ព្រះសីហនុ: លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​កំពុង​រៀបចំ​នីតិវិធី​កោះហៅ​លោក​ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា មក​ធ្វើការ​សាកសួរ​តាម​បណ្ដឹង​របស់​ស្ត្រី​រងគ្រោះ​ម្នាក់​រឿង​អំពើ​ហិង្សា ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ២០ ខែ​សីហា នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​។

លោក ណារិន្ទ ថ្លែង​ថា​៖ «​ខ្ញុំ​មិនទាន់​ដឹង​បុគ្គល​ណា​ខុស ឬ​បុគ្គល​ណា​ត្រូវ​ទេ ដោយ​ត្រូវ​រង់ចាំ​ការកោះហៅ​ភាគី​ពាក់ព័ន្ធ​មក​សាកសួរ​សិន ព្រោះ​ជំហាន​ដំបូង​នេះ​ខ្ញុំ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​​ជនរងគ្រោះ ដើម្បី​ធ្វើ​ជា​របាយការណ៍​ក្នុង​​អង្គហេតុ​នេះ ប៉ុន្ដែ​ក្នុង​នាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជុំវិញ​ករណី​ទាំងនេះ​ឲ្យ​បាន​ហ្មត់ចត់​។ ខ្ញុំ​មិនទាន់​ដឹង​ឲ្យ​គាត់​ចូល​បំភ្លឺ​ថ្ងៃ​ណា​ទេ​»​។

លោក​ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយក​ក្លិប​ពាណិជ្ជករ​កម្ពុជា​ជា​ម្ចាស់​ក្រុមហ៊ុន WorldWide Dental Supply ជា​ម្ចាស់​ក្រុមហ៊ុន One World Trading ជា​ម្ចាស់​ហាង​បញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន និង​ជា​ប្រធាន​ក្រុមហ៊ុន ECC Realty កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​ទេ​។ ប៉ុន្ដែ​លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ២៤ ខែសីហា ដោយ​ព្រមាន​នឹង​ឆ្លើយតប​តាម​ផ្លូវច្បាប់​តាមរយៈ​មេធាវី​របស់​លោក ដើម្បី​រក​យុត្តិធម៌​ពី​រឿង​ការចោទប្រកាន់​ការប្រើ​​អំពើ​ហិង្សា​នោះ​។

ក្នុង​សន្និសីទ​នោះ​លោក វិចិត្រដារ៉ា ថ្លែងថា​៖ «​ខ្ញុំ​សូម​ច្រានចោល​ទាំង​ស្រុង​ចំពោះ​ការចោទ​ប្រកាន់​ថា ខ្ញុំ​បាន​វាយដំ​លើ​ស្ដ្រី​ម្នាក់​នោះ បើ​ចោទ​ខ្ញុំ​បែបនេះ សូម​បង្ហាញ​ភ័ស្ដុតាង​របួសស្នាម ហើយ​ខ្ញុំ​សុខចិត្ត​ទទួលទោស​ចំពោះ​មុខ​ច្បាប់ ព្រោះ​ប្រទេស​យើង​មាន​ច្បាប់ ហើយ​យើង​ក៏​មិនអាច​ទៅ​ប្រើ​ហិង្សា​អ្វី​ទៅលើ​គេ​ដែរ​។ បើសិន​ក្នុង​ករណី​ខ្ញុំ​បាន​ប្រព្រឹត្ត​មែន គឺ​ខ្ញុំ​រីករាយ​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ឬ​ប៉ុស្ដិ៍​ប៉ូលិស​គឺ​ធ្វើ​ទៅ​តាម​ច្បាប់​»​។

ស្ត្រី​ម្នាក់​ឈ្មោះ គឹម ចាន់សុធី ដែល​បាន​អះអាង​ថា ជា​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បាន​ចូល​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២៤ ខែ​សីហា ​រួចរាល់​ហើយ ប៉ុន្ដែ​មិន​ទាន់​ដឹង​ពី​ចំណាត់ការ​របស់​សមត្ថកិច្ច​បន្តទៀត​ទេ ហើយ​ក៏​មិន​ចង់​វែកញែក​ហេតុផល​ក្រៅ​ផ្លូវច្បាប់​ជាមួយ​ជន​ត្រូវ​ចោទ​ដែរ ដោយ​ទុក​លទ្ធភាព​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ជា​អ្នកស្រាវជ្រាវ និង​ស៊ើបអង្កេត​តាម​អង្គហេតុ​ជាក់ស្ដែង​។

ចាន់សុធី បាន​បញ្ជាក់​ថា​៖ «​ស្នាមរបួស​នៅ​ច្រមុះ​ខ្ញុំ​នៅ​មិន​ទាន់​បាត់​ឈឺ​នៅឡើយ ដោយ​ត្រូវ​ទៅ​តាម​ដាន​ជាមួយ​ពេទ្យ​ជាប្រចាំ​។ ចំពោះ​កិច្ចការ​បន្តទៀត​គឺ​ខ្ញុំ​មិនទាន់​ដឹងថា ត្រូវធ្វើ​អ្វី​ទៀត​ទេ ព្រោះ​ខ្ញុំ​កំពុង​រង់ចាំ​ចំណាត់ការ​ពី​សមត្ថកិច្ច​សិន​។ ខ្ញុំ​គិតថា ប្រហែល​ជា​គាត់​ដាល់​ច្រើន​ជាង ព្រោះ​ ១ ​ដៃ​គាត់​នេះ​ធ្វើឲ្យ​ខ្ញុំ​ដួលសន្លប់ ហើយ​បែក​ឈាម​ច្រមុះ​»​។

ចាន់សុធី បាន​ឲ្យ​ដឹង​ទៀតថា អំពើ​ហិង្សា​នោះ​កើតឡើង​ក្រោយពី​មាន​ជម្លោះ​ពាក្យសម្ដី​រឿង​ជំពាក់​លុយ និង​ការជេរ​ប្រមាថ​គ្នា​៕