ភ្នំពេញ: មន្ត្រីនគរបាល​ជំនាញ​ពាក់ព័ន្ធ​បាននិង​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស​ដែល​បាន​សម្លាប់​បុរស និង​ស្ត្រី​ជា​ជនជាតិ​ចិន​ ២ ​នាក់​ ដែលជា​គូ​កំណាន់​នឹង​គ្នា​ក្នុង​បន្ទប់​ខុនដូ​មួយ​កាលពី​ថ្ងៃទី​ ១៣ មករា នៅ​ភូមិ​ ៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

លោក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរល​ជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា ករណី​ឃាតកម្ម​លើ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ មន្ត្រី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ ខ្ញុំ​មិនទាន់​អាច​និយាយ​ពី​នីតិវិធី​របស់​សមត្ថកិច្ច​យើង​ស្រាវជ្រាវ​បានទេ គឺ​ទុក​ពេលវេលា​ឱ្យ​សមត្ថកិច្ច​ជំនាញ​យើង​ធ្វើការ​សិន ហើយ​យើង​ក៏​មិនទាន់​អាច​សន្និដ្ឋាន​ថា តើ​បណ្ដាលមកពី​អំពើ​ប្លន់​សម្លាប់​ ឬ​អំពើ​គំនុំ​នោះទេ​»​។

លោក​ យិន សាន ​អធិការនគរបាល​ខណ្ឌ​ចំការមន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​របាយការណ៍ និង​ធ្វើ​កំណត់ហេតុ​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​។ បន្ទាប់មក​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត ប៉ុន្ដែ​មិនទាន់​មាន​សញ្ញា​វិជ្ជមាន​នៅ​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​ធ្វើការងារ​នេះ​គឺ​យើង​ធ្វើ​ទៅតាម​ជំនាញ​របស់​យើង​។ ខ្ញុំ​មិនទាន់​អាចសន្និដ្ឋាន​អ្វី​ឱ្យ​បាន​ច្រើនជាង​នេះ​ទេ ទុក​ឱ្យ​សមត្ថកិច្ច​យើង​ធ្វើការ​សិន​»​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក សាល សណ្ដុះ នាយប៉ុស្ដិ៍​រដ្ឋបាល​ទន្លេ​បាសាក់ មិន​ទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​លោក​ទាំង​ ២ ​គ្មាន​អ្នកទទួល​។

តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ប្រុស-ស្រី​ចំនួន ២ ​នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​បន្ទប់​ខុនដូ​យីហោ LH RESIDENCE បង្ក​ការភ្ញាក់​ផ្អើល​។ ជនរងគ្រោះ​ឈ្មោះ CAO RUIXIN ជនជាតិ​ចិន​ភេទ​ស្រី អាយុ​ ២១ ​ឆ្នាំ មុខរបរ​នៅផ្ទះ​ជា​មិត្តស្រី​របស់​​ជនរងគ្រោះ​ឈ្មោះ XIO BO ជនជាតិ​ចិន ភេទ​ប្រុស អាយុ​ ៣៨ ​ឆ្នាំ មុខរបរ​ប្រធាន​ក្រុមហ៊ុន​ផលិត​ដែក​មួយ ពួកគេ​ទាំង​ ២ នាក់​ស្នាក់នៅ​ខុនដូ​កើតហេតុ​នេះ​។

បើតាម Fresh News បាន​ដកស្រង់​សម្ដី​មន្ត្រី​នគរបាល​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹងថា ករណីនេះ​សមត្ថកិច្ច​សង្ស័យ​ជា​ឃាតកម្ម​ដោយ​អំពើ​ប្លន់​យកលុយ​ពី​ជនរងគ្រោះ ដោយសារ​មាន​ជនសង្ស័យ​ប្រុស​ ២ ​នាក់​ដែល​ម្នាក់​ប្រើ​កាំភ្លើងខ្លី​ភ្ជង់​បុរស​ជនរងគ្រោះ និង​ជនសង្ស័យ​ម្នាក់ទៀត​យក​កាំបិត​ភ្ជង់​ស្ត្រី​រងគ្រោះ​។

លោក​វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ​កោសល្យវិច្ច័យ​ត្រូវបាន Fresh News ស្រង់​សម្ដី​ថា ករណី​ឃាតកម្ម​នេះ​ជនរងគ្រោះ​ជា​បុរស​ត្រូវ​ជនសង្ស័យ​ប្រើ​ខ្សែគោ​ចងរឹត​ក​បណ្ដាល​ឱ្យស្លាប់​រួច​អូស​ចូលក្នុង​បន្ទប់ទឹក​។ ចំណែក​ជនរងគ្រោះ​ជា​ស្ត្រី​ត្រូវ​ជនសង្ស័យ​យក​ក្រណាត់​ដាក់​ចូល​មាត់​រួច​យក​ស្កុត​បិទមាត់ ច្រមុះ ភ្នែក​ជិត​ធ្វើឱ្យ​ដាច់​ខ្យល់​ស្លាប់​។ ដោយ​ខ្លាច​ជនរងគ្រោះ​រើបម្រះ ជនសង្ស័យ​ក៏​យក​ខ្សែ​គោ​រុំ​ជើង​ទាំង​សងខាង​កុំឱ្យ​ដើរ​បាន រួច​ជនសង្ស័យ​ចាក់​សោ​ទ្វារ​ហើយ​គេច​ខ្លួន​ទៅ​បាត់​៕