ភ្នំពេញៈ នគរបាលខណ្ឌសែនសុខនឹងបញ្ជូនសំណុំរឿងលុយដុល្លារក្លែងក្លាយទៅកាន់សាលាដំបូលរាជធានីភ្នំពេញនៅថ្ងៃចន្ទនេះ ដោយមានជនសង្ស័យស្រីប្រុស ៤ នាក់ ក្រោយពីបានឃាត់ខ្លួននៅក្នុងផ្ទះកោសជប់មួយកន្លែងស្ថិតក្នុងភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញថ្ងៃទី ២៩ ខែឧសភា។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខបានថ្លែងឲ្យដឹងកាលពីម្សិលមិញថា៖ «ពួកគេទាំង ៤ នាក់ ត្រូវសមត្ថកិច្ចខ្ញុំបញ្ជូនទៅតុលាការនៅថ្ងៃនេះហើយ (ថ្ងៃទី ៣១ ឧសភា) ដើម្បីឲ្យច្បាប់ចាត់ការបន្តតាមនីតិវិធី»។
លោក ហួរ ម៉េងវ៉ាង បានឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះ ទុយ ស្រី ភេទស្រី អាយុ ២៤ ឆ្នាំ ទី២- ឈ្មោះ សា ស្រីយ៉ា អាយុ ២៩ ឆ្នាំ ភេទស្រី ទី៣- ឈ្មោះ ញ៉េប ម៉ៅ អាយុ ៣៨ ឆ្នាំជាកម្មករសំណង់ និងទី៤- ឈ្មោះ ញ៉េប វណ្ណី អាយុ ២៤ ឆ្នាំ ជាកម្មករសំណង់ ហើយពួកគេក៏ជាម្ចាស់ទីតាំងម៉ាស្សានេះដែរ។
លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានថ្លែងឲ្យដឹងកាលពីម្សិលមិញដែរថា ពាក់ព័ន្ធនឹងលុយដុល្លារក្លែងក្លាយនេះ គឺមុនពេលកើតហេតុមានបុរសម្នាក់មកពីខេត្តកំពង់ចាមបានចូលទៅផ្ទះកោសជប់ខាងលើ។ ខណៈនោះមានស្ត្រីម្នាក់បានប្រាប់ឲ្យជនរងគ្រោះផ្លាស់សម្លៀកបំពាក់ហើយសម្លៀកបំពាក់ដែលផ្លាស់ចេញនោះត្រូវស្ត្រីម៉ាស្សាកោសជប់បង្គាប់ឲ្យជនរងគ្រោះព្យួរទុកមួយកន្លែង។
ចំណែកឯជនរងគ្រោះវិញត្រូវស្ត្រីម៉ាស្សានោះបង្គាប់ឲ្យដេកផ្កាប់មុខ ដើម្បីជប់ខ្យល់។ ពេលជនរងគ្រោះកំពុងដេកផ្កាប់មុខដើម្បីឲ្យគេជប់ខ្យល់ឲ្យស្រាប់តែគ្នីគ្នារបស់ជនសង្ស័យបានដកយកលុយក្រដាស ១០០ ដុល្លារ ក្លែងក្លាយចំនួន ១ ៤០០ ដុល្លារ ទៅប្តូរយកលុយដុល្លារពិតជាប្រភេទក្រដាស ១០០ ដុល្លារ ដូចគ្នាដាក់ក្នុងហោប៉ៅរបស់បុរសរងគ្រោះ។
លុះពេលកោសជប់រួចរាល់ហើយបុរសរងគ្រោះបានងើបឡើងស្លៀកខោ ពាក់អាវហើយបានដកលុយដើម្បីឲ្យថ្លៃកោសជប់។ ប៉ុន្តែពេលគាត់ដកយកលុយពីក្នុងហោប៉ៅខោរបស់គាត់ទៅកាន់ក៏មានអារម្មណ៍ថាលុយនោះមានភាពស្តើងហើយសន្លឹកលុយក៏ខុសប្លែកពីលុយពិតទើបជនរងគ្រោះសួរទៅស្ត្រីម៉ាស្សាកោសជប់នោះថា តើមាននរណាដកយកលុយរបស់គាត់ទេព្រោះលុយទាំងនោះមិនមែនជាលុយពិតទេ។ ប៉ុន្តែក្រុមជនសង្ស័យបាននាំគ្នាមកមើលហើយឆ្លើយថាពួកគេមិនបានប្តូរយកលុយនោះពីក្នុងហោប៉ៅជនរងគ្រោះទេ។
លោក ញាណ នន ថ្លែងថាជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញហើយលោកបានហៅជនទាំង ៤ នាក់ មកសាកសួរនៅប៉ុស្តិ៍នគរបាល។ ក្រោយសាកសួរពួកគេឆ្លើយថាពិតជាបានធ្វើសកម្មភាពបន្លំប្តូរលុយរបស់ជនរងគ្រោះមែន។ យោងតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