បុរសអ្នក​រត់​ម៉ូតូឌុប​ម្នាក់ ​ត្រូវក្មេងស្រីម្នាក់​​កាប់​ជា​ច្រើន​កាំបិតប៉័ងតោបណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​​ ដោយ​​សារ​បុរស​រូប​នោះ បាន​បបួល​​នាង​​ទៅ​ម៉ាស្សា​​ឲ្យ​គាត់នៅផ្ទះសំណាក់​ ហើយ​បាន​ចាប់នាង​រំលោភសេព​សន្ថវៈ​រហូត​ដល់​បាន​សម្រេច​ចំនួន​ ២ ដង​នៅ​​ផ្ទះ​សំណាក់​មួយ នៅ​ភូមិ​ ជម្ពូវ័ន​ សង្កាត់ចោមចៅទី ៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យនៅ​​ថ្ងៃ​ទី​ ១ ​​ខែ​ មិថុនា​ ឆ្នាំ​ ២០២០​​​។​

លោក ​ថេង ​កុសល​​ នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ចោម​ចៅទី៣​ ឲ្យ​ដឹងពី​​ម្សិលមិញថា​ បុរស​ដែល​ត្រូវ​ក្មេង​ស្រី​កាប់​ឲ្យ​រង​របួស​នោះ​មាន​ ឈ្មោះ ​រស់​​ ផាត​ អាយុ ​៥៨ ​ឆ្នាំ ​ជា​អ្នក​រត់ម៉ូតូឌុប​​ ស្នាក់នៅ​បន្ទប់ជួល ​ភូមិចម្ការ​​ឪឡឹក​ សង្កាត់​កាកាប​ ២ ​ខណ្ឌពោធិ៍សែន​ជ័យ​ មាន​ស្រុកកំណើត​ នៅ​ភូមិ​​ដក់ពរ​ ឃុំ​​បឹង​ត្រាញ់​ខាងត្បូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​។ ​ចំណែក​ក្មេងស្រី​ឈ្មោះ ​ណ.​ស​.ន​​ អាយុ​ ១៥​​ ឆ្នាំ​ រស់​នៅ​ ឃុំ​សង្កែសាទប​ ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​។

លោក​រៀបរាប់​​ប្រាប់​តាមសម្តី​បុរសដែល​ចាប់​រំលោភ​ក្មេង​នោះ​​ថា​ គាត់​ជា​អ្នក​រត់ម៉តូឌុប ​ហើយ​នៅ​មុន​ពេល​កើត​ហេតុ​ វេលាម៉ោង​ជាង​ ៨ព្រឹក​ ថ្ងៃ​ទី​ ១ ​ខែ មិថុនា ​​ឆ្នាំ​​ ២០២០ ​ខណៈពេល​​គាត់​កំពុង​ជិះម៉ូតូ​រកម៉ូយ​ដល់​ចំណុច​​ក្បែរវត្ត​តាំងកសាង​ខាង​ត្បូង​ គាត់​បាន​ឃើញ​ក្មេងស្រី​ខាង​លើ​ កំពុង​ឈរ​កាន់​បង្វិច​ខោអាវ​មួយ​។​

លោក​បន្ត​ថា​ ពេលនោះ​​បុរស​រូប​នោះ ​បានឈប់​ម៉ូតូ​សួរ​ទៅ​​ក្មេងស្រីម្នាក់នោះ​ថា​ នាង​ឈរ​រងចាំអី​ហើយ​ចង់​ទៅ​ណា​ដែរ​គាត់​នឹង​ឌុបទៅ​។ ពេលនោះ​ក្មេងស្រី​ឆ្លើយថា​ នាង​មក​ពី​ខេត្ត​​កំពង់ស្ពឺ​ ដើម្បី​រកការងារធ្វើ​ ហើយ​មិន​មាន​លុយ​​ជិះ​ម៉ូតូ​​ទេ​។ ភ្លាម​​ៗ​នោះ​ បុរសរងគ្រោះ​ប្រាប់​ថា​៖ «បើអត់លុយ​ទៅ​ម៉ាស្សា​ឲ្យ​ខ្ញុំ​ទៅ​ ខ្ញុំ​ឲ្យ​ ២០​ ដុល្លារ​​»។ បន្ទាប់​ពី​និយាយ​ត្រូវរ៉ូវគ្នា​ហើយ​ បុរស​រូប​នោះ ​បាន​ឌុប​នាង​ទៅ​ផ្ទះ​សំណាក់​យីហោ​ «​រស្មីជម្ពូវ័ន»​ ស្ថិត​ក្នុង​ សង្កាត់​ចោម​ចៅ។​

