ភ្នំពេញ: នគរ​បាល​ប្រ​ឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​ទី​តាំង​កម្សាន្ត​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង ១​ ខណ្ឌ​ចំការ​មន រាជ​ធា​នី​ភ្នំពេញ​ កាល​ពី​រំលង​អាធ្រាត្រ​ម្សិលមិញ​ ឃាត់​ខ្លួន​មនុស្ស​ចំនួន ៥០ នាក់​ ​និង​រឹប​អូស​ម៉ាស៊ីន​ផលិត​គ្រឿង​ញៀន​ និង​សារ​ធាតុ​ញៀន​មួយ​ចំនួន។​

​លោក​ ម៉ក់​ ជី​តូ​ អគ្គ​ស្នង​ការរង​នគរ​បាល​ជាតិ​ ​បាន​អះ​អាង​កាល​ពី​ម្សិល​មិញ​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ឃាត់​ខ្លួន​នោះមាន​ ៤០​ នាក់ ​បាន​រកឃើញ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ក្រោយ​ពី​មន្ត្រី​ជំ​នាញ​បាន​ត្រួត​ពិនិត្យ​ទឹក​នោម​របស់​ពួក​គេ​ ​រួម​មាន​ស្ត្រី​ ១២​ នាក់​ដែរ។​

​លោក​ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្លិប​កម្សាន្ត​នេះ​មាន​យី​ហោ ​ម៉ៃអា​មី​ មាន​ទី​តាំង​លេខ ​១​៥៩ ​ស្ថិត​នៅ​លើ​ផ្លូវ​ ៣៦០​ ភូមិ​ ៨ សង្កាត់​បឹង​កេង​កង ១​ ខណ្ឌ​ចំការ​មន​ ​រាជធានី​ភ្នំពេញ។​

​លោក ​ម៉ក់ ​ជី​តូ ​បញ្ជាក់​ថា​៖​ «​យើង​កំពុង​រៀប​ចំ​ថ្លឹង​គ្រឿង​ញៀន​ទាំង​អស់​ គឺ​អត់​ទាន់​ដឹង​ចំនួន​វា​ទេ​ ហើយ​យើង​ក៏​កំពុង​​សួរ​នាំ​ជន​សង្ស័យ​បន្ថែម​ទៀត​ ដើម្បី​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តែ​ម្ដង។​ សំខាន់​យើង​កំ​ពុង​បើក​ការ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង។​ ​យើង​អត់​ទាន់​ដឹង​ថា​ មាន​អ្នក​កាង​ពី​ក្រោយ​ខ្នង ឬ​អត់​ទេ​ ចាំ​មើល​យើង​ស៊ើប​បន្ត​ទៀត​សិន»។​ ​

​ទោះ​យ៉ាង​ណា​ក៏ដោយ​ ​លោក​ ជី​តូ​ អះអាង​ថា​ ក្នុង​ចំណោម​អ្នក​ឃាត់​ខ្លួន​ទាំង​អស់​មាន​មនុស្ស​ចំនួន​ ៧ នាក់​ ជា​មុខ​សញ្ញា​ពាក់ព័ន្ធគ្រឿង​ញៀន​ដែល​ជា​អ្នក​ជួញ​ដូរ​យ៉ាង​សកម្ម​នៅ​ក្នុង​ក្លិប​ម៉ៃ​អា​មី​ ហើយ​ក្នុង​ចំណោម​ ៧ នាក់​នោះ​ ក៏​មាន​ម្នាក់​ធ្លាប់​ត្រូវ​បាន​តុលា​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​ដែរ។​

​លោក​ ស ​ថេត​ អគ្គ​ស្នង​ការរង​នគរ​បាល​ជាតិ​ និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​សរសេរ​នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​កាល​ពី​ម្សិល​មិញ​ថា ​កាល​ពី​វេលា​ម៉ោង​ ១ ​និង​ ៣០ នាទី​ លោក​បាន​ចុះ​បង្ក្រាប​កន្លែង​លួច​លាក់​ផលិត​សារ​ធាតុ​ញៀន​​ខុស​ច្បាប់​នៅ​ទីតាំ​ង​ក្លិប​ ម៉ៃ​ អា​មី ​និង​ដក​ហូត​ម៉ាស៊ីន​ផលិត​គ្រឿង​ញៀន​មួយ​ចំនួន​ និង​សារ​ធាតុ​ញៀន​មួយ​ចំនួន។

​លោក​បន្ត​ថា​ កិច្ច​ការ​សម្រេច​ទៅ​បាន​ដោយ​​​មាន​ការ​អនុ​ញ្ញាត​ពី​លោក ​លី ​សុផាន់ណា ​ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ និង​មាន​ការ​សហ​ការ​ពី​ការិយាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ​ អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន ព្រម​ទាំង​កម្លាំង​ប៉ុស្តិ៍​នគរ​បាល​មូលដ្ឋាន​បឹងកេងកង។​

​លោក​ ស ​ថេត​ បញ្ជាក់​ថា​៖​ «បច្ចុ​ប្បន្ន​​មនុស្ស ​និង​សម្ភារបាន​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​​នគរបាល​រាជ​ធានី​ភ្នំពេញ​កំពុង​សា​កសួរ និង​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ»។​

លោក​ ឃិន​ សាន​ អធិ​ការ​នគរ​បាល​ខណ្ឌ​ចំការ​មន​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​ថា​ មិន​បាន​ចូល​រួម​ក្នុង​ប្រតិ​បត្តិ​កា​រ​នេះ​ទេ​ ព្រោះ​កំពុង​ជាប់​រវល់​ការ​ងារ​នៅ​ខេត្ត​ព្រះវិហារ។

