​ប្រធាន​ស្ដីទី​អតីត​ CNR​P​ ​លោក ​សម​ រង្ស៊ី​ អនុ​ប្រធាន​បក្ស​លោកស្រី ​មូរ​ សុខហួរ​ និង​លោក អេង​ ​ឆៃ​អ៊ាង​ ​អតីត​តំណាងរាស្ត្រ​ លោក​ ​ឡុង​ ​រី​,​ ម៉ែន​ សុថាវរិន្ទ្រ,​ អ៊ូ ​ច័ន្ទរឹទ្ធិ,​ ​តុ វ៉ាន់ចាន់​ ​និង​លោក​ ហូរ វ៉ាន់។​ អ្នក​ទាំង ​៨ ​រូប ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​លោក​ ​កូយ​ សៅ ​ចេញ​ដីកា​ចាប់​ខ្លួន​ពី​បទ​ «​រួម​គំនិត​ក្បត់»​ និង​ ​«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​។​ ​

ការ​ចេញ​ដីកា​នេះ​ពាក់ព័ន្ធ​នឹង​ការ​ប្រជុំ​គណៈកម្មការ​អចិន្រៃ្តយ៍​បក្ស​សង្គ្រោះជាតិ​ ដែល​ត្រៀម​រៀបចំ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​ ​សម​ ​រង្ស៊ី​ ​មក​កម្ពុជា​វិញ​។​ កាល​ពី​ពេល​ថ្មីៗ​នេះ​ សមាជិក​សភា​អឺរ៉ុប​ ៦ ​រូប ​​បាន​ប្រកាស​ថា ​ពួក​គេ​នឹង​អម​ដំណើរ​លោក ​សម​ រង្ស៊ី​ និង​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ផ្សេង​ទៀត​មក​កម្ពុជា​វិញ។​ ​

ពាក់ព័ន្ធ​ចំណុច​នេះ​ លោក​ ឆាយ​ គឹមខឿន​ ថ្លែង​ថា បើ​ទោះ​អ្នក​ទាំង​នោះ​បាន​ប្រកាស​ថា​ហែហម​មក​ក៏​ដោយ​ ក៏​ការ​ពិត​ជាក់ស្ដែង​មិន​ទាន់​ដឹង​ទេ​ ហើយ​បើ​ពួក​គេ​មក​ ក៏​មិន​អាច​ពាក់​ស្លាក​សញ្ញា​ថា​ មក​ការពារ​មន្ត្រី​ ​CNRP​ ​ដែរ​។​

លោក​ គឹមខឿន​ថ្លែង​ថា​៖​ ​«​បើ​មក​ក្នុង​នាម​បុគ្គល​ បើ​សិន​ជា​គាត់​ត្រូវ​បាន​ច្បាប់​អនុញ្ញាត​ឲ្យ​ចូល​ស្រុក​បាន​ក៏​ចូល​ទៅ ព្រោះ​ពួក​គាត់​អត់​មាន​ស្ថិត​នៅ​ក្រោម​អំណាច​តុលាការ​ខ្មែរ​ទេ។​ តែ​បើ​គាត់​មក​ គាត់​ធ្វើ​សកម្មភាព​ប្រឆាំង​ដីកា​តុលាការ​កម្ពុជា​ អាហ្នឹង​បាន​ន័យ​ថា​ប្រឆាំង​ច្បាប់​កម្ពុជា​ ​យើង​នឹង​ចាត់​វិធានការ​តាម​នីតិវិធី​»​។​

ចំពោះ​អ្នក​ដែល​ហែហម​​អតីត​ថ្នាក់​ដឹកនាំ​ CNRP​ លោក​ ឆាយ​ គឹមខឿន ​ថ្លែង​ថា៖​​ ​«​ខ្ញុំ​​បាន​ចេញ​ប្រកាស​ព័ត៌មាន​​រួច​​ហើយ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ ​ប្រជាពលរដ្ឋ​ឲ្យ​ចៀស​ឆ្ងាយ​ កុំ​លង់​ជាមួយ​ការ​ញុះញង់​របស់​ក្រុម​ទាំង​នេះ​ ព្រោះ​អំពើ​មក​គាំទ្រ​ពួក​ឧទ្ទាម​នេះ​ បាន​ន័យ​ថា​ ជា​អំពើ​ប្រឆាំង​នឹង​អំណាច​ដីកា​តុលាការ​ បាន​ន័យ​ថា​ ជា​អំពើ​ខុស​ច្បាប់​ ហើយ​បើ​ខុស​ច្បាប់​ ច្បាប់​នឹង​ចាត់​ការ​គាត់​តាម​ផ្លូវ​ច្បាប់​ហើយ​»​។​

លោកស្រី ​មូរ​ សុខហួរ​ អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ថា​​៖​ ​«​យើង​មិន​ភ័យ​ខ្លាច​ដោយ​ការ​គំរាម​ចាប់​ខ្លួន​​នេះ​ទេ។ ​លោក​ ​ហ៊ុន​ សែន​ នឹង​រុញ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ឱកាស​ទាំង​ស្រុង​របស់​កម្ពុជា​ក្នុង​ការ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​ EBA។​ ផល​ប្រយោជន៍​ជាតិ ​ត្រូវ​តែ​ការពារ​ មិន​មែន​ផលប្រយោជន៍​បុគ្គល​ទេ។ ​តើ​អគ្គ​ស្នងការ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ទៀត​ក្នុង​ការ​ពិភាក្សា​គ្នា? ​ការ​ពិភាក្សា​ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ការ​គំរាម​កំហែង​ជា​សាធារណៈ​​មិន​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​មក​ស្វាគមន៍​ការ​វិល​ត្រឡប់​នេះ»៕