​លោក​ នាយ​នគរ​បាល​ប៉ុស្តិ៍​បន្ថែមថា​ ពេល​ចូល​ក្នុងបន្ទប់ផ្ទះ​​សំណាក់​ បុរសរង​គ្រោះ​បាន​បង្គាប់​​ឲ្យក្មេង​ស្រី​ម្នាក់​នោះ​​ងូត​ទឹក ​ហើយ​នាង​បាន​ផ្លាស់​​ខោអាវនិង​យក​កន្សែង​ដែល​ដាក់​សម្រាប់​ឲ្យភ្ញៀវ​ជូត​ខ្លួន​ នៅ​លើ​គ្រៃ​​មក​ចោម​ពុង ​ហើយ​ដើរ​ចូល​​ទៅក្នុង​​បន្ទប់ទឹក​។ តែ​ត្រូវបុរស​​រូប​នោះ ​ចាប់​នាង​រំលោភសេពសន្ថវៈ​បាន​សម្រេច​ម្តង​​ហើយ​ចាប់​នាង​រំលោភ​បាន​ម្តង​ទៀត​​។​ នៅ​ពេល​ដែល​​បុរសនោះ​ចង់​ចាប់​រំលោភ​នាង​ម្តង​ទៀត​ ក៏​​ត្រូវ​ក្មេងស្រី​​រូប​នោះ ប្រាប់​ឲ្យ​គាត់​ដេក​ថ្កាប់មុខ​ ហើយ​នាង​​បាន​កាប់​​បុរស​រូប​នោះ​តែ​ម្តង​។

លោក​បន្ត​ថា​៖ «ក្មេងស្រី​ប្រាប់​ឲ្យ​បុរសនោះ​ដេក​ថ្កាប់​មុខ​​ហើយ​ នាង​ទាញកាំបិត​ប៉័ងតោពី​​ក្នុង​បង្វិច​កាប់លើ​បុរសរងគ្រោះ​តែ​ម្តង​»​។

លោក​ បញ្ជាក់​ប្រាប់ថា​​ នៅ​ពេល​​ត្រូវ​​​ក្មេងស្រីកាប់​ បុរស​រូប​នោះ​​ បានស្រែក​​ឲ្យ​គេ​ជួយ ​​ហើយ​បុគ្គលិក​ផ្ទះ​សំណាក់​នាំគ្នា​​ទៅ​មើល​ ក៏​ឃើញ​បុរស​ម្នាក់​នោះ​ ប្រឡាក់​ឈាម​ជោក​ខ្លួន​។

បន្ទាប់មក​បុគ្គលិក​​ផ្ទះសំណាក់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​របស់លោក។ សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ឃាត់​ខ្លួន​ក្មេងស្រីរូបនោះ ​​រីឯ​បុរស​​រូប​នោះ​​ត្រូវ​សមត្ថកិច្ច​​ហៅ​​រថយន្ត​សង្គ្រោះ​​របស់អង្គភាព​ ៧​​១​​១​ កង​ពលតូ​ច​លេខ​ ៧០ ​ដឹកយក​ទៅសង្គ្រោះ​តែ​ក្រោយ​​មក​លោក​មិន​ដឹង​ថា ​បុរស​នោះ​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ផ្សេង​ឬ​យ៉ាង​ណា​ទេ។

