ភ្នំពេញៈ មន្ត្រី​ជំនាញ​ជិត ២០០ ​នាក់​ មកពី​គ្រប់​បណ្តា​រាជធានី-ខេត្ត​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្តាល​ស្ដីពី​កំណត់ត្រា​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ​ ឬ​ (E-Crime 2020) ​ដែល​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​​អះអាង​ថា​នឹង​ធ្វើឱ្យ​ពួកគេ​កាន់តែ​មាន​សមត្ថភាព​វិភាគ​បាន​ហ្មត់ចត់​នូវ​មុខសញ្ញា​នៃ​ជនល្មើស​​ជាពិសេស​ការងារ​ស៊ើបអង្កេត​ឧក្រិដ្ឋវិទ្យា​។

គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា វគ្គ​បណ្ដុះបណ្តាល​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ១៣ ខែតុលា ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ១៩៣ ​នាក់​ ជា​មន្ត្រី​ជំនាញ​មកពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នាយកដ្ឋាន​សរុប​ផែនការ និង​ផែន​សេនាធិការ រួមទាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យដឹង​ទៀតថា អត្ថប្រយោជន៍​សំខាន់​របស់​ (E-Crime2020) ​នេះ​មាន​ ៣ ​ចំណុច​​សំខាន់ ទី​ ១- ​មាន​សមត្ថភាព​ផ្តល់​ទិន្នន័យ​បម្រើឱ្យ​ការវាយតម្លៃ​ស្ថានការណ៍​បទល្មើស​។ ​ទី​ ២- ​មាន​សមត្ថភាព​គ្រប់គ្រង​បាន​ហ្មត់ចត់​នូវ​ជនសង្ស័យ​មុខសញ្ញា​ដែល​រត់គេចខ្លួន គ្រប់គ្រង​ដីកា និង​ត្រួតពិនិត្យ​តាមដាន​អនុវត្ត​ដីកា និង​ទី​ ៣- ​ទាញ​យក​ទិន្នន័យ​ពី​ប្រព័ន្ធ​នេះ​ទៅ​បម្រើ​ឱ្យ​ការងារ​ស៊ើបអង្កេត​ឧក្រិដ្ឋវិទ្យា​។

គេហទំព័រ​ដដែល​បាន​បញ្ជាក់ថា​៖ «​ថ្វីដ្បិត​តែ​វគ្គ​នេះ​មាន​រយៈពេល​ខ្លី​ក៏ពិតមែន ប៉ុន្តែ​គឺជា​ការបំពេញ​កាតព្វកិច្ច​មួយ ដើម្បី​លើកកម្ពស់​សមត្ថភាព​របស់​​យើង​ស្របតាម​សម័យ​បច្ចេកវិទ្យា​ទំនើប ដែល​យើង​អាច​សម្រេច​បាន​លទ្ធផល​ល្អប្រសើរ​។

នេះ​បើ​ផ្អែកលើ​ការវាយតម្លៃ​​របស់​គ្រូឧទ្ទេស ដោយ​វគ្គ​ទី​ ១ ទទួល​បាន​និទ្ទេស​ល្អ​ ៦០ ​ភាគរយ និង​មធ្យម​ ៤០ ​ភាគរយ រីឯ​លើក​ទី​ ២ ​បាន​លទ្ធផល​ល្អ​ ៧០ ​ភាគរយ និង​មធ្យម​ ៣០ ​ភាគរយ​»​។

លោក ឆាយ គឹមខឿន អគ្គស្នងការរង​ និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​បាន​ថ្លែង​ពីថ្ងៃ​ទី​ ១៣ តុលា​ថា ក្រុមការងារ​បច្ចេកទេស​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ ឬ​ (E-Crime 2020) ​នេះ រយៈពេល​ជាង​ ១ ​ឆ្នាំ​មកហើយ​។

លោក​បន្តថា ការរៀបចំ​ចងក្រង​ជា​មេរៀន​នេះ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​កម្លាំង​នគរបាលជាតិ ហើយ​នេះ​ក៏​ជា​មោទនភាព​របស់​អគ្គស្នងការដ្ឋាន​គរបាលជាតិ​ផងដែរ ដែល​បាន​បង្កើត​កម្មវិធី​នេះ​ដោយ​​ម្ចាស់ការ​ខ្លួនឯង​។

ជាមួយ​នេះ​ដែរ លោក ឆាយ គឹមខឿន បាន​ណែនាំ​ឱ្យ​សិក្ខាកាម​ត្រូវយក​ចំណេះដឹង​នេះ​ទៅ​បន្ត​ផ្សព្វផ្សាយ​ប្រកប​ដោយ​ការយកចិត្ត​ទុកដាក់​ខ្ពស់ និង​​ត្រូវបង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​ងាយស្រួល​ទាក់ទង​គ្នា​។