​លោក​ គល់ ​សុផាត​ នាយ​ប៉ុស្ដិ៍​នគរ​បាល​រដ្ឋ​​បាល​សង្កាត់​បឹង​កេង​កង ១​ បាន​ឲ្យ​ដឹង​ថា​ មិន​បាន​ដឹង​ពី​របាយ​ការណ៍​នានា​ទាក់​ទង​ក្នុង​ប្រ​តិ​បត្តិ​ការ​បង្ក្រាប​នេះ​ទេ។

​លោក​បញ្ជាក់​ថា៖​«ខ្ញុំ​ចូល​រួម​ដែរ ​ប៉ុន្ដែ​ខ្ញុំ​គ្រាន់​តែ​ឈរ​យាម​នៅ​ខាង​ក្រៅ​ក្លិប​ហ្នឹង​ទេ​ ក្រៅ​ពី​នេះ ​មន្ត្រី​ជំនាញ​យើង​ពី​ខាង​ស្នង​ការ​នគរ​បាល​ក្នុង​គាត់​ធ្វើ​ការ​ងារ​នៅ​ខាង​ក្នុង​ក្លិប​ហ្នឹង។​ ខ្ញុំ​អត់​ដឹង​ឃាត់​មនុស្ស ​ឬ​គ្រឿង​ញៀន​ប៉ុន្មាន​ទេ»។

លោក​ លី ​សុផាន់​ណា ​ព្រះរាជ​អាជ្ញា​រង​នៃ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពីម្សិល​​មិញ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​​ជុំវិញ​ករណី​នេះ​បាន​ទេ។​

លោក ​ស៊ឹង ​សែន​ករុណា ​មន្ត្រី​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមា​គម​អាដ​ហុក ​(ADHOC)​ បាន​អះ​អាង​ថា​ វា​ជា​តួ​នា​ទី​​របស់​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​នានា​ដែល​កើត​មាន​ឡើង​នៅ​តាម​មូល​ដ្ឋាន​ ហើយលោក​​​គាំទ្រ​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមត្ថ​កិច្ច​ ព្រោះ​កន្លង​មក​នេះ​ មាន​ការ​រីក​រាល​ដាល​ខ្លាំង​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ​នៅ​តាម​​កន្លែង​កម្សាន្ដ​មួយ​ចំនួន។

លោក​បញ្ជាក់​ថា ​ជា​ការ​អនុវត្ត​ច្បាប់ ​សមត្ថ​កិច្ច​ត្រូវ​បន្ត​បេស​​កកម្ម​​បន្ថែ​ម​ទៀត​ ក្នុង​ការ​ស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវ​រក​ទី​តាំង​ល្មើស​ច្បាប់​ដទៃ​ទៀត​ដែល​បង្ក​លក្ខណៈ​ឲ្យ​មាន​ការ​ប្រើប្រាស់​ ជួញ​ដូរ​ មិន​ត្រឹ​ម​តែ​នៅ​​ទី​ក្រុង​ភ្នំពេញ​ទេ សូម្បី​តែ​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេ​ស​ ក៏​កំពុង​រីក​រាល​ដាល​គ្រឿង​ញៀ​ន​គួរ​ឲ្យ​ព្រួយបារម្ភ​។​

លោក​ សែន​ករុណា​ បញ្ជាក់​ថា​៖ ​«​យើង​ជឿជា​ក់​ថា​ មិន​មែន​មាន​តែ​ប៉ុន្មាន​កន្លែង​កំពុង​បង្ក្រាប​ហ្នឹង​ទេ​ កន្លែង​ផ្សេងៗ​ទៀត​ក៏​មាន​ច្រើន​ដែរ។​ អ៊ីចឹង ​សមត្ថ​កិច្ច​ត្រូវ​តែ​បន្ត​ការងារ​នេះ​ទៀត​ មិន​មែន​ប​ង្ក្រាប​បាន​មួយ​កន្លែង​ ផ្អាក​សកម្ម​ភាព​វិញ​ទេ គឺ​ដើម្បី​ទប​ស្កាត់​បញ្ហា​គ្រឿង​ញៀន​នេះ ​ព្រោះ​ឥឡូវ​នេះ​ ពល​រដ្ឋ​យើង​មាន​ការ​ត្អូញត្អែរ​ច្រើន​ណាស់​ពី​បញ្ហា​គ្រឿង​ញៀន​នេះ»។​

កាល​ពី​ថ្ងៃទី​ ២៣ ​ខែ​ មីនា​ នគរ​បាល​ក្រុង​ភ្នំពេញ​ បាន​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក (Rock Entertainments)​ រឹប​អូស​បាន​សារ​ធាតុ​ញៀន​ប្រភេទ​ ផ្សេងៗ​គ្នា​ជា​ច្រើន​ចំនួន​ ៥០ ​គីឡូ​ក្រាម​ ចាប់​មនុស្ស ១៧ ​នាក់​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នា​គារ​ក្រោយ​ពី​តុលាការ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​​គ្រឿង​ញៀន​ ក្នុង​នោះ​មាន​លោក​ឧក​ញ៉ា ​គិត ធាង​ ដែល​ជា​ម្ចាស់​ក្លិប​កម្សាន្ត​រ៉ុក​ផងដែរ៕​