លោក​ ថេង ​កុសល ប្រាប់​តាម​សម្តី​ក្មេងស្រី​​ថា​ នាង​ជា​កូន​កំព្រា​ ឪពុកម្តាយ​ស្លាប់​ចោល​​ហើយ​នាង​បាន​រស់នៅ​​ជាមួយ​សាច់ញាតិ​ និង​​មក​រាជធានី​ភ្នំពេញ​ ដើម្បី​រកការងារធ្វើ​។ នាង​និយាយ​ថា ​នាង​បាន​ដាក់​កាំបិត​ប៉័ង​តោ​តាមខ្លួន​​ គ្មាន​បំណង​​អាក្រក់អ្វីទេ​។ ប៉ុន្តែដោយ​សារ​តែនាង​ខឹង​​បុរសម្នាក់នោះ​ ដែល​ឲ្យនាង​ទៅ​ម៉ាស្សា​​ឲ្យ​គាត់ ដោយ​សន្យា​ឲ្យប្រាក់​ ២០ ដុល្លារ​ តែ​បែរ​ជា​ចាប់​នាង​រំលោភ​ទៅ​វិញ​។

លោ​ក​បន្តតាម​សម្តីក្មេង​ស្រីថា​៖​«ដោយសារ​គាត់​ធ្វើ​បែប​នេះ​លើ​ខ្ញុំ​ទើប​ខ្ញុំ​ខឹង​ឲ្យ​គាត់​ដេក​ថ្កាប់​មុខ​ហើយ​ទាញ​កាំបិត​កាប់​ទៅ​»​។

បើ​តាម​លោក​កុសល ​​បុរស​​រូប​នោះ មាន​ស្នាម​មុតនៅ​ត្រង់​ភ្លៅទាំង​២​ចំនួន​ ២ ​កន្លែង​ ត្រង់​ឆ្អឹង​ជំនី​ចំនួន ​១​ នៅ​​លើ​ក្បាល​ចំនួន ​២​ កាំបិត ​និង​នៅ​ត្រង់​ស្មាទាំង​សង​ខាង​ជា​ច្រើន​កន្លែង​ទៀត​។ ចំពោះ​របួស​មួយ​កន្លែង​ៗ​គឺមាន​ជម្រៅ​​ជ្រៅ​ៗ​ដែរ​​។

លោក​កុសល​និយាយ​ថា​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​​​បាន​ឃាត់​ខ្លួន​ក្មេងស្រី​រូប​នោះ​ ​នៅ​ប៉ុស្តិ៍​ជម្ពូវ័ន្ត ​ដើម្បី​ធ្វើ​កំណត់​ហេតុ​​ ហើយ​ក្រោយ​មក​បាន​​បញ្ជូន​​ក្មេង​ស្រី​រូប​នេះ ​ទៅ​អធិការដ្ឋាន​​នគរបាល​ខណ្ឌ​ពោធិសែនជ័យ​​។

ចំណែក​បុរស​ដែល​ត្រូវ​ក្មេង​ស្រី​កាប់​ ​បាន​ដាក់​ពាក្យ​បណ្តឹង​​មក​លោក​ ប៉ុន្តែ​​លោក​មិន​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ ឲ្យ​តាម​យាម​បុរស​រូប​​នោះ​ដែលកំពុង​ដេកក្នុងមន្ទីរពេទ្យ​នោះ​ទេ​​។

លោក​ ជា​សុវណ្ណ​ អធិការរងទទទួល​បន្ទុក​​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ បាន​ថ្លែង​​នៅ​ល្ងាច​ថ្ងៃ​ទី ១​ ខែ​មិថុនា​ នេះថា ​ករណីនេះ​សមត្ថកិច្ច​របស់​លោក​ បាន​ឃាត់​ខ្លួន​ក្មេង​ស្រី​នោះ​បណ្តោះអាសន្ន​ហើយ ​ហើយ​បុរស​ត្រូវ​គេ​កាប់​នោះ​ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។​​ «ព្រោះ​ក្មេង​ស្រី​នោះ​កាប់​គាត់​ស្ទើរ​ស្លាប់​ស្ទើរ​ស់ទៅ​ហើ​យ»​។

លោក​បញ្ជាក់​ថា​៖ ​«បុរស​នោះ​ មិន​ដឹង​ងាប់​ ឬ​រស់​ផង​ទេ​។ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​កំណត់​ហេតុ​ទៅ​ព្រះរាជអាជ្ញាអស់​​ហើយពី​ដំណើរ​រឿង​ ហើយ​ច្បាប់​ចាត់​ការ​យ៉ាង​ម៉េច​គឺ​សម្រេច​លើ​ច្បាប់​»៕