លោក​បាន​ពន្យល់ថា​៖ «​ស្រប​​ពេល​ដែល​បច្ចេកវិទ្យា​ទំនើប​ និង​ត្រូវ​មនុស្សនិយម​ប្រើប្រាស់​ជា​សកល​នោះ ការងារ​ស៊ើបអង្កេត​ឧក្រិដ្ឋវិទ្យា​ជា​មូលដ្ឋាន​សំខាន់​ក្នុង​ការវាយតម្លៃ​អំពី​ប្រភេទ អំពី​ចរិត អំពី​សកម្មភាព​នៃ​បទល្មើស ហើយ​ក៏​ជា​មូលដ្ឋាន​ក្នុង​ការកសាង​វិធានការ និង​យុទ្ធសាស្ត្រ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស ព្រោះ​ឧក្រិដ្ឋវិទ្យា​ក្នុង​​នោះ​ពាក់ព័ន្ធ​ជាមួយ​បច្ចេកទេសវិទ្យា​ពាក់ព័ន្ធ​ជាមួយ​ចិត្តវិទ្យា និង​សង្គមវិទ្យា​ទៀតផង​។ ទាំង​អស់នេះ​ផ្គុំ​គ្នា​បង្កើត​បាន​ជា​ឧក្រិដ្ឋវិទ្យា ហើយ​ទិន្នន័យ​មិន​គ្រប់​ជ្រុងជ្រោយ ឬ​ទិន្នន័យ​ខុស​នឹង​នាំឱ្យ​អ្នកវិភាគ​ការងារ​ឧក្រិដ្ឋវិទ្យា​ដាក់ចេញ​គោលការណ៍​ខុស ដូច្នេះ​បាន​ជា​យើង​រៀបចំ​ឱ្យ​មាន​វគ្គ​នេះ​ឡើង​»​។

លោក ឆាយ គឹមខឿន បាន​ក្រើនរំឭក​សិក្ខាកាម​គួរប្រើ​ប្រព័ន្ធ​នេះ​ឱ្យចំ​គោលដៅ ព្រោះ​ប្រព័ន្ធ​នេះ​ពូកែ​ ឬ​មិន​ពូកែ គឺ​អាស្រ័យ​លើ​មន្ត្រី​ដែល​ជា​អ្នក​បញ្ចូល​ទិន្នន័យ​ឱ្យ​រក្សាទុក ដូច្នេះ​បើ​មន្ត្រី​មិនបាន​បញ្ចូល​ទិន្នន័យ​បន្ថែម​ទេ គឺ​វា​នៅតែ​មិន​ពូកែ​ដដែល​។

លោក​ថា​៖ «​យើង​ទាំងអស់​គ្នា​ត្រូវ​ប្តេជ្ញាចិត្ត​ខ្ពស់​ និង​ត្រូវ​សន្យា​​ថា នឹងមិន​ធ្វើឱ្យ​(E-Crime- 2020) ​នេះ​ក្លាយ​ជា​ប្រអប់​សំបុត្រ​ដោយ​អត់​ប្រយោជន៍​នោះទេ យើង​រួមគ្នា​ដើម្បីឱ្យ​កម្មវិធី​នេះ​ក្លាយ​ទៅ​ជា​បណ្ណសារ​ទិន្នន័យ​បទល្មើស​ជា​​លក្ខណ:​ស្វ័យប្រវត្តិ និង​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន​»​។

ប្រព័ន្ធ​កំណត់ត្រា​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ​គឺជា​ប្រព័ន្ធ​មួយ​ដែល​អាច​រក្សាទុក​ទិន្នន័យ​បទល្មើស​ និង​ស្វែងរក​អត្តសញ្ញាណ​ជនល្មើស ដែល​ធ្លាប់​ជាប់ពន្ធនាគារ និង​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ ជាពិសេស​ការរក្សា​ទុក​នូវ​ទិន្នន័យ​របស់​ជនល្មើស ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស និង​ជនល្មើស​ដែល​មិនទាន់​ចាប់​ខ្លួន​បាន​។ នេះ​បើ​​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹងថា ប្រព័ន្ធ​នេះ​ត្រូវ​បាន​កសាង​ឡើង​ ៤ ​ជំនាន់ ដោយ​រួមមាន​ទិន្នន័យ​ជំនាន់​ទី​១- ​សាកល្បង​ប្រើ​ដំបូង​នៅ​ចុងឆ្នាំ​ ២០១០ ​និង​ប្រើប្រាស់​ពេញលេញ​នៅ​ឆ្នាំ​ ២០១១​។ ទិន្នន័យ​ទី​២- ​កសាង​ឆ្នាំ​ ២០១២ និង​ដាក់​ឱ្យប្រើ​​នៅ​ឆ្នាំ​ ២០១៣ ​ដោយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​សហការ​​ជាមួយ​គម្រោង​ជំនួយ​ CCJAP ​និង​ NCDD ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ហៅ​កាត់​ (​គ.ជ.អ.ប)​។ ទិន្នន័យ​ជំនាន់​ទី​៣ កសាង​ឆ្នាំ​ ២០១៤ និង​ដាក់​ឱ្យប្រើ​នៅ​ថ្ងៃទី​ ១ មករា ឆ្នាំ​ ២០១៦ ​និង​ទិន្នន័យ​ជំនាន់​ទី​៤ កសាង​ និង​ដាក់ឱ្យ​ប្រើ​ក្នុង​ឆ្នាំ​ ២០១៦៕