ភ្នំពេញៈ កម្លាំង​នគរបាល​បង្ក្រាបបាន​សកម្មភាព​លួច​និង​ឆក់​ចំនួន​ ៥០ ​ករណី និង​ចាប់​ជនល្មើស​បាន​ ៦៤ ​នាក់ ​ក្នុង​ចំណោម​សកម្មភាព​លួច​ និង​ឆក់​ដែល​កើតមាន​ឡើង​​ចំនួន​ ៦៣ ​ករណី ក្នុង​ខែ​សីហា​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ​ ១៣ ​ករណី​ទៀត​កំពុង​ស្ថិត​នៅក្នុង​ការស៊ើបអង្កេត​តាម​ចាប់ខ្លួន​។ ករណី​ចោរឆក់ និង​លួច​នេះ​មាន​ការកើនឡើង​ចំនួន​ ៣០ ​ករណី បើ​ប្រៀបធៀប​ទៅ​នឹង​ខែ​កក្កដា​។

លោក ស៊ុយ សុគន្ធា អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ម្សិលមិញ​ថា ថ្វី​ដ្បិត​នៅក្នុង​ខែ​សីហា​មាន​ករណី​លួច​ និង​ឆក់​កើតឡើង​ច្រើន​ជាង​ខែ​កក្កដា​ក្ដី ប៉ុន្តែ​ក្នុង​ខែ​សីហា​អាជ្ញាធរ​បង្ក្រាប​បាន​ច្រើន​ជាង​កាលពី​ខែ​កក្កដា​ដែល​កាលពី​ខែ​កក្កដា​មាន​ករណី​ចោរលួច​ និង​ឆក់​ ៣៣ ​លើក ហើយ​មាន​ ២២ ​ករណី និង​ជនល្មើស​ ៣២ ​នាក់ ​ត្រូវ​អាជ្ញាធរ​បង្ក្រាប​បាន​។

លោក សុគន្ធា បាន​ថ្លែង​ថា​៖ «​សម្រាប់​ខែសីហា​កន្លង​ទៅ​នេះ មិនមាន​ករណី​ប្លន់​កើតឡើង​ទេ ហើយ​ចំពោះ​ករណី​លួច​ហ្នឹង ដូចជា​ការ​គាស់​ផ្ទះ​បាន​កើតឡើង​ច្រើន​ជាង​ករណី​ឆក់​កាបូប និង​ទូរស័ព្ទ​របស់​ប្រជាពលរដ្ឋ និង​ជនបរទេស​​នៅ​តាម​ដងផ្លូវ​»​។

យោងតាម​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាលជាតិ​ចុះផ្សាយ​ថា​នៅ​ថ្ងៃទី​ ១១ ​ម្សិលមិញ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​បើក​កិច្ចប្រជុំ​មួយ​ស្ដីពី​កិច្ចប្រជុំ​ដក​ពិសោធ​ការងារ​បង្ការ និង​ទប់ស្កាត់​អំពើ​លួច និង​ឆក់​ក្នុង​រាជធានី​ភ្នំពេញ​។

លោក អ៊ិន បូរ៉ា អគ្គស្នងការរង​នគរបាលជាតិ​បាន​លើក​ឡើង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា ថ្វីដ្បិត​ករណី​លួច​និង​ឆក់​កើនឡើង​ក្ដី ប៉ុន្តែ​វា​ជា​មោទនភាព​ចំពោះ​កងកម្លាំង​ទាំងអស់​ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ​ហើយ​អាច​បង្ក្រាប​ករណី​លួច​ និង​ឆក់​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​។

លោក បូរ៉ា ថ្លែងថា​៖ «​ថ្នាក់ដឹកនាំ និង​កម្លាំង​នគរបាល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​រួមគ្នា​បង្ការ និង​ទប់ស្កាត់​បន្ថែមទៀត​សំដៅ​កាត់បន្ថយ​រាល់​គ្រប់​បទល្មើស ដែល​អាច​កើតមានឡើង ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​»​។

នគរបាល​ប្រជុំ​ដាក់​ផែនការ​បង្ក្រាប​ការលួច និង​ឆក់​។ រូបថត នគរបាល

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ម្សិលមិញ​ដែរ​ថា ករណី​លួច និង​ឆក់ គឺ​ខែ​ខ្លះ​កើនឡើង​ប៉ុន្តែ​ខែ​ខ្លះទៀត​ក៏មាន​ការថយចុះ​ដែរ​។ លោក​បាន​អះអាង​ផងដែរ​ថា មូលហេតុ​កើនឡើង​ចោរលួច​និង​ឆក់​នេះ​គឺ​ដោយសារ​មួយចំនួន​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ ប៉ុន្តែ​ចេញមក​វិញ​មិន​កែប្រែ​មុខសញ្ញា​សេសសល់​មិនទាន់​ចាប់ មុខសញ្ញា​ថ្មី និង​កើតឡើង​ពី​ការប្រើប្រាស់​គ្រឿងញៀន​ជាដើម​។

លោក ថេត ថ្លែង​ថា​៖ «​ឧទាហរណ៍​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ​ ១០ ​នាក់​នៅពេល​ចេញ​មក​វិញ វា​មិនមែន​កែប្រែ​ទាំងអស់​ទេ គឺ​មាន​អ្នកខ្លះ​កែ និង​ខ្លះ​មិន​កែ​។ (​បទល្មើស​ចោរលួច​ និង​ឆក់​) គឺ​កើតឡើង​ច្រើន​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ទួលគោក ដោយសារ​ទីតាំង​នេះ​មាន​ការប្រមូលផ្ដុំ​ពី​អ្នក​មកពី​តាម​បណ្ដា​ខេត្ត​ច្រើន និង​មាន​សំណង់​មិន​រៀបរយ​ច្រើន​»​។

លោក សន ជ័យ នាយកប្រតិបត្តិ​អង្គការ​សម្ព័ន​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ចាត់ទុក​អំពើ​ចោរលួច និង​ឆក់​ថា​ជា​បន្ទុក​ដ៏ធំ​មួយ​របស់​សង្គម​ដែល​អាជ្ញាធរ​ត្រូវខិតខំ​បង្ការ​ និង​ទប់ស្កាត់​។

លោក ជ័យ ថ្លែង​ថា​៖ «​អ៊ីចឹង​! សមត្ថកិច្ច​គួរ​មាន​វិធានការ​សមស្រប​មួយ​ដើម្បី​ជួយ​ទៅ​ដល់​ជនរងគ្រោះ​តាមរយៈ​វិធី​បង្ការ និង​ចាត់វិធានការ​»​។

កាលពី​ថ្ងៃ​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​យុវជន​ចំនួន​ ២ ​នាក់​មាន​ឈ្មោះ ហាក់ ម៉េងហ៊ាង អាយុ​ ១៧ និង​ឈ្មោះ ផៃ បូបញ្ញាបុត្រ អាយុ​ ១៧ ​ឆ្នាំ​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដែល​បណ្ដាលឱ្យ​មរណភាព​ជនរងគ្រោះ និង​បញ្ជូន​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃស​ដើម្បី​រង់ចាំ​ការកាត់ទោស​។ នេះ​បើ​តាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​ហ្វ្រេសញូវ​។ យុវជន​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ទៅ​ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​ម្នាក់​នៅ​សង្កាត់​ទួលស្វាយព្រៃ​ទី​ ១ ហើយ​បាន​បណ្ដាល​ឱ្យ​ជនជាតិ​ចិន​នោះ​ធ្លាក់​ពី​លើ​កង់​ ៣ ​បោក​ក្បាល​ស្លាប់​៕