ភ្នំពេញៈ លោក មាស វិរិទ្ធ អ្នកនាំពាក្យ និង​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ ១ ​ករណី​កាលពី​ខែ​កក្កដា​​ ដែល​មាន​បណ្ដាញ​ចាត់តាំង​នៅក្នុង​ខណ្ឌ​កំបូល ជ្រោយចង្វារ និង​ដង្កោ​ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ និង​សារធាតុ​គីមី​ផ្សំ​ជាង​ ៣ ​តោន និង​ឃាត់ខ្លួន​បុរស​ចិន​ម្នាក់ និង​ជនបរទេស​ម្នាក់​ទៀត​ដែល​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​។ ជនសង្ស័យ​ទាំង​ ២ ​នាក់​ត្រូវបាន​ជាប់ឃុំ និង​ជាប់ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​។

លោក មាស វីរិទ្ធ បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​អន្តរជាតិ​ ១ ​ករណី​នេះ ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។

លោក វិរិទ្ធ ថ្លែងថា​៖ «​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​បន្ត​ស៊ើបអង្កេត​ទៀត​ព្រោះ​ថា​បទល្មើស​មួយ​នេះ​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ជា​បុរស​បរទេស​ ២ ​នាក់​ក្នុង​នោះ​ម្នាក់​ជា​ជនជាតិ​ចិន​ និង​បុរស​ម្នាក់ទៀត​សមត្ថកិច្ច​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយ​ទេ​ព្រោះថា ជន​ម្នាក់​នោះ​បាត់​លិខិត​ឆ្លងដែន​ដែល​បញ្ហា​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​របស់គេ​។

លោក អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា​ចំពោះ​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ពន្ធនាគារ​ឃុំខ្លួន​បណ្តោះអាសន្ន​កាលពី​សប្តាហ៍​មុន​។ ចំណែកឯ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ពី​ក្រុម​ជនសង្ស័យ​មាន​ចំនួន​ជិត​ ២០០ ​គីឡូក្រាម​ជា​ប្រភេទ​មេតំហ្វេតាមីន​។

កាលពី​ម្សិលមិញ​ភ្នំពេញ-ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​លោក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ​ដែរ តែ​លោក​មិន​លើក​ទូរស័ព្ទ​។

ទោះ​យ៉ាងណា​បើ​យោងតាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​កម្ពុជា​បង្ហាញ​ថា មុន​មាន​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នេះ​គឺ​សមត្ថកិច្ច​កម្ពុជា​បាន​ស្រាវជ្រាវ​ដឹងថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ទ្រង់ទ្រាយ​ធំ ហើយ​សមត្ថកិច្ច​កម្ពុជា​បាន​សុំ​សហការ​ជាមួយ​អង្គភាព​គយ​នៃ​ប្រទេស​ចិន​តាមរយៈ​អង្គការ UNODC ប្រចាំ​ប្រទេស​ថៃ​។

យោង​តាម​កំណត់ហេតុ​ដដែល​នេះ​បង្ហាញថា​នៅ​ថ្ងៃទី​ ១៩ ខែ​កក្កដា ឆ្នាំ​ ២០២០ ខាង​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​បាន​បើក​ប្រតិបត្តិការ​ដោយ​សហការ​ជាមួយ​អង្គភាព​អន្តរាគមន៍​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ដោយ​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​លោក ព្រះរាជអាជ្ញារង សាយ ណូរ៉ា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​។ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ចម្រុះ​ឃាត់​ខ្លួន​បុរស​ជនបរទេស​ម្នាក់​នៅ​ខណ្ឌ​ជ្រោយចង្វារ​ជាមួយ​វត្ថុតាង​គ្រឿងញៀន​មេតំហ្វេតាមីន​ចំនួន ១៩៨ ​ដុំ​ស្មើ​ ១៨៥ ​គីឡូក្រាម​លាក់​បង្កប់​ក្នុង​កេស​ការ៉ូ​ឈើ​បន្លំ​ជា​គ្រឿងសង្ហារិម​។

បន្ទាប់មក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់​បុរស​ជនជាតិ​ចិន​បាន​ម្នាក់ទៀត​នៅ​ខណ្ឌ​ជ្រោយចង្វារ​ដដែល និង​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន ៨,៤៥ ​គីឡូក្រាម​ រួមជាមួយ​សារធាតុ​គីមី​ផ្សំ​សម្រាប់​កែច្នៃ​គ្រឿងញៀន​ចំនួន ២០,១៦ ​គីឡូក្រាម ​ព្រមទាំង​ឧបករណ៍​សម្រាប់​កែច្នៃ​មួយចំនួន​ទៀត​ក្នុង​បន្ទប់​ខុនដូ​របស់​ជនសង្ស័យ​។

យោង​តាម​កំណត់ហេតុ​ដដែល​បង្ហាញ​ទៀតថា បន្ទាប់ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឃាត់​ខ្លួន​បុរស​ជនជាតិ​ចិន​បាន​ម្នាក់ទៀត​ហើយ​ក៏​បន្ត​ទៅ​ឆែកឆេរ​ទីតាំង​លាក់ទុក​សារធាតុ​គីមី​សម្រាប់​ផលិត​គ្រឿងញៀន ១ ​កន្លែង​នៅក្នុង​ខណ្ឌ​កំបូល ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​សារធាតុ​គីមី​ចំនួន ១១ ​មុខ សរុប​ទាំង​មុន​ និង​ក្រោយ​មាន​ទម្ងន់ ៣ ១៤៦,១៩ ​គីឡូក្រាម និង​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​រក្សាទុក​ម៉ាស៊ីន​សម្រាប់​ផលិត​ជា​ថ្នាំញៀន​គ្រាប់​មួយកន្លែង​ទៀត​ស្ថិត​ក្នុង​ខណ្ឌដង្កោ ដោយ​រឹបអូស​បាន​ម៉ាស៊ីន​អុក​គ្រាប់​ថ្នាំញៀន​ចំនួន ២ ​គ្រឿង និង​ពុម្ព​គ្រាប់​ថ្នាំញៀន​ចំនួន ១៤ ​សម្រាប់​ដែល​ក្រុម​ជនសង្ស័យ​មាន​បំណង​នាំ​គ្រឿងញៀន​ទាំងនោះ​ចេញ​ទៅ​កោះ​តៃវ៉ាន់​។

លោក អ៊ិន សុង បាន​ឲ្យ​ដឹងផង​ដែរ​ថា ពាក្យ​ថា​សារធាតុ​ញៀន​បាន​ន័យថា ជា​ផលិតផល​សម្រេច​ដែល​អាច​យក​ទៅ​ប្រើប្រាស់​បាន​។ រីឯ​គីមី​ផ្សំ​គឺជា​វត្ថុធាតុដើម​ដែល​គេ​យក​ទៅ​ផ្សំ​ប៉ុន្តែ​មិនទាន់​ចេញ​ជា​គ្រឿងញៀន​ទេ​ដែល​បាន​ន័យថា​ជា​វត្ថុធាតុដើម​៕

វីដេអូ៖