​ភ្នំពេញ:​ សមត្ថ​កិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ​ពី​ម្សិល​មិញ​បាន​បញ្ជូន​ជន​សង្ស័យ​ចំនួន ​៦ នាក់ ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេ​ញ​ បន្ទាប់​ពី​សមត្ថ​កិច្ច​បា​ន​បង្ក្រាប​បទ​ល្មើស​កែ​ច្នៃ​ ជួញដូ​រ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀ​ន​​​ចំនួន​ ៣ ករ​ណី​ផ្សេងៗ​គ្នា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ដោយ​រឹប​អូស​គ្រឿង​ញៀន​ជិត ​៤ គី​ឡូ​ក្រា​ម និ​ង​សម្ភារ​មួយ​ចំនួន​ទៀត​។​

លោក ​ឡឹ​ក​ វណ្ណៈ ​នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​ថ្លែង​ពី​ម្សិល​មិញ​ថា ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​បញ្ជូន​ទាំង​សំណុំ​រឿង ​និង​ជន​សង្ស័យ​ចំនួន​ ៦​នាក់​ ទៅ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​​ថ្ងៃទី​ ២៩ ខែ​មេសា​ ដើម្បី​ឲ្យ​តុលា​ការ​ចាត់​ចែង​តាម​នីតិ​វិធី​ច្បាប់​បន្ត​ទៀត​។​

លោក​បន្តថា​ សមត្ថ​កិច្ច​ជំនាញ​នៅ​ថ្ងៃទី ​២៦​ ខែ​មេ​សា ​បាន​ស៊ើប​អង្កេត​ និង​បើក​កិច្ច​ប្រតិ​បត្តិ​ការ​បង្ក្រាប​ជាក់​ស្តែង​ក្នុង​ករ​ណី​កែរ​ឆ្នៃ​ ជួញ​ដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​ ៣ ​គោល​ដៅ​ផ្សេងៗ​គ្នា​ជា​បន្ត​បន្ទាប់។​ ជា​ពិសេស​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​អ្នក​ជំនាញ​ខាង​កែ​ច្នៃ​គ្រឿង​ញៀន​ម្នាក់ និង​មេក្លោង​ជួញ​ដូរ​គ្រឿង​ញៀន​យ៉ាង​សកម្ម​ម្នាក់​ផង​ដែរ​។​

លោក ​ឡឹ​ក វណ្ណៈ​ បញ្ជាក់​ថា៖​«​ស​មត្ថ​កិច្ច​យើង​បាន​បញ្ចប់​ការ​សាក​សួរ​រួចរាល់​ហើយ​ ដោយ​បាន​បញ្ជូន​ទាំង​សំណុំ​រឿង​និង​ជន​សង្ស័យ​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​ ២៩​ ខែ​មេសា​នេះ ​ប៉ុន្ដែ​តុលា​ការ​សម្រេច​យ៉ាង​ណា​ ខ្ញុំ​អត់​ដឹង​ទេ។ ស​ម​ត្ថ​កិ​ច្ច​​យើង​កំពុង​បន្ត​ធ្វើ​ការងារ​ទៀត​ គឺ​បន្ត​ស៊ើប​អង្កេត និង​បង្ក្រាប​ករណី​គ្រឿង​ញៀន​នេះ​»​។​

លោក​ គុជ ​គឹម​ឡុង​ ព្រះ​រា​ជ្ញា​រង​ និង​ជា​អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ពី​ម្សិល​មិញ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​សម្រេច​របស់​តុលា​ការ​នៅ​ឡើយ​។​

​តាម​របាយ​ការណ៍​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​បង្ហាញ​ពី​ម្សិលមិញ​ឲ្យ​ដឹង​ថា​ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ នៅ​ថ្ងៃទី​ ២៦​ ខែ​មេសា ​នេះ​ ដែល​ដឹក​នាំ​បញ្ជា​ដោយ​លោក​ អ៊ិន ​សុង​ នាយក​រង​ម​ន្ទី​រ សម្រប​សម្រួល​ដោយ​លោក ​ប្លង់ ​សុផល ព្រះរាជ​អាជ្ញារង​ និង​ក្រឡា​បញ្ជី​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេ​ញ ​បាន​ស៊ើប​អង្កេត​ និង​បើក​កិច្ច​ប្រតិ​បត្តិ​ការ​បង្ក្រាប​ជាក់​ស្តែង​ក្នុង​ករណី​កែរ​ឆ្នៃ​ ជួញ​ដូរ រក្សា​ទុក ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ ៣ ​គោល​ដៅ​ផ្សេង​ៗ​គ្នា​។​

របាយ​ការណ៍​បន្ត​ថា​ សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​នៅ​គោល​ដៅ​ទី១​ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ច្បារ​អំពៅ ​សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ ​គោល​ដៅ​ទី ២​ ត្រង់​ចំ​ណុច​ភូមិ​ស្រីស្នំ ​សង្កាត់​​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ ​និង​គោល​ដៅ​ទី ៣ ​នៅ​ចំណុច​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ ២ ​ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​។​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​សរុប​ចំនួន​ ០៦​ នាក់​។​

​​របាយ​ការណ៍​បន្ថែម​ថា​ ​សមត្ថ​កិច្ច​បាន​រឹ​ប​អូស​យក​វត្ថុតាង​គ្រឿ​ង​ញៀន​សរុប​ ៣៩៧.៥១ ក្រាម ក្នុង​នោះ​មាន​ប្រ​ភេទ​មេ​តំ​ហ្វេ​តា​មីន(ICE)​ ២៣.​៧៤ ក្រា​ម,​ អ៊ិ​ច​ស្តា​ស៊ី​(MDMA) ២៩.៥០​ ក្រាម,​ កេ​តា​មីន​(Ketamine) ​១៨៣.១៧ ​ក្រាម​,​ ​នី​មេ​តា​ហ្សា​ប៉ា​ម (Nimetazapam) ៦.៣០​ ក្រាម​,​ ​កញ្ឆា​ក្រៀម ​១៥៤.៨០ ​ក្រាម​, សារ​ធាតុ​មិន​ច្បាស់​លាស់ ​៣៤៦​៦.​២​៩ ក្រាម​, ជញ្ជីង​ថ្លឹង ០១​ គ្រឿង​,​ ​ម៉ូតូ ​២ ​គ្រឿង,​ ទូរ​ស័ព្ទ​ ៣ ​គ្រឿង,​ ឧប្ប​ករណ៍​កែ​ឆ្នៃ​គ្រឿង​ញៀន​ចំនួន​ ០១​ ឈុត​, សំ​​បក​​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន​ និង​មាន​ឧប​ករណ៍​ប្រើប្រា​ស់​គ្រឿង​ញៀន​មួយ​ចំនួន។​ បច្ចុ​ប្បន្ន​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​៕​