The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នគរបាល​បញ្ជូន​ចិន​ ៣ ​នាក់​ ទៅ​តុលាការ​រឿង​ធ្វើ​ទណ្ឌកម្ម​ចិន​ម្នាក់​ស្លាប់

នគរបាល​បញ្ជូន​ចិន​ ៣ ​នាក់​ ទៅ​តុលាការ​រឿង​ធ្វើ​ទណ្ឌកម្ម​ចិន​ម្នាក់​ស្លាប់

Content image - Phnom Penh Post
នគរបាល​បង្ហាញ​ជនជាតិ​ចិន​ ៣ ​នាក់​ដែល​ចាប់ខ្លួន​។ រូបថត​នគរបាល

នគរបាល​បញ្ជូន​ចិន​ ៣ ​នាក់​ ទៅ​តុលាការ​រឿង​ធ្វើ​ទណ្ឌកម្ម​ចិន​ម្នាក់​ស្លាប់

កណ្ដាលៈ ជនជាតិ​ចិន​ ៣ ​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ដោយ​មាន​ការធ្វើ​ទារុណកម្ម​អំពើ​ឃោរឃៅ មាន​ស្ថាន​ទម្ងន់ទោស​ដែល​ធ្វើឲ្យ​ជន​រងគ្រោះ​ចិន​ដូចគ្នា​ម្នាក់​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​ ២១ ​មករា​។

សមត្ថកិច្ច​បញ្ជាក់​ថា ឃាតកម្ម​នេះ​ផ្ដើម​ចេញពី​ការ​ជំពាក់​ប្រាក់​ទិញ​សម្ភារ​អគ្គិសនី​។ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បាន​រៀបរាប់​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សញ្ជាតិ​ចិន​ ៣ ​នាក់​កាលពី​ថ្ងៃ​អង្គារ​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​ឈ្មោះ Liu Janping ជនជាតិ​ចិន​។

ជនសង្ស័យ​មាន​ឈ្មោះ SONG WEIGUANG ភេទ​ប្រុស​អាយុ ៣៥ ​ឆ្នាំ​​ ជនជាតិ​ចិនដីគោក ឈ្មោះ BI CHUNNIAN ភេទ​ប្រុស​អាយុ ៥៨ ឆ្នាំ​ ជនជាតិ​ចិនដីគោក មុខរបរ​ប្រធាន​ផ្នែក​ពិនិត្យ​គ្រឿង​អេឡិចត្រូនិក​ស្នាក់​នៅក្នុង​រោងចក្រ​មួយ​ក្នុង​ភូមិ​ត្រពាំង​ឈើនាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។

ចំណែក​ជនសង្ស័យ​ទី​ ៣ មាន​ឈ្មោះ JIA HAI PING ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ ជនជាតិ​ចិន​ដីគោក មុខរបរ​ថៅកែ​រោងចក្រ HUA SHANG YI TONG នៅ​ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ សមត្ថកិច្ច​រកឃើញ និង​ដកហូត ខ្នោះដៃ​ចំនួន​ ១ រថយន្ត​ចំនួន​ ៥ ​គ្រឿង ​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងផង​ដែរ​ថា ចម្លើយ​សារភាព​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ២១ មករា វេលា​ម៉ោង​ប្រហែល ៩ ​ព្រឹក​ ពួកខ្លួន​បាន​ប្រទះឃើញ​ជនរងគ្រោះ​នៅ​ចំណុច​ក្នុង​រោងចក្រ​អគ្គិសនី គីទ្បូម៉ែត្រ​លេខ​ ២៧ ស្ថិតនៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ពេល​នោះ​ពួកគេ​បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ទៅ​ដោះស្រាយ​គ្នា​រឿង​ជំពាក់​ប្រាក់​ចំនួន​ ១៦ ​ម៉ឺន​ដុល្លារ ថ្លៃ​ទិញ​សម្ភារ​អគ្គិសនី​។

ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រមទៅ​ជាមួយ​ក៏​ប្រើ​ហិង្សា​វាយ​ទៅលើ​ជនរងគ្រោះ​តែម្តង​។ ពួកគេ​ចាប់​ជនរងគ្រោះ​ចងដៃ​ជើង​ដាក់​បញ្ចូល​ក្នុង​គូថ​រថយន្ត​ដឹក​ឆ្ពោះ​មក​ក្រសួង​មហាផ្ទៃ​។ ពេលចេញ​ដំណើរ​មក​ដល់​ចំណុច​ម្តុំ​ព្រលាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ​ជនរងគ្រោះ​បាន​របូត​ចំណងដៃ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ BI CHUNNIAN បាន​ចាប់​សង្កត់​ខ្ទប់មាត់ និង​ទ្រូង​ទើប​ជនរងគ្រោះ​មាន​អាការ ថប់ដង្ហើម​ស្លាប់​។

ជនរងគ្រោះ​មាន​ស្លាកស្នាម​ដាច់​រលាត់​នៅ​លើ​ថ្ងាស​ផ្នែក​ខាងស្តាំ ដាច់​រលាត់​លើ​ចង្កា​ផ្នែក​ខាងឆ្វេង បាក់ធ្មេញ​ក្រោម​ផ្នែក​ខាងមុខ​ចំនួន​ ២ និង​ស្នាម​ជាំ​ជាច្រើន​កន្លែង​នៅលើ​ផ្នែក​នានា​នៃ​អវយវៈ និង​ដងខ្លួន​។

លោក ចៅ វុទ្ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​កណ្ដាល​ថ្លែងថា ជនសង្ស័យ​ត្រូវ​បាន​បញ្ជូនទៅ​តុលាការ​ខេត្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

អត្ថបទគួរចាប់អារម្មណ